Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាង​ច្បាប់ពាណិជ្ជកម្ម​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន​ពីរ ត្រូវបាន​អនុម័ត​យល់​ព្រម​ដោយ​ព្រឹទ្ធសភា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តំណាង​រាជរដ្ឋាភិបាល បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ដើម្បី​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ទីមួយ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ជប៉ុន (AJCEP – 1st Protocol) និង ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម (AFAS10) នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ដែល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ដោយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធាន​គណៈកម្មការ​ទី​៩ នៃ​ព្រឹទ្ធសភា បានធ្វើ​សេចក្តីរាយការណ៍​ជូន​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ថា ក្រោយពី​បាន​ពិនិត្យ​សិក្សា​លើ​ទម្រង់ ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់ ព្រមទាំង​ការឆ្លើយបំភ្លឺ​ពី​តំណាង​រាជរដ្ឋាភិបាល​រួចមក គណៈកម្មការ​បាន​យល់ឃើញថា សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ​រៀបចំឡើង​ស្របតាម​ទម្រង់ និង​គតិ​ច្បាប់​។ បន្ថែម​ពីនេះ គណៈកម្មការ​ទី​៩ ព្រឹទ្ធសភា បានអនុម័ត​ជា​ឯកច្ឆន្ទ​យល់ព្រម​ដោយ​ឥត​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​ទាំងពីរ និង​ស្នើសុំ​ដាក់បញ្ចូល​សេចក្តីព្រាងច្បាប់​ទាំងនេះ​ជូន​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ពិនិត្យ និង​អនុម័ត​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​ពិធីសារ​ទាំងពីរ​នេះ ព្រមទាំង​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​នៅពេល​ពិធីសារ​ទាំងពីរ​ចូល​ជា​ធរមាន​។​

​ក្រោយពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួចមក សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ក៏បាន​អនុម័ត​យល់ព្រម​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ទីមួយ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ជប៉ុន និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​អង្គប្រជុំ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រឹទ្ធសភា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ដែល​បានអនុម័ត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​នេះ​នឹង​ផ្ដល់នូវ​ប្រយោជន៍​ជា​សារ​វ័​ន្ដ​ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គួរ​ជម្រាប​ផងដែរ​ថា ពិធីសារ​ទីមួយ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ជប៉ុន នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​អាស៊ាន​-​ជប៉ុន មាន​ភាពល្អ​ប្រសើរឡើង ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​សេដ្ឋកិច្ចពិភពលោក តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​លើ​ពាណិជ្ជកម្ម​សេវាកម្ម បម្លាស់​ទី​រូបវន្តបុគ្គល និង​ការវិនិយោគ​។ ក្រោយពី​ពិធីសារ​នេះ​ចូល​ជា​ធរមាន​នឹង​ជំរុញ​ការទាក់ទាញ​វិនិយោគិន​និង​ធុរកិច្ច​ជន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន ហើយ​លំហូរ​នៃ​បច្ចេកទេស​និង​បច្ចេកវិទ្យា​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​។ កម្ពុជា​នឹង​អាចមាន​កាលានុវត្តភាព​កាន់តែច្រើន​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម ដោយសារ​អាស៊ាន​គឺជា​ទីផ្សារ​តំបន់​ដ៏​ធំ​មួយ ព្រមទាំង​អាច​ទាក់ទាញ​អ្នកវិនិយោគ​និង​ធុរជន​ពី​ប្រទេស​នានា​ក្នុង​អាស៊ាន មក​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​បង្កើត​ឱកាស​សម្រាប់​ធុរជន​កម្ពុជា ដែលមាន​បំណង​ពង្រីក​ទីផ្សារ​សេវាកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​នានា​ក្នុង​អាស៊ាន​។ លើសពីនេះ​ទៀត កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​លើ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង បំ​ណិ​ន និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ដោយផ្ទាល់​របស់​សមាជិក​អាស៊ាន​។ កម្ពុជា​នឹង​អាច​ប្រមូល​ចំណូល​ពន្ធអាករ​កាន់តែ​ច្រើន​ឡើងជា​ចំណូល​ជាតិ ដោយ​អនុលោម​ទៅតាម​ច្បាប់​សារពើពន្ធ​កម្ពុជា​ពី​ការធ្វើ​អាជីវកម្ម​ពាណិជ្ជកម្ម​សេវាកម្ម​របស់​សមាជិក​អាស៊ាន​ផ្សេងទៀត​នៅ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×