Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ជាមួយនឹង​អាស៊ាន និង​ដៃគូ​នានា

spot_img

ភ្នំពេញ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) តាម​ប្រព័ន្ធ​វីដេអូ នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) លើក​ទី​៤ រួចមក ។​

​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) នៅ​ចំពោះមុខ​ប្រមុខ​ដឹកនាំ​កំពូល​សម្រាប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) ដែល​បាន​ជួបប្រជុំ​លើក​ទី​៤ តាម​ប្រព័ន្ធ​វីដេអូ​។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។​

​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ ជា​សមិទ្ធិផល​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​គាំពារ និង​លើកកម្ពស់​សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់ ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន ស្របតាម​គោលការណ៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ អា​សិប ក៏​ដើរតួនាទី​ជា​កាតាលីករ​មួយ​ផងដែរ ក្នុងការ​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន​នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​តំបន់​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានបញ្ចប់​។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នាពេលនេះ បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ​៖ (១) ប្រជាជន​ប្រមាណ ២.២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦.២ ទ្រី​លាន ដុល្លារ​អាមេរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង (៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (​ផ្អែកលើ​ទិន្នន័យ​ឆ្នាំ​២០១៩)​។

​សម្រាប់​កម្ពុជា ផ្អែក​តាម​លទ្ធផល​នៃ​ការចរចា និង​ការសិក្សា​របស់​វិទ្យាស្ថាន ERIA បាន​បង្ហាញថា ក្រោយពី កិច្ចព្រមព្រៀង​អា​សិប​នេះ​ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការនាំចេញ​របស់​ម្ពុ​ជា​នឹង​កើនឡើង​ចំនួន ៧,៣% វិនិយោគ​ចំនួន ២៣,៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) កើន​ចំនួន​ប្រមាណ ២% លើ ផសស ដែលមាន​បច្ចុប្បន្ន​។​

​នៅក្នុង​ឱកាស​នេះដែរ ប្រមុខ​ដឹកនាំ​អា​សិប​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ជា​សមាជិក​ព​ន្លឿ​ន​ការបញ្ចប់​នីតិវិធី​ក្នុងស្រុក​ក្នុង​ការផ្តល់​សច្ចាប័ន ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សំដៅ​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ អាច​ប្រើប្រាស់ និង​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​អា​សិប​នេះ​។

​ប្រមុខ​ដឹកនាំ​អា​សិប​ក៏បាន​បញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប​នៅតែ​បើកចំហ​ទទួល​ស្វាគមន៍​ភាគី​ឥណ្ឌា​ជានិច្ច នាពេល​អនាគត​ខាងមុខ​។ គួររំលឹកថា កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​រៀបចំ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ភាគី​កម្ពុជា​ចូលរួម ដឹកនាំ​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×