Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណោយ​ម៉ាស​ចំនួន​២​លាន​១​សែន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ​របស់​កម្ពុជា ត្រូវបាន​ប្រគល់ជូន​នាយករដ្ឋមន្ត្រី​ឡាវ​ហើយ​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អមដំណើរ​ដោយ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំង​មាន​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​នាំនូវ​អំណោយ របស់​រាជរដ្ឋាភិបាល​ដែលមាន ម៉ាស​ចំនួន​២​លាន​១​សែន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ ត្រូវបាន​ប្រគល់ជូន ឯកឧត្តម ថន​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​រួចហើយ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រទេស​ឡាវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា កម្ពុជា និង​ឡាវ​មាន​ចំណងមិត្តភាព ជា​បងប្អូន​ដ៏​យូរអង្វែង ដែល​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំងពីរ​កំពុង​បន្ត​ពូន​ជ្រុំ និង​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ជា​រៀងរាល់ថ្ងៃ​។ ប្រជាជន​យើង​ទាំងពីរ​បាន​កៀក​ស្មា​គ្នា តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​របប​អាណានិគមនិយម និង​ចក្រពត្តិនិយម ដើម្បី​ទទួលបាន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ សេរីភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​រៀងៗ​ខ្លួន​។ បច្ចុប្បន្ន កម្ពុជា និង​ឡាវ​ក៏មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផលប្រយោជន៍​ទៅ វិញ​ទៅមក​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​។ សម្តេច​ពិជ័យ​សេនា បាន​ជឿជាក់ថា ទំនាក់ទំនង​ល្អប្រសើរ​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រជាជាតិ​យើង នឹង​កាន់​តែមាន​ភាព​ស៊ីជម្រៅ រីកចម្រើន​រឹងមាំ នាំមក​នូវ​ភាព​សុខដុម និង​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​ជា​និរន្តរ៍ ដល់​ប្រជាជន​យើង​ទាំងពីរ ដែល​នឹង​រួមចំណែក​ផងដែរ​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។

​ការចូលរួម​វិភាគទាន​ថ្ងៃនេះ ដើម្បី​ជួយ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ឡាវ គឺជា​កាយវិការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ជា​បងប្អូន និង​សាមគ្គីភាព របស់​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​ឡាវ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក ទាំងមូល​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក លើ​សុវត្ថិភាព​នៃ​សុខភាព និង​សន្តិសុខ​មនុស្សជាតិ​។

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ​រួមមាន​៖ ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ២០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×