Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករៀបចំ​សួន​មុខ​ប្រាសាទអង្គរវត្ត​ បង្ហាញ​ពី​ចំណាប់អារម្មណ៍ ​ដែល​បាន​បំពេញការងារ​សម្រាប់​អង្គរ​

spot_img

​សៀមរាប ៖ បច្ចុប្បន្ន​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​ប្រែ​មុខមាត់​ជាខ្លាំង លម្អ​ដោយ​ផ្កា សួន​ស្មៅ​ពណ៌​បៃតង និង​ដើមឈើ​ជាច្រើន​ដើម​។ ចំណែក​ទីលាន​បដិសណ្ឋារកិច្ច អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​សាងសង់​អគារ​ផ្តល់ព័ត៌មាន អគារ​សង្គ្រោះ​បឋម និង​អគារ​ផ្សេងៗ​ទៀត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​កម្រិតស្តង់ដា​រ​អន្តរជាតិ ដែល​គ្រោង​នឹង​បញ្ចប់​ការជួសជុល​ទាំងស្រុង​នា​ពាក់កណ្តាល​ឆ្នាំ​២០២១​ខាងមុខ​។​

​លោកស្រី ហូ សិលា ជា​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​រៀបចំ​សួន​បានឱ្យដឹងថា​៖ មិន​ដល់​១​ឆ្នាំ​ផង មុខ​ប្រាសាទ​អង្គរ​បាន​ប្រែជា​ស្រស់បំព្រង​ដោយ​ព្រៃឈើ ផ្កា និង​ស្មៅ​ខៀវស្រងាត់ ឃើញ​ហើយ​ស្រស់ថ្លា​ចិត្ត បាត់អស់​ភាព​នឿយហត់​ក្នុងការ​បំពេញការងារ​។

​ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បាន​រៀបរាប់ថា ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​អង្គរ​រយៈពេល​ចុងក្រោយ នឹង​លាន់មាត់​សរសើរ​ពី​សោ​ភណ្ឌ​ភាព​ដ៏​ស្រស់ស្អាត​និង​មាន​សណ្តាប់ធ្នាប់​ល្អ​នៅ​អង្គរ​មិន​ខាន​។ លោកស្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​យកចិត្តទុកដាក់​និង​ខិតខំ​កែលម្អ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុងនាម​ជា​អ្នក​បំពេញការងារ​រៀបចំ​សួន​មុខ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និង​លោកស្រី ជួន ស្រីមុំ បាន​អំពាវនាវ​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​អង្គរ​ថែរក្សា​បរិស្ថាន មាន​អនាម័យ ចោល​សំរាម​ក្នុង​ធុងសំរាម​ជានិច្ច ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​សាធារណជន​ទេ ក៏​មិនអាច​រក្សា​បរិស្ថាន​ឱ្យនៅតែ​ស្រស់ស្អាត​បានដែរ​។​

​លោក ពៅ ស៊ី​ណិ​ត បុគ្គ​លិ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ដឹកនាំ​រៀបចំ​សួន​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​បានឱ្យដឹងថា នៅ​ផ្លូវ​ចូល​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​នេះ​មាន​ដាំ​ប្រភេទ​ដើម​ផ្កា​ឆ្អឹង​មាន់​ខ្មៅ ផ្កា​ស្លឹក​ក្រហម និង​ស្មៅ​ជើង​ទា ស្មៅ​ជើងក្រាស់ ដែល​ធន់ សក្តិសម​ដាំ​នៅទីនេះ​ដែលមាន​មនុស្ស​ដើរ​ទៅមក​។

លោក​បន្តថា ក្រៅពីនេះ ក្រុមការងារ​ក៏​កាត់​ក្រី​មែកឈើ ដកហូត​ដើមឈើ​ដែលមាន​ហានិភ័យ​ចេញ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​ដាំ​ដើមឈើ​បន្ត​វេ​មានដូចជា ដើម​ធ្នង់ ដើម​ក្ងោក ដើម​នាងនួន ដើម​បេង ដើម​គគី​ជាដើម​៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×