Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានដ្ឋានជួលជុលរថយន្តមានជាង៨០០កន្លែង នៅរាជធានី បើត្រួតពិនិត្យឃើញថា មានតទ្រុងរថយន្ត ប្រឈមនឹងការបិទអាជីវកម្ម

spot_img

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ មានយានដ្ឋានជួលជុលរថយន្តជាង៨០០កន្លែង ហើយក្នុងចំណោមយានដ្ឋានទាំងនេះ ប្រសិនបើរកឃើញថាមានទីតាំងដែលប្រកបរបរអាជីវកម្មលួចតទ្រុង នោះ អាជ្ញាធររាជធានីនឹងបិទអាជីវកម្មទីតាំងនោះតែម្តង ។

នេះជាវិធានការថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤រោច ខែមាឃ ឆ្នាំ រការ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងក្រោយកិច្ចប្រជុំនេះថា ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីបានដាក់ចេញជាវិធានការយ៉ាងច្រើន ក្នុងនោះពាក់ព័ន្ធនឹងករណីកាត់រថយន្តតទ្រុង តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានដាក់ចេញជាវិធានការជាច្រើនផងដែរ ។

ពាក់ព័ន្ធនឹងការងារនេះលោកម៉េត មាសភក្តីបានបញ្ជាក់ថា ចាប់ពីម៉ោង០០ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨ កន្លងមកនេះ គឺលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការចូលរួមពីកងរាជអាវុធហត្ថ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងខណ្ឌទាំង១២ បានបង្កើតក្រុមការងារចំនួន១៦គោលដៅ ចុះធ្វើការត្រួតពិនិត្យរថយន្តធុនធំ ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ហើយរហូតមកដល់យប់ថ្ងៃ១៣ខែកុម្ភៈនេះឃាត់បានរថយន្តចំនួន២៦៦៣គ្រឿង ហើយក្នុងនោះមានចំនួន១៣០គ្រឿង គឺជារថយន្តដែលខុសលក្ខណៈខុសបច្ចេកទេស ហើយត្រូវបានអាជ្ញាធរនិងក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើការឃាត់ទុកនិងកំពុងតែកាត់ទម្លាក់ទ្រុង និងទីតាំងកន្លែងដែលមានលក្ខណៈខុសបច្ចេកទេស ដូចជាតខុស តលើសបន្ថែមផ្សេងៗជាដើម ត្រូវកាត់ចោលជាបណ្តើរៗហើយ។

លោកបន្តថា ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេទេសនេះ លោកអភិបាលរាជធានី ក៏បានដាក់បន្ថែមអោយមានក្រុមការងារចល័ត នឹងដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការរង់ចាំក្រោយពីទទួលបានដំណឹងពីអាជ្ញាធរខណ្ឌទាំងអស់ អំពីការឃាត់បាននូវរថយន្តខុសបច្ចេកទេស ក៏ប៉ុន្តែអាជ្ញាធររាជធានី បានទាមទារឲ្យមានក្រុមការងារជំនាញដើម្បីចុះទៅពិនិត្យថាតើរថយន្តដែលខុសនោះមានកម្រិតណា ហើយត្រូវកាត់និងត្រូវទម្លាក់ទ្រុង កាត់តទ្រុងនោះចោលកន្លែងណានោះ ។ អីចឹងក្រុមការងារចល័តនោះ នឹងចុះទៅធ្វើការងារនេះផ្ទាល់តែម្តង ។ ក្រុមការងារចល័តនេះ គឺជាក្រុមការងារថ្មីដែលដាក់បន្ថែមលើក្រុមការងារតាមគោលដៅទាំង១៦នោះ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ចោលរថយន្តតទ្រុងខុសបច្ចេកទេសមិនឲ្យមានចរាចរក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងយុទ្ធនាការនេះ គឺគ្រប់យានដ្ឋានជួសជុលរថយន្ត យានដ្ឋានតទ្រុងរថយន្តដែលអាជ្ញាធរក្តាប់បាន នឹងត្រូវចុះទៅបិទជាបន្ទាន់។

លោកបញ្ជាក់ថា យានដ្ឋានជួលជុលរថយន្តមានសរុបជាង៨០០កន្លែងនៅរាជធានីភ្នំពេញ យានដ្ឋានទាំងនេះនឹងមានការចុះទៅត្រួតពិនិត្យ ហើយបើរកឃើញទីតាំងណាធ្វើការតទ្រុងរថយន្ត អាជ្ញាធររាជធានីនឹងបិទអាជីវកម្មទីតាំងនោះតែម្តង ដើម្បីជាការព្រមាន៕ ដោយ៖កូឡាប

spot_img
×