Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ទូកុងតឺន័រមិនលើសទេ

spot_img

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មិនបានកាត់ទូកុងតឺន័រនោះទេ គ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រពីព្រោះថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកដឹកទូកុងតឺន័រ។

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សមាគមដឹកជញ្ជូនកម្ពុជា (CAMTA) និងក្រុមហ៊ុនដឹកជញ្ជូនឯកជន ប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាការដឹកជញ្ជូនដោយប្រើរថយន្តសណ្តោងស៊ឺមីរ៉ឺម៉ក។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះផងដែរ ក្រុមហ៊ុនដឹកជញ្ជូនឯកជនបានលើកឡើងអំពីបញ្ហា និងការព្រួយបារម្ភរបស់ក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ស្ទឹងត្រង់-ក្រូចឆ្មារ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទ បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការឱ្យម៉ឺងមាត់ ចំពោះម្ចាស់យានយន្តទាំងឡាយណាដែលដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដោយបានតម្រូវឱ្យស្រុក និងខេត្តនីមួយៗពង្រីកការទទួលខុសត្រូវ របស់ខ្លួនចំពោះការដឹកជញ្ជូនលើសទម្ងន់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ដែលបានកសាងដោយចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។

សម្ដេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ថា៖ “ចាប់ពីសូន្យម៉ោងយប់ឆ្លងចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨ តទៅ ឱ្យតែមានឡានតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវចាប់បញ្ចូលទ្រុងទាំងអស់ ពីព្រោះ យានយន្តទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់ ដែលយើងរកលុយទាំងលំបាក លុយខ្លួនឯងផង លុយខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអីបានមកបំផ្លាញផ្លូវដើម្បីចំណេញក្រុមហ៊ុនមួយ?”។

ជាមួយគ្នាផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ក៏បានដាក់បទបញ្ជានេះដោយគ្មានការលើកលែង ដោយតម្រូវឱ្យចាប់យានយន្តដែលដឹកជញ្ជូនលើសទម្ងន់នៅកន្លែងណា កាត់ទ្រុងកន្លែងនោះ អ្នកណាដោះលែងអ្នកនោះមានទោសធ្ងន់ និងបានអំពាវនាវដល់ម្ចាស់យានយន្តដែលខុសលក្ខណៈបច្ចេកទេសទាំងឡាយ សូមយកយានយន្តរបស់ខ្លួនទៅកាត់ទ្រុងដែលខុសលក្ខណៈបច្ចេកទេស បើកាត់មិនទាន់ទេ សូមកុំធ្វើចរាចរណ៍នៅលើដងផ្លូវឱ្យសោះ។

លោកទេសរដ្ឋមន្ត្រី បានស្តាប់នូវរាល់បញ្ហា សំណូមពររបស់វិស័យឯកជន និងលើកបញ្ហាទាំងនេះ ដើម្បីស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា “យើងមិនកាត់កុងតឺន័រទេ យើងបានវាស់ពីក្បាលខាងមុខ ទៅខាងក្រោយ ហើយក៏គូសគំនូសបញ្ជាក់ថា កុងតឺន័រហ្នឹងទាំងក្បាលទាំងអីទៅវាលើស១៦ម៉ែត្រ។ សូមជម្រាបថា ក្នុងច្បាប់យើងឲ្យ១៦ម៉ែត្រ ហើយខ្នាតអន្តរជាតិ ប្រទេសណា ដែលមានផ្លូវពីរគន្លង គឺគេឲ្យ១៦ម៉ែត្រកន្លះ កុងតឺន័រ ៤៥នេះ បានដែរប្រសិនណាយើងយកក្បាលខ្លី ដឹកបានវាស់ទៅ វាជិត១៦ម៉ែត្រ ឬលើសបន្តិចបន្តួចក៏យើងអនុញ្ញាតដែរ។ ប៉ុន្តែផ្នែកឯកជនមួយចំនួននៅតែមានៈ គាត់យកក្បាលវែងរបស់អាមេរិកមកអូស មកដឹក ដល់ដឹកទៅវាលើសដល់ ១៨ម៉ែត្រខុសខ្នាតអន្តរជាតិចំពោះផ្លូវពីរគន្លងផង ធ្វើឲ្យកកស្ទះចរាចរណ៍ផង និងខុសច្បាប់ចរាចរណ៍ផង”។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ចំពោះការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី១៦ម៉ែត្រ និងទូកុងតឺន័រដែលមានប្រវែង៤៥ហ្វឺត បន្ទាប់ពីមានការចាប់រថយន្តកុងតឺន័រមានប្រវែងលើច្បាប់កំណត់ កន្លងមកថ្មីៗនេះ។

យោងតាមលិខិតស្នើសុំរបស់ GMAC បានឲ្យដឹងថា GMAC បានទទួលនូវសេចក្តីរាយការណ៍ពីសំណាក់សមាជិកជាច្រើន អមដោយក្តីកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធ នឹងបញ្ហារថយន្តដឹកជញ្ជូន ដែលមានប្រវែងលើស១៦ម៉ែត្រ និងកុងតឺន័រប្រវែង៤៥ហ្វឺត។ រថយន្ត និងកុងតឺន័រទាំងនោះជាច្រើនត្រូវ បានចាប់ឃាត់ទុកស្របច្បាប់ដោយអាជ្ញាធរ នាំទៅដល់ការរាំងស្ទះ នៃកង្វល់ផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្មក៏ដូចជា ការនាំចេញ។ បញ្ហានេះ បង្កជាការគំរាមកំហែងថ្មីមួយទៀត ដល់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលកំពុងតែប្រឈម និងការប្រកួតប្រជែងខ្លាំងលើទីផ្សារពិភពលោក និងពេលវេលាផលិតផលដែលអ្នកបញ្ជាទិញដាក់ឲ្យដែលកាន់តែខ្លីទៅៗ។

GMAC បានបញ្ជាក់ថា តាមការប៉ាន់ស្មានលើតួលេខ នៃប្រភេទកុងតឺន័រ និងលក្ខខណ្ឌរបស់រថយន្តបច្ចុប្បន្នដែលកំពុងផ្តល់សេវាដល់វិស័យឯកជនផ្នែកនាំចេញ-នាំចូល ការអនុវត្តតាមច្បាប់ជាធរមាន តឹងរឹងដូចក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់៥០ភាគរយ នៃកម្មភាពនាំចេញ នាំចូលរបស់រោងចក្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មន្ត្រីជំនាញរបស់លោក មិនបានកាត់ទូកុងតឺន័រនោះទេ ពោលគ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីអះអាងថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកអូស ឬដឹកទូកុងតឺន័
រទាំងនេះ ទើបធ្វើឲ្យមានការលើសប្រវែង ដែលខុសនឹងច្បាប់ចរាចរណ៍នៅកម្ពុជា តែបើប្រើក្បាលដឹក និងអូសខ្លីមិនមានបញ្ហាចោទនោះឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ដោយគិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ មានរថយន្ដជាង១ម៉ឺនគ្រឿង ត្រូវបានចាប់ត្រួតពិនិត្យ ដោយក្នុងនោះ​២៨៧គ្រឿង​បានកាត់ទ្រុង ១៦២គ្រឿង​ត្រូវបានរុះរើ និងដោះទ្រុង​ដែលរៀបចំតខុសបច្ចេកទេស និង៣២១គ្រឿង​ត្រូវបានចាប់ទុក​រៀបចំកាត់ជាបន្ដបន្ទាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×