Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​រក្សា​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​ការចម្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​ជំងឺ​វីដ​-១៩ ក្នុង​សហគមន៍ នៅក្នុង​ប្រទេស​កម្ពុជា ។​

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ជំងឺ​កូ​វីដ​-១៩ ឆ្លងតាម​ការប៉ះពាល់​តំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញពី​មនុស្ស​ម្នាក់ ទៅ​ប៉ះ​មនុស្ស​ម្នាក់ទៀត នៅពេល​បុគ្គល​ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ និយាយ​សើច ច្រៀង ក្អក ឬ​កណ្តាស់​ជាដើម​។ តំណក់​ទឹកតូចៗ​នោះ អាច​ខ្វាត​បាន​ប្រហែល​ជាមួយ​ម៉ែត្រ​កន្លះ ហើយ​អាច​ចូលទៅក្នុង​មាត់ ភ្នែក និង​ច្រមុះ​បុគ្គល ដែល​នៅ​ជិត​អ្នកមាន​វីរុស​កូ​វីដ​-១៩ តិចជាង​មួយ​ម៉ែត្រ​កន្លះ​ម៉ែត្រ​។ តំណក់​ទឹកតូចៗ​នេះ ក៏​អាច​ធ្លាក់​ទៅលើ​ផ្ទៃ​នៃ​វត្ថុ​នានា ហើយ​ឆ្លង​មក​មនុស្ស​ដោយ​បុគ្គល​យកដៃ​ទៅ​ប៉ះ​ផ្ទៃ​នៃ​វត្ថុ​ទាំងនោះ ហើយ​មក​ប៉ះពាល់​ជាមួយ​មាត់ ភ្នែក ច្រមុះ ដោយ​មិនបាន​លាង​សម្អាត​ដៃ​ឱ្យបាន​ត្រឹមត្រូវ​។​

ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ខ្ពស់ ដែល​ពិបាក​នឹង​ប៉ាន់ស្មាន​បាន​នៃ​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ចូលក្នុង​សហគមន៍ ក្រសួងសុខាភិបាល​សូម​ធ្វើការ​អំពាវនាវ និង​ណែនាំ​ដល់​បងប្អូន​សាធារណជន​ទាំងអស់ ត្រូវតែ​នាំគ្នា​បន្ត​កិច្ចការពារ​សុខភាពរ​បស់​ខ្លួន​ដោយ​បុគ្គល​គ្រប់រូប​ត្រូវ​អនុវត្តន៍​វិធានការ​សាមញ្ញៗ ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព រួមមាន​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ការរក្សា​គម្លាត​សុវត្ថិភាព បុគ្គល​ជា​ចំ​បាច់ រួម​ជាមួយនឹង​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត​ជានិច្ច និង​ការពាក់​ម៉ាស់​នៅពេល​ចាំបាច់ ជាពិសេស​ពេលធ្វើ​ដំណើរ ឬ​ចល័ត ឬ​មាន​បម្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​រួមគ្នា​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖

១) ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដោយ​៖ រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់ ទៅ​ម្នាក់ទៀត​ដូចជា អង្គុយ ឈរ ឬ​ឈរ​រង់ចាំ ឬ​ឈរ​ជជែក​គ្នា​ឱ្យនៅ​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើងទៅ​។ ជៀសវាង​ការ​ឱប ថើប ចាប់ដៃ ដោយ​ជំនួស​មកវិញ​នូវ​ការអនុវត្ត ការសំពះ ឬ​ការលើកដៃ​ជាស​ញ្ញា ឬ​ការ​ងក់ក្បាល​ដែលមាន​ចម្ងាយ​គម្លាត​ពីគ្នា​ឱ្យបាន​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើង​។ ក្នុងករណី​មានការ​ដឹកនាំ​ការប្រជុំ ការបណ្តុះបណ្តាល និង​សិក្ខាសាលា ត្រូវខិតខំ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ តែ​ក្នុងករណី​ដែល​ចាំបាច់​ខានមិនបាន​ត្រូវតែ​ធ្វើ​នៅ​ទីតាំង​ណាមួយ អ្នករៀបចំ​ត្រូវ​ធានាថា ទីកន្លែង​ប្រជុំ គឺ​ធំ​ទូលាយ មាន​ខ្យល់​ចេញចូល ត្រូវ​រៀបចំ​ឲ្យ​មានការ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើង វាស់​កំដៅ​បុគ្គល​ចូលរួម អ្នកចូលរួម​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ចាំបាច់ និង​អនុវត្ត​អនាម័យ​លាងដៃ​ជាប់​ជាប្រចាំ និង​ចៀសវាង​ការ​ទៅ​កៀក​គ្នា កាន់​គ្នា ឬ​ប៉ះពាល់​គ្នា​។ បុគ្គល​ដែលមាន​បញ្ហា​សុខភាព មិនត្រូវ​មក​ចូលរួម​នោះទេ​។​

២) ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​ដោយ​៖ ជៀសវាង ឬ​បើ​ចៀស​មិនបាន ត្រូវ​កាត់បន្ថយ​ឱ្យបាន​ជា​អតិប្បរមា​នូវ​ការជួប​ជុំគ្នា​ក្នុងសង្គម​ដែលមាន​មនុស្សម្នា​ច្រើន​ដូចជា​៖ ការរៀប​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​នានា មានដូចជា​ការជួបជុំ​គ្នា​ក្នុង ពិធីបុណ្យ​ជាតិ ពិធីបុណ្យ​សាសនា ពី​ធី​បុណ្យប្រពៃណី ឬ​ពិធីបុណ្យ​ផ្សេងៗ ការប្រគំ​តន្ត្រី ការ​ដើរលេង​ជួបជុំ បរិភោគ​អាហារ​ជាមួយ​មិត្តភក្តិ​ខាងក្រៅ​ផ្ទះ ការជួបជុំ​ពិធី​ខួបកំណើត ឬ​ការធ្វើ​ពិធី​ឡើងផ្ទះ​ក្នុង​ទ្រង់ទ្រាយ​ធំ ការធ្វើដំណើរ​កំសាន្ត​ប្រមូលផ្តុំ​គ្នាច្រើន​ជាដើម​។ ជៀសវាង​ការហាត់​ប្រាណ​ជា​ក្រុម​នៅតាម​ក្លិប ឬ​ហាត់​ជា​ក្រុម​នៅ​ទីតាំង​ដែលមាន​ការប្រមូលផ្ដុំ គ្នា​នៅក្នុង​ទីកន្លែង​បិទ​ជិត​។ ជៀសវាង​ទីកន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​។ អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លងជំងឺ ដូចជា​ជន​ចាស់ជរា ជន​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​ជាដើម មិនត្រូវ​ចូលរួម​ដំណើរ ជួបប្រជុំគ្នា ឬ​បើ​មានការ​ចាំបាច់​បំផុត​នោះ​ត្រូវតែមាន​ការអនុវត្ត​កិច្ចការពារ​ខ្លួន​ឱ្យបាន​ល្អ និង​ផ្ត​ល់ម​ធ្យោ​យ​បាយ​ជំនួស​វិញ ឧទាហរណ៍​ប្រើ​ទូរស័ព្ទ ប្រើ​ជា​សារ​សម្លេង ប្រើ​ជា​បែប​ទំនាក់ទំនង​តាម​វីដេអូ សម្រាប់​ការចូលរួម​របស់​ពួកគេ​។ លុបចោល ឬ​ពន្យារពេល​ការជួបជុំ ឬ​ការប្រជុំ និង​ព្រឹត្តិការណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ច្រើន​។ មិនគួរ​ចេញ​ក្រៅ​ផ្ទះ ទៅកាន់​ទីកន្លែង​ដែលមាន​មនុស្សម្នា​ច្រើន បើ​មិនចាំបាច់​។​

​ទន្ទឹមនឹង​ការអនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល និង​គម្លាត​សុវត្ថិភាព​សង្គម ដែល​បាន​ណែនាំ​ខាងលើនេះ សូម​សាធារណជន​យកចិត្តទុកដាក់​រក្សា​អនាម័យ​ឱ្យបាន​ស្អាត​ជានិច្ច ដោយ​លាងដៃ​ដោយ​ប្រើ ទឹកស្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល ទឹក​ដែល​លាងដៃ​ឱ្យបាន​ញឹកញាប់ ពាក់​ម៉ាស់​ឱ្យបាន​ត្រឹម​ត្រូវជា ប្រចាំ (​នៅក្នុង​ករណី​ចាំបាច់​) ឬ​ប្រើ​កន្សែង ឬ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់មាត់ និង​ច្រមុះ​ពេល​ក្អក កណ្តាស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×