Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ ជាង​៧៥០​គ្រួសារ ទទួលបាន​ពូជ​បន្លែ​ចំនួន​៦​មុខ អំណោយ​សម្ដេច​ក្រឡាហោម ស ខេង ដើម្បី​យកទៅ​ដាំ​ដុះ​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ

spot_img

​បាត់ដំបង​៖ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​និង​មាន​ជីវភាព​ក្រីក្រ​ជាង ៧៥០​គ្រួសារ រស់នៅ​ក្នុងស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានទទួល​នូវ​ពូជ​បន្លែ​ចំនួន​៦​មុខ ជា​អំណោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​យកទៅ​ដាំ​ដុះ​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ ក្រោយពី​ទឹកជំនន់​ស្រក​។​

​អំណោយ​ពូជ​បន្លែ​ដែល​ចែកជូន​ពលរដ្ឋ​តាមរយៈ ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ស្រេង វង្ស​ហៀ​ង​និង​លោកជំទាវ សុ​ត សុវណ្ណ​ដា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ ដែល​ពូជ​បន្លែ​នេះ​ជាការ​ឧបត្ថម្ភ របស់​សភា​យុវ​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន បន្ទាប់ពី​ទឹក​ស្រក​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ដែលមាន​លទ្ធភាព​និង​មានទឹក​គ្រប់គ្រាន់ កំពុង​ធ្វើស្រែ​ស្ដារ​ជីវភាព​ឡើងវិញ ស្ទើរ​នៅ​ទូទាំង​ខេត្ត​និង​នៅ​តំបន់​ខ្លះ​ក៏បាន​ដាំ​ដំណាំ​ផ្សេងៗ ខណៈ​អាជ្ញាធរខេត្ត​ក៏​កំពុងធ្វើការ​ស្ដារ​ជួស​ជួល​កែលម្អ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​រង​ការប៉ះពាល់​និង​ខូចខាត​ដោយ​ទឹកជំនន់​កន្លងទៅ​។ ទន្ទឹង​នឹង​ការស្ដារ​នូវ​វិស័យ​កសិកម្ម​នេះ រាជរដ្ឋាភិបាល​និង​សប្បុរសជន​នានា បាន​ផ្ដល់នូវ​ពូជស្រូវ ពូជ​ដំណាំ​និង​សត្វ​ជាដើម ដល់​ពលរដ្ឋ​ក្នុង​ការជួយ​ស្ដារ​ជីវភាព​ឡើងវិញ​។​ក្នុងនាម​ជា​អាជ្ញាធរខេត្ត​នឹង​ខិតខំ​ប្រឹងប្រែង​ជួសជុល​កែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការប៉ះពាល់ ទៅតាម​ទីតាំង​អាទិភាព ក្នុងការ​បម្រើ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​គ្រប់គ្នា​។​

​ឯកឧត្តម ស្រេង វង្ស​ហៀ​ង អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​ជំរុញ​ពលរដ្ឋ​ទទួលបាន​ពូជ​បន្លែ ត្រូវខិតខំ​ដាំ​ដុះ​ថែទាំ ដើម្បី​អាច​ទទួល​ប្រយោជន៍​ពី​វា ទាំង​អាច​ទុក​បរិភោគ​ខ្លួនឯង​ផង​និង​លក់ដូរ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង​។ ក្រុមការងារ​ឯកឧត្តម​និង​សហការី​នឹង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ពលរដ្ឋ ក្នុង​មូលដ្ឋាន​ស្រុក​គាស់ក្រឡ​។​
​ពលរដ្ឋ​ដែល​ទទួលបាន​ពូជ​បន្លែ បាន​និយាយ​លើកឡើងថា​ការផ្ដល់​ពូជ​បន្លែ​ដល់​ពួកគាត់​នៅពេលនេះ គឺ​បាន​ឆ្លើយតប​ទាន់ពេលវេលា ខណៈ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​ជិត​អស់ ហើយ​ពួកគាត់​នឹង​អាច​យក​ពូជ​បន្លែ​ទាំងអស់នេះ​ទៅ​ដាំ​ដុះ​បាន​បណ្ដើរៗ​។​

​គួរបញ្ជាក់​ផងដែរ​ថា សភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​បន្ត​ចែក​ពូជ​បន្លែ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង មាន​៣​ស្រុក​ទៀត គឺមាន​ស្រុក​រតនមណ្ឌល ស្រុក​បាណន់​និង​ស្រុក​សំឡូត ដើម្បី​យកទៅ​ដាំ​ដុះ ហើយ​បន្ទាប់ពី​ទឹក​ស្រក​ទៅនេះ​ដែរ រាជរដ្ឋាភិបាល ក៏បាន​ផ្ដល់នូវ​ពូជស្រូវ ពូជ​បន្លែ​និង​កូន​ត្រី ដល់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ចំនួន​ជាង ១០ ៧០០​គ្រួសារ​ផងដែរ ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×