Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ជប៉ុន ដាក់​ទិសដៅ​៥​ឆ្នាំ​ជួយ​ពលរដ្ឋ​ចេះ​ដាំ​បន្លែ​តាមបែប​ទំនើប ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ជប៉ុន ម៉ា​យ៉ា​តុ​ហ្គ្រី​ន ខូ​អិ​ល​ធី​ឌី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ភាពជា​ដៃគូ​លើ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេះ​បច្ចេកទេស​ដាំ​បន្លែ និង​កសិផល​នានា​តាមបែប​ទំនើប​របស់​ជ​ប៉ុន ដើម្បី​ទទួលបាន​កសិផល​ដែលមាន​គុណភាព​-​សុវត្ថិភាព​ខ្ពស់​យកទៅ​ផ្គត់ផ្គង់​តម្រូវការ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍ និង​អាច​ឈានដល់​ការនាំ​ចេញទៅ​លក់​នៅ​ប្រទេស​ជប៉ុន​។​

​អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ជាមួយ​លោក ណា​បេ​ស៉ី​ម៉ា កាតស៊ូ​ហ៉ី​តុ (Nabeshima Katsuhito) ប្រធាន​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami MASAHIRO) ឯកអគ្គ​រាជ​ទូ​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទី​ស្ដី​ក្រសួងទេសចរណ៍​។​
​អនុស្សរណៈ​នេះ​ផ្តោតលើ​គោលដៅ​បួន​ចំណុច រួមមាន​ក្រវាត់បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ​។​

​ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គោលបំណង​នៃ​ការចុះ​អនុស្សរណៈ​នេះ​គឺ​ដើម្បី​គាំទ្រ​លក្ខណៈ​បច្ចេកទេស​ដាំ​បន្លែ​ដែលមាន​គុណភាព សុវត្ថិភាព​ខ្ពស់ (​គ្មាន​ជាតិគីមី​) សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ម្ហូបអាហា​រ​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ក្នុងប្រទេស និង​អាច​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀតផង​។ កិច្ចការ​នេះ​ក៏​ជំរុញ​ការយល់ដឹង​ទៅដល់​ប្រជាកសិករ​កម្ពុជា​ឱ្យ​ចេះ​ដាំ​ដុះ និង​ថែទាំ​បន្លែ​ក្នុងផ្ទះ​កញ្ចក់ (Green House) តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ដែល​ធានាបាន​នូវ​ស្ដង់ដា​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។​

​ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ បាន​បន្តថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១-២០២៥ នៅពេល​ផុត​អាណត្តិ​នេះ ភាគី​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​អំពី​ការបន្ត​គម្រោង​ទៅមុខទៀត​។ គម្រោង​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​ចាប់​អនុវត្ត​ចេញពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មុនគេ​បង្អស់ ដោយសារ​នៅ​ភូមិសាស្ត្រ​ស្រុក​នេះ​សម្បូរ​ទៅដល់​ប្រព័ន្ធធារាសាស្ត្រ ដូចជា​ស្ទឹង​ជី​និ​ត ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោចស្រព​ច្រើន​ខ្វាត់ខ្វែង​។ ចេញពី​ខេត្តកំពង់ធំ​នេះ​ទៅ គម្រោង​អភិវឌ្ឍន៍​នឹង​បន្ត​អនុវត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​បន្តទៀតថា នៅពេល​ផលិត​បានជា​បន្លែ និង​កសិផល​ផ្សេង​ទៀតហើយ ក្រុមហ៊ុន​ចែកចាយ​ដែលជា​គ្រុប​របស់​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន នឹង​នាំយកទៅ​ចែកចាយ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា​ក្នុង​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់​ភូមិភាគ​ឦសាន តំបន់ឆ្នេរ​សមុទ្រ ក៏ដូចជា​នៅ​ផ្សារ អ៉ី​អន ម៉​ល និង​នៅតាម​បុរី​លំនៅដ្ឋាន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែល​មកដល់​ពេលបច្ចុប្បន្ន ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​មាន​ទីផ្សារ​លក់​បន្លែ និង​កសិផល​នៅក្នុង​ដៃ​របស់ខ្លួន​ច្រើន​ដែរ​។​

​បើតាម​ឯកឧត្តម​អគ្គនាយក ថោង រដ្ឋ​ស័ក្តិ បន្លែ​ដែល​នឹង​អនុវត្ត​ការដាំដុះ​ដំបូង​មាន​ប្រមាណ ១០ មុខ ភាគច្រើន​ដែលជា​បន្លែ​ដាំ​លើដី រយៈពេល​ខ្លី និង​អាស្រ័យ​ទៅតាម​តំបន់​ដែល​អំណោយ​ផង​ដល់​ដំណាំ​នីមួយៗ​។ នៅពេល​ឈានដល់​ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន មុខ​បន្លែ​ដែល​ត្រូវ​ដាំ គឺជា​បន្លែ​ដែល​ប្រទេស​ដាំ​ដុះ​មិនបាន ឬ​នៅតាម​រដូវ​។ ឧទាហរណ៍​ដូចជា​នៅ​រដូវ​ត្រជាក់​ខ្លាំង ប្រទេស​ជប៉ុន​មិនអាច​ដាំ​ប៉េង​បោះ​បានឡើយ ប៉ុន្តែ​នៅ​កម្ពុជា​អាច​ដាំ​ដុះ​បាន ដូច្នេះ​ដំណាំ​ដែល​ប្រជាកសិករ​ខ្មែរ​ត្រូវ​ដាំ​គឺ​ប៉េង​បោះ ហើយ​ក្រុមហ៊ុន​នឹង​ជូនដំណឹង​អំពី​តម្រូវការ​នៅ​ប្រទេស​ជប៉ុន​ប្រាប់​ដល់​កសិករ​ខ្មែរ​។​

​លោក ណា​បេ​ស៉ី​ម៉ា កាតស៊ូ​ហ៉ី​តុ បានឱ្យដឹងថា ក្រុមហ៊ុន​យ៉ាម៉ា​តុ​ហ្គ្រី​ន​រ៉ាប់រង​លើ​ការផលិត វេច​ខ្ចប់ និង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ ពិសេស​គឺ​ប្រទេស​ជប៉ុន​។​

​លោក​បាន​បន្តថា ប្រជាជន​ជប៉ុន​បាន​ចាប់អារម្មណ៍​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា​លើ​ចំណុច​ដែល​ប្រជាកសិករ​ដាំ​ដុះ​បន្លែ និង​ដំណាំ​ផ្សេងៗ​នោះ​មិនសូវ​ប្រើ​ជីគីមី ឬ​សារធាតុ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព ខណៈ​ផ្ទៃដី​កសិកម្ម​នៅ​កម្ពុជា​ក៏​ធំ​ទូលាយ និង​សម្បូរ​ធនធានទឹក​សម្រាប់​ស្រោចស្រព​ច្រើន​ផងដែរ ដូចជា​ទន្លេសាប និង​បឹង​ទន្លេសាប ទន្លេមេគង្គ​ជាដើម ដែល​ប្រការនេះ​ពិតជា​អំណោយផល​ដល់​ការដាំដុះ​ដំណាំ​ខ្លាំងណាស់​។​
​ប៉ុន្តែ​ដោយសារ​ប្រជាជន​កម្ពុជា​និយម​ធ្វើ​តែ​កសិកម្ម​តាមបែប​ប្រពៃណី ទិន្នផល​ក៏បាន​ទាប បញ្ហា​សត្វល្អិត​ក៏​តែងតែ​យាយី​ដល់​ដំណាំ​របស់​ពួកគាត់ ដូច្នេះ​ទើប​ក្រុមហ៊ុន​យ៉ាម៉ា​តុ​ហ្គ្រី​ន​ស្ម័គ្រចិត្ត​ដាក់ទុន​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ​ឱ្យ​កាន់តែ​ទទួលបាន​ទិន្នផល​ខ្ពស់ មាន​ទីផ្សារ​លក់​ចែកចាយ​គ្រប់គ្រាន់ កសិផល​មានគុណ​ភាព​-​សុវត្ថិភាព​ខ្ពស់ ហើយ​ការដាំដុះ​ក៏​អាច​ជៀស​ផុតពី​សត្វល្អិត និង​រោគ​ដំណាំ​នានា​ផងដែរ​។​

​បើតាម​ប្រធាន​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​បាន​និយាយ ប្រជាពលរដ្ឋ​ជប៉ុន​មានការ​ជឿទុកចិត្ត​ចំពោះ​ផលិតផល​កសិផល​ដែល​នាំ​ចេញពី​កម្ពុជា ឱ្យតែ​ផលិតផល​ណា​ដាក់ថា «Made in Cambodia» គឺ​ពួកគេ​ពិត​ជាម​និយម​ចូលចិត្ត​ទិញយក​ទៅ​ទទួលទាន និង​ប្រើប្រាស់​ក្នុង​តម្រូវការ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​បាននិងកំពុង​រៀបចំ​ក​ម្ម​វិធី​គ្រប់មុខ​ព្រួញ​បានជា​ច្រើន​មកហើយ​ដែរ ដើម្បី​អនុវត្ត​កិច្ចការ​នានា​ខាងលើនេះ​។ ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ បានលើកឡើង​បន្តទៀតថា នៅពេល​គម្រោង​ចាប់​អនុវត្ត ប្រជាកសិករ​អាច​ទិញ​សិទ្ធិ​ប្រើប្រាស់​បច្ចេកទេស​ពី​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន ដើម្បី​ទទួលបាន​ការជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដាំ​ដុះ ថែទាំ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុងពេល​ដាំ​ដុះ ហើយ​នៅពេល​ទទួលបាន​ផល ប្រជាកសិករ​អាច​លក់​ទៅឱ្យ​ឈ្មួញ ឬក៏​អាច​ចុះកិច្ចសន្យា​លក់​ឱ្យ​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​វិញ​ផងដែរ ខណៈ​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន​មាន​ការធានា​អំពី​ទីផ្សារ និង​តម្លៃ​ត្រឹមត្រូវ​ជូន​ប្រជាកសិករ ពោលគឺ​មិនឱ្យ​ប្រជាកសិករ​ព្រួយបារម្ភ​អំពី​បញ្ហា​តម្លៃថោក​ហួសពេក គ្មាន​ទីផ្សារ​លក់ ឬ​លើស​តម្រូវការ​នោះឡើយ​។​

​ប្រជាកសិករ​ត្រូវ​ដាំ​ដុះ​បន្លែ និង​ដំណាំ​របស់ខ្លួន​នៅក្នុង​ផ្ទះ​កញ្ចក់ (Green House) ព្រោះ​ការធ្វើ​របៀបនេះ​នឹង​ការពារ​ដំណាំ​ពី​សត្វល្អិត និង​រោគ​ដំណាំ​ផ្សេងៗ រក្សា​សីតុណ្ហភាព​ដែល​អំណោយផល​ដល់​ការលូតលាស់​ដំណាំ និង​ងាយស្រួល​ក្នុងការ​ស្រោចស្រព ប្រមូល​ផល និង​ដាំ​ដុះ​ឡើងវិញ​ផងដែរ​។​

​ឯកឧត្តម​អគ្គនាយក​បាន​បន្ត​ឱ្យដឹងថា នៅពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​ផុត​ទៅ ស្ថានភាព​វិស័យ​ទេសចរណ៍​ពិភពលោក ក៏ដូចជា​កម្ពុជា​នឹង​វិល​មករក​ប្រក្រតីភាព​ឡើងវិញ ដូច្នេះ​តម្រូវការ​ម្ហូបអាហារ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា​នោះ​នឹង​កាន់​តែមាន​តម្រូវការ​ខ្ពស់ ដូចជា​ទីផ្សារ​សម្រាប់​លក់ និង​ចែកចាយ​បន្លែ កសិផល​របស់​កសិក​រ​ដែល​ចូលរួម​ជាមួយ​ក្រុម​យ៉ាម៉ា​តុ​ហ្គ្រី​ន​នេះ​នឹង​កាន់តែ​ធំ​ទូលាយ​។​

​ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ បាន​បន្តថា ក្រសួងទេសចរណ៍​នឹងចូលរួម​លើកទឹកចិត្ត​ដល់​ប្រជាកសិករ ឱ្យ​ងាក​បង្កបង្កើន​ផលដំណាំ​បន្លែ​តាម​បច្ចេកទេស​ជប៉ុន​នេះ​ឱ្យបាន​ច្រើន ព្រមទាំង​ចូលរួម​សម្រួលការ​ចែកចាយ​បន្លែ និង​កសិផល​របស់​ប្រជាកសិករ​ខាងលើ​ទៅកាន់​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ និង​ជួយ​ផ្សព្វផ្សាយ​ពី​គុណភាព​-​សុវត្ថិភាព​បន្លែ ផ្លែឈើ​របស់​ពួកគាត់​ទៅកាន់​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់​ភូមិភាគ​ឦសាន តំបន់ឆ្នេរ​សមុទ្រ​ជាដើម​។​
​លើសពីនេះ ក្រសួងទេសចរណ៍​នឹង​សហការ​រៀបចំ​តំបន់កសិកម្ម​ទាំងនោះ​ទៅជា​តំបន់​ក​សិ​ទេសចរណ៍ ទេសចរណ៍​ជនបទ​។ នៅពេល​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅតាម​កន្លែង​ទាំងនោះ ពួកគេ​អាច​លម្ហែ​កម្សាន្ត អាច​ភ្លក្ស អាច​ជ្រើសរើស​សម្រាប់​ឱ្យគេ​ចម្អិន​ធ្វើ​ម្ហូប​ទទួលទាន​ភ្លាមៗ អាច​ថតរូប​លេង​កម្សាន្ត ពិសេស​គឺអាច​ទិញ​ពី​កសិករ និង​បេះ​ខ្លួនឯង​យកទៅ​ចម្អិន​ទទួលទាន​នៅ​គេហដ្ឋាន​បាន​ទៀត​ផងដែរ ដូចដែល​ក្រសួងទេសចរណ៍​ចង់​ជំរុញឱ្យមាន​ការចេញចូល​នៅនឹងកន្លែង​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​កិច្ច​ចុះ​អនុស្សរណៈ​ខាងលើ គណៈប្រតិភូ​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ជប៉ុន​បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Nippon Express ស្ថិតនៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​រយៈពេល​ជាច្រើន​ម៉ោង​ផងដែរ​។ ក្រុមហ៊ុន Nippon Express ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​នានា​ដែល​នាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

​នៅក្នុង​ក្រុមហ៊ុន Nippon Express គេ​បានធ្វើ​បទ​បង្ហាញ​អំពី​ការ​វេច​ខ្ចប់​ដែលមាន​ការគិតគូ​រដ​ល់​ទំនួល​ខុសត្រូវ​លើ​ផលប៉ះពាល់​បរិស្ថាន ភាព​ស្អាត និង​បៃតង ខណៈ​ផលិតផល​ដែល​នាំចេញ​ទាំង​អម្បាលម៉ាន​សុទ្ធតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។​

​ក្រុមហ៊ុន Nippon Express មាន​បច្ចេកទេស និង​ឧបករណ៍​បរិក្ខារ​ក្នុងការ​វេច​ខ្ចប់​ទំនើប​តាមបែប​ស្ដង់ដា​ជប៉ុន ព្រមទាំង​មាន​ដៃគូ​យ៉ាងច្រើន​ក្នុង​ចែកចាយ​ផលិតផល​ទៅ​ជុំវិញ​ពិភពលោក​៕
ដោយ​៖CEN


spot_img
×