Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រកឃើញ​អ្នកធ្វើដំណើរ មកពី​ប្រទេស​ជប៉ុន​២​នាក់​ទៀត ឆ្លង​វីរុស​កូ​វីដ​១៩ ថ្មី

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​២​នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​គិត​ត្រឹម​ម៉ោង​៧​និង​០០​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៩៧​នាក់ (​ស្ត្រី ៦០​នាក់ និង​បុរស ២៣៧​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន ៩​នាក់ (​ស្រី ២​នាក់ និង​បុរស ៧​នាក់​)​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន បាន​បញ្ជាក់ថា អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ទាំង​២​នាក់​នោះ គឺ បុរស​ជនជាតិខ្មែរ​អា​យុ ២៥​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​បុរស​ជនជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​រាំង​ដេក​ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ពួកគាត់​ទាំងពីរ​នាក់ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជ ធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា តាម​ជើងហោះហើរ​ខាងលើនេះ មាន​បុរស​ជនជាតិខ្មែរ​ពីរ​នាក់ ពេលមកដល់​កម្ពុជា បានធ្វើ​តេស្ត​លើក​ទី​១ ដោយ​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែលមាន​ម្នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ម្នាក់ទៀត​បានជា​សះស្បើយ​។ រីឯ អ្នកដំណើរ​ចំនួន ៣៥​នាក់ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេលនោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ​ចំនួន ២​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ (​ចំនួន ២៨​នាក់​) និង​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ៧​នាក់​។ ដូច្នេះ អ្នកដំណើរ​ដែល​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ៧​នាក់ ដែលមាន ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​អ្នកជំងឺ​ទាំងពីរ​នាក់​ខាងលើនេះ តម្រូវ​ឱ្យនៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤ ថ្ងៃ​បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​។​

​ក្រសួងសុខាភិបាល​បន្ត​ថា សម្រាប់​ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន​៥២​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ ។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៩៤៤​នាក់ សម្រាប់​ថ្ងៃ ទី​៤ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​១​នាក់ ជា​អង្គរក្ស​ផ្ទាល់​របស់​គណៈប្រតិភូ​ហុង​គ្រី កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក ដែល​ប៉ះពាល់​ទាំងអស់​ដែលមាន​លទ្ធផល តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​គេហដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​) ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន​៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្ដីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់​ធ្វើតេស្ត​រក វីរុស​កូ​វីដ​-១៩ ចាប់ពី​ម៉ោង​៧​និង​០០​ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ ៖ លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០, លើក​ទី ៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​និង លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×