Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់ទុក​ពិព័រណ៍​ការងារ​អន​ឡាញ គឺជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ឥត​ដែន​កំណត់

spot_img

​ភ្នំពេញ​៖ ពិព័រណ៍​ការងារ​អន​ឡាញ​នឹង​បង្កើតជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ឥត​ដែន​កំណត់​មួយ ពោលគឺ​និយោជក​អាច​ចុះឈ្មោះ​នៅលើ​ទំព័រ​អន​ឡាញ ដើម្បី​ផ្សព្វផ្សាយ​ពី​ស្លាក​សញ្ញា ឱកាស​ការងារ​ទំនេរ និង​គោលការណ៍​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន សំដៅ​ទាក់ទាញ​អ្នកដាក់ពាក្យ​ស្វែងរក​ការងារ​ដែលមាន​សក្តានុពល សមត្ថភាព និង​ជំនាញ​គ្រប់​ប្រភេទ​ពី​គ្រប់​ទីកន្លែង​។ សម្រាប់​អ្នកស្វែងរក​ការងារ​វិញ ពួកគេ​អាច​ចូល​មើល​ទំព័រ​ផ្សព្វផ្សាយ​ការងារ​ជា​ឯកជន​របស់​ក្រុមហ៊ុន​ជាច្រើន ដែលមាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជ្រើសរើស​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដែល​ខ្លួន​ចាប់អារម្មណ៍​ទៅកាន់​ក្រុមហ៊ុន​ច្រើនជាង​មួយ​, ក្នុងពេល​តែមួយ និង ពី​គ្រប់​ទីកន្លែង ហើយ​អាច​ទទួល​បានការ​ណាត់​ជួប​សម្ភាស​ពី​ក្រុមហ៊ុន​តាម​អន​ឡាញ ឬ​នាពេល​បន្ទាប់​ទៀតផង​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ចូលរួម​ថ្លែង​តាមរយៈ​វីដេអូ​ពី​ចម្ងាយ នាឱកាស​បើក «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០» ដែល​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

«​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០» ដែល​ត្រូវបាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៥ វិច្ឆិកា​នេះ​។ ពិព័រណ៍​ការងារ​អន​ឡាញ​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចខិតខំ​សហការ​រួមគ្នា​រវាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(NEA) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(UYFC) រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​។ ក្នុង​រយៈកាល​ជិត​មួយ​ទសវត្សរ៍​កន្លងមកនេះ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ បាន​ក្លាយជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​កៀរគរ​ប្រមូលផ្តុំ​និយោជក​ពី​គ្រប់​វិស័យ​ឲ្យ​ចូលរួម​តាំង​បង្ហាញ​ឱកាស​ការងារ និង​ជ្រើសរើស​បុគ្គលិក​ដែលមាន​សក្តានុពល ព្រមទាំង​បើកឱកាស​ទូលំទូលាយ​ស​ម្រា​ប់​សិស្ស និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ​ចូល​ទស្សនា និង​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដែល​ខ្លួន​ចង់​បំពេញ​យ៉ាង​សស្រាក់សស្រាំ​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង លើកឡើង​បន្តថា ពិព័រណ៍​ការងារ​នេះ​គឺជា​ការអនុវត្ត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​បង្កើន​ការបើកចំហរ​ឱកាស​ការងារ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការជួយ​បែងចែក​ឱកាស​ទាំងនេះ ឱ្យបាន​ទៅដល់​ប្រជាជន​គ្រប់រូប ប្រកបដោយ​តម្លាភាព និង​សមធម៌ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ទាំងអស់ ទៅជា​មុខរបរ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវការ​របស់​ភា​គី​ពាក់ព័ន្ធ​ក្នុង​ទីផ្សារការងារ​។ ប្រសិនបើ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​លប់បំបាត់​ទាំងស្រុង ការរៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ តាមរយៈ​ការជួប​ជុំគ្នា​ផ្ទាល់​នៅលើ​ទីតាំង​ធំ​ទូលាយ​ជាធម្មតា​។ ករណី​ស្ថានភាព​ជំងឺ​នៅ​បន្ត​គំរាមកំហែង និង​អូសបន្លាយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នឹង​បន្ត​ពង្រឹងសមត្ថភាព គុណភាព​សេវា ព្រមទាំង​បច្ចេកវិទ្យា​រៀបចំ​ពិព័រណ៍​ការងារ តាម​អន​ឡាញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ នាំយក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​។ ជាពិសេស​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព និង​ភាពសុខដុមរមនា​ក្នុងសង្គម ដែលជា​រតនៈសម្បត្តិ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន យើងទាំងអស់គ្នា​ត្រូវ​បន្ត​រក្សា​កេរដំណែល​នេះ ដើម្បី​បន្ត​ភាព​រីកចម្រើន ថែរក្សា​ការងារ​និង​មុខរបរ ពង្រីក​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​គួរ​ជម្រាបជូន​ផងដែរ​ថា នៅក្នុង​ពិព័រណ៍​អន​ឡាញ​នេះ មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស នាំមុខគេ​សំខាន់ៗ រួមទាំង ក្រសួង​-​ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​ប្រមាណ ៤០ ដែល​បាន​ចុះឈ្មោះ និង​ប្រតិបត្តិការ​នៅលើ​គេហទំព័រ​នៃ​ពិព័រណ៍​ការងារ​អន​ឡាញ ដែលមាន​ឈ្មោះ www.careerfair.nea.gov.kh ។ បន្ថែម​លើ​នេះ ពិព័រណ៍​នេះ​ក៏បាន​បង្ក​បរិយាកាស​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ក្រុមហ៊ុន និង​អ្នក​ចូល​ទស្សនា ឬ​ដាក់ពាក្យ​ស្វែងរក​ការងារ​បាន​ពី​គ្រប់​ទីកន្លែង និង​មិន​ធ្លាប់មាន​ពីមុនមក​។ ក្នុងន័យនេះ​ពិព័រណ៍​ការងារ នៅតែ​ដើរតួនាទី​ក្នុងការ​ផ្តល់ឱកាស​នៅ​មួយកន្លែង​ងាយ​ដោយ​ស្រួល​នៅលើ​ប្រព័ន្ធ​អន​ឡាញ ដល់​អ្នកស្វែងរក​ការងារ សិស្ស និស្សិត និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង មតិយោបល់​និង​អនុសាសន៍​ល្អៗ ពាក់ព័ន្ធ​នឹង​ការងារ អាជីព ជំនាញ ធនធានមនុស្ស និង​ការបង្កើន​ផលិតភាព​ការងារ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

http://artbees.deviantart.com/

spot_img
×