Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា អះអាងថា របាយការណ៍​របស់លោក​ស្រី សាស្ត្រាចារ្យ Mary Lawlor មាន​ភាពលំអៀង ជ្រើសរើស​តែមួយ​ជ្រុង និង​ធ្វើឱ្យមាន​ការខូចខាត និង​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទទួលបាន​ជាមួយ​ប្រភព​រដ្ឋាភិបាល​

spot_img

​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ បានចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឆ្លើយតប​ទៅ​លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បានចេញ​របាយការណ៍​ទាក់ទង​នឹង​ស្ថានភាព​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា ដោយ​លោកស្រី មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទទួលបាន ជាមួយ​ប្រភព​រដ្ឋាភិបាល​ទេ​។ បើ​ពិនិត្យមើល​ឱ្យ​កាន់តែច្បាស់ សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី មាន​ភាពលំអៀង ជ្រើសរើស​តែមួយ​ជ្រុង និង​ធ្វើឱ្យមាន​ការខូចខាត​។

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ បានចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូច ថា “​ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​” ។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ មានការ​ខកចិត្ត​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ចេញផ្សាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ទាក់ទង​នឹង​ស្ថានភាព​សង្គម​ស៊ីវិល​និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ ប្រទេស​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​គូសបញ្ជាក់ថា ការវាយតម្លៃ​លើ​ប្រទេសមួយ អាច​ជឿជាក់​បាន លុះត្រាតែ​ផ្អែកលើ​បរិបទ​ច្បាប់​និង​ហេតុការណ៍​ពិត​នៅនឹងកន្លែង ជាមួយនឹង​ប្រភពព័ត៌មាន​ដែលមាន ការផ្ទៀងផ្ទាត់ និង​ទស្សនៈវិស័យ​រួម​។ វិធីសាស្ត្រ​នេះ​មាន​លក្ខណៈ​ស្របទៅនឹង​ក្រមសីលធម៌​សម្រាប់ អ្នកទទួល​អាណត្តិ​នីតិវិធី​ពិសេស ជាពិសេស មាត្រា ៣ ៤ ៥ និង​៦) និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ នីតិវិធី​ពិសេស (​ជាពិសេស កថាខណ្ឌ ២៤ និង​៥០) ដែល​រៀបរាប់​លម្អិត​អំពី​គោលការណ៍​ទូទៅ​នៃ ការអនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​និង​មិន​លំអៀង សារសំខាន់​នៃ​ការប្រមូល​ព័ត៌មាន​ដោយមាន​ការ ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ការគោរព​ឱ្យបាន​ពេញលេញ​នូវ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​។​

​ជាការ​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង ដែល​លោកស្រី​សាស្ត្រាចារ្យ Lawlor ពុំបាន​គោរព​ឱ្យបាន​ម៉ត់ចត់ នៅក្នុង​ផ្នែក​ជាច្រើន​នៃ​នីតិវិធី​ដែល​បាន​រៀបរាប់​ខាងលើ ដែលជា​ហេតុ​ធ្វើឱ្យ​យើង​ត្រូវ​ចោទសួរ​លើ​ភាព គួរឱ្យ​ទុកចិត្តបាន​ចំពោះ​ទស្សនៈ​របស់លោក​ស្រី​មកលើ​កម្ពុជា ហើយ​ដែល​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​លើកយក​ចំណុច​មួយចំនួន​ខ្លះ​ប៉ុណ្ណោះ មក​បង្ហាញជូន ដូចខាងក្រោម ៖

​ទី​១៖ លោកស្រី​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទទួលបាន ជាមួយ​ប្រភព​រដ្ឋាភិបាល​ទេ​។ បើ​ពិនិត្យមើល​ឱ្យ​កាន់តែច្បាស់ សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​មាន​ភាពលំអៀង ជ្រើសរើស​តែមួយ​ជ្រុង និង​ធ្វើឱ្យមាន​ការខូចខាត​។ ស្ថាន​បេសកកម្ម​កម្ពុជា​បាន​បំភ្លឺ​នូវ​ហេតុការណ៍​ពិត​នៃ សភាពការណ៍​អស់ទាំងនោះ ជូន​ដល់​នីតិវិធី​ពិសេស ជាច្រើនលើក​ច្រើនសារ និង​បាន​ឆ្លើយតប​យ៉ាង​លម្អិត​ទៅនឹង​ការសាកសួរ​ជា​លាយលក្ខណ៍អក្សរ​ផងដែរ​។ ក៏ប៉ុន្តែ ព័ត៌មាន​ផ្លូវការ​បែប នេះ​ត្រូវបាន​បដិសេធ និង​មិនបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ការវាយតម្លៃ​រប​ស់លោក​ស្រី​នោះទេ​។​

​ទី​ពីរ​៖ លោកស្រី សាស្ត្រាចារ្យ Lawlor ពុំដែល​បាន​និយាយ​ទាល់តែសោះ​ថា ការអនុវត្ត​សេរីភាព នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅនឹង​ករណី កិច្ច ការទទួលខុសត្រូវ និង​ការ​រឹតត្បិត​ពិសេស​ដែល​កំណត់ដោយ​ច្បាប់ ដូច​មានចែង​នៅក្នុង មាត្រា​២៩ (២) នៃ​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ព្រមទាំង​មាត្រា​១៩ (៣) មាត្រា​២១ និង មាត្រា​២២ (២) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​។ វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា រួមទាំង​អ្នក​ដែល​គេ​ហៅថា “​អ្នកការពារ​សិទ្ធិមនុស្ស ដែរ ក្នុងការ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​ព្រំដែន​នៃ​ច្បាប់​។ ” ផង​

​ទីបំផុត មើលទៅ​ហាក់ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំ​ត្រូវបាន​គេ​ជូន​ព័ត៌មាន​ឱ្យបាន​ពេញ លេញ​អំពី​ការអនុវត្ត​សិទ្ធ​និង​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ដែល​ត្រូវឱ្យ​ស្របទៅតាម​ច្បាប់ ដូច​មានចែង​ក្នុង​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។ ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ដែល សហការ​ជាមួយ​អាជ្ញាធរ និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សន្តិសុខ​និង​សុវត្ថិភាព គឺជា​ការអនុវត្ត សេរីភាព ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របតាម​ច្បាប់​។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ គឺជា​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា​៥២២ នៃ ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​រំលឹក​អ្នករាយការណ៍​ពិសេស​ថា ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ ឬ អង្គការ​មិនមែន​រដ្ឋាភិបាល​ណាមួយ ពុំមែន​ជាការ​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​ម្នាក់ បំពាន​ច្បាប់​ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ បទល្មើស​ដែលមាន​ចែង​ក្នុង​ច្បាប់ គឺជា​បទល្មើស ហើយ​គេ​មិនអាច​ប្រើប្រាស់​សកម្មភាព​ខុសច្បាប់​នោះ ជា​ទឡ្ហីករណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​នោះទេ​។

​ជាទី​បញ្ចប់ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត បន្ត​ធានា​ការអនុវត្ត​សិទ្ធិ​និង​សេរីភាព​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ពលរដ្ឋ​ទាំងអស់​ដែល​គោរព​ច្បាប់ មិនមែន​សម្រាប់តែ​ក្រុម​ជាក់លាក់​ណាមួយ​នោះឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×