Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ថ្លែង​បញ្ជាក់​ពាក់ព័ន្ធ​នឹង​ការបារម្ភ​នានា​ដែល​គ្មាន​មូលដ្ឋាន របស់​សហរដ្ឋអាមេរិក អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បាន​ថ្លែង​បញ្ជាក់​របស់​ពាក់ព័ន្ធ​នឹង​ការបារម្ភ​នានា អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។

​ការឆ្លើយតប​របស់​ក​ម្ពុ​ជា​ទៅនឹង​ការសម្តែង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​ទាក់ទង​ប​នឹង​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ថា កម្ពុ​ជាមាន​ផែនការ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កងទ័ពជើងទឹក នៅ​មូលដ្ឋាន កងទ័ពជើងទឹក​រាម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៥ ដែល​បាន​ធ្វើឡើង​តាម​ប្រព​ន្ធ័​វីដេអូ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម រ៉ូបឺត អូ​ប្រាយ​អិន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​សម្តែង​ការ ព្រួយបារម្ភ ដូចខាងក្រោម​៖

“​សហរដ្ឋអាមេរិក​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ផែនការ​របស់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កងទ័ពជើងទឹក​បរទេស និង​បុគ្គលិក​របស់គេ នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ ឈូង​សមុទ្រ​ថៃ​។ វត្តមាន​កងទ័ពជើងទឹក​បរទេស​នៅ​កម្ពុជា នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ នៃ​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ការលើកកម្ពស់​សុវត្ថិ​ភាព​នាវាចរណ៍ និង​សេរីភាព​នៃ ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​នៅក្នុង​តំបន់​។​

​ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី ១៥ និង​បាន​ឆ្លើយតប​ទៅនឹង​ការ ព្រួយបារម្ភ​ដែល​គ្មាន​មូលដ្ឋាន របស់​សហរដ្ឋអាមេរិក ដូចខាងក្រោម​៖ “​ខ្ញុំ​សូម​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ ដែល​បាន​លើកឡើងថា ប្រទេស​កម្ពុ​ជាមាន​ផែនការ ឲ្យ​ដាក់​បរិក្ខារ និង​កម្លាំងយោធា​ចិន នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​។ ខ្ញុំ​ចាំបាច់​ត្រូវតែ​ឆ្លើយតប ពីព្រោះ​ការចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត និង​ការផ្សព្វផ្សាយ​រឿង​ដែល​គ្មាន​មូលដ្ឋាន​បែបនេះ អាចធ្វើឱ្យ​អន្តរាយ​ដល់​ការជឿទុកចិត្ត​គ្នា និង​បង្ក​អរិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​។​

​ដូចដែល​ខ្ញុំ​បានបញ្ជាក់​រួចមកហើយ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ហើយ នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ ក៏បាន​ធ្វើការ​បញ្ជាក់​ដូចគ្នានេះ ម្តង​ហើយ​ម្តង​ទៀតថា កម្ពុជា​គ្មាន ហើយ​ថ្ងៃមុខ​ក៏​នឹង​ពុំមាន​ដែរ នូវ​មូលដ្ឋាន​យោធា​បរទេស​ណាមួយ នៅលើ​ទឹកដី​របស់ខ្លួន​។ ខ្ញុំ សូមបញ្ជាក់​សាជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលការណ៍​ឯករាជ្យ និង​អព្យាក្រឹត តាម​សេចក្តី​ថ្លែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ហាម ឃាត់​ដាច់ខាត​នូវ​វត្តមាន​មូលដ្ឋាន​យោធា​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងនាម​ជា​ប្រទេសមួយ​ដែលមាន​អធិបតេយ្យ និង​ឯករាជ្យ មាន​បូរណភាព​ទឹកដី​ពេញលេញ ក្រោម​ការគ្រប់គ្រង​រប​ស់​រដ្ឋាភិបាល​ស្របច្បាប់ និង​មាន​សិទ្ធិ​ស្មើគ្នា​ដូច​ប្រជាជាតិ​ដទៃទៀត ក្នុង​តំបន់​ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក ប្រទេស​កម្ពុ​ជាមាន​សិទ្ធិ​ពេញលេញ និង​មិនអាច​កាត់ផ្តាច់​បាន ក្នុងការ​កែលម្អ​មូលដ្ឋាន​កងទ័ពជើងទឹក កំពង់ផែ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នាវាចរណ៍​របស់ខ្លួន ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងពេល​បច្ចុប្បន្ន ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។​

​គឺ​ដោយ​ហេតុផល​នេះ ហើយ​ដែល​មជ្ឈមណ្ឌល​សមុទ្ររ​បស់​យើង នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម ត្រូវបាន​ផ្លាស់​ទៅ​ទីតាំង​ថ្មី ប៉ុន្តែ​ក៏​នៅតែ​ស្ថិតក្នុង​តំបន់​គម្រោង​ជាមួយគ្នា ។ ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់​ដែលថា មជ្ឈមណ្ឌល​នេះ ត្រូវ​បិទ​ចោល នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ​បាន​អញ្ជើញ​មិត្តភក្តិ​បរទេស ដែល​ចាប់អារម្មណ៍​ទាំងអស់ ឲ្យ​ចូលរួម​ធ្វើ​ហិរញ្ញប្បទាន​ទ្រទ្រង់​ដល់​មជ្ឈមណ្ឌល​នេះ​។ យើង​ស្វាគមន៍​ចំពោះ​ការ​ផ្តល់ជំនួយ និង​ការបន្ត​ផ្តល់ជំនួយ​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និង​ប្រទេស​ដទៃទៀត ដរាបណា​ជំនួយ​នេះ មិន​រារាំង​យើង​ក្នុងការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×