Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ពិភព​ដី​មាស​រង​ការចោទប្រកាន់ថា បាន​បោកប្រាស់​ប្រជាពលរដ្ឋ​រឿង​ដាក់​លុយ​វិនិយោគ​ដីធ្លី​

spot_img

​ភ្នំពេញ ៖ នៅពេលនេះ ក្រុមហ៊ុន​អចលនទ្រព្យ ពិភព​ដី​មាស បាន​រង​ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្តកំពត និង​ខេត្តកោះកុង​ថា បាន​បោកប្រាស់​ពួកគេ​ក្នុង​រឿង​ដាក់​លុយ​វិនិយោគ​លើដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​។​

​ស្របពេល​ជាមួយគ្នានេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់ បាននាំគ្នា​ទៅសុំ​ដក​លុយ​ជាង​១០​ម៉ឺន​ដុល្លារ ដែល​ពួកគាត់​បានដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​មិនទាន់​ឲ្យ​លុយ​នោះ​វិញ​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិន​វេស​ម៉ិ​ន ឯ​.​ក ដែល​កំពុង​រង​ការចោទប្រកាន់​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​លោក ហ៊ី គឹមហុង ជា​អគ្គនាយក​។ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​ការទិញ​លក់​ដី និង​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​លុយ​បន្ថែម​លើ​លុយ​ទិញ​ដី ដើម្បី​ជា​ថ្នូរ​បានការ​ប្រាក់​១០​ភាគរយ ពោលគឺ​លុយ​១​ម៉ឺន​ដុល្លារ​បានការ​ប្រាក់​១​ពាន់​ដុល្លារ​ក្នុង​មួយខែ​។​

​សម្រាប់​ប្រជាពលរដ្ឋ ដោយសារតែ​ចង់បាន​ការប្រាក់​ពី​ក្រុមហ៊ុន ពួកគាត់​បាននាំគ្នា​មក​ទិញ​ដី និង​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​។ បើតាម​ការបញ្ជា​ក់រប​ស់​ប្រជាពលរដ្ឋ​ប្រាប់​អ្នកយកព័ត៌មាន​គេហទំព័រ CEN តាម​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​ជាង​១០​នាក់ មកពី​ខេត្តកំពត និង​ខេត្តកោះកុង បាននាំគ្នា​មក​ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​សុំ​ដក​លុយ​វិញ​ដោយសារតែ​ប៉ុន្មាន​ខែ​ហើយ ក្រុមហ៊ុន​ពុំបាន​ផ្តល់​ការប្រាក់​តាម​កិច្ចសន្យា​នោះទេ ដោយបាន​ឲ្យ​ប្រាក់​ទៅ​ប្រជាពលរដ្ឋ​បន្តិចបន្តួច ដោយ​អ្នកខ្លះ​ទទួលបាន​ត្រឹ​៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​៩​ខែ​មកនេះ​។​

​នៅពេល​ពួកគាត់​សុំ​ដក​ប្រាក់​មកវិញ​ខាង​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​ជូន​ទេ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ទាំងនោះ មាន​អ្នកខ្លះ​បានដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចំនួន​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ ៣​ម៉ឺន​ដុល្លារ និង​មាន​ខ្លះទៀត​ដាក់​ប្រាក់​ច្រើន​ជាងនេះទៅទៀត​។​

​ដោយឡែក មាន​អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បានលើកឡើង​ស្រដៀង​គ្នា​នៅក្នុង Facebook ថា ពួកគេ​ពិបាក​ដក​ប្រាក់​ពី​ក្រុមហ៊ុន ហើយ​មាន​អ្នកខ្លះ​ទម្រាំ​តែ​ដក​ប្រាក់​បាន​ខាង​ក្រុមហ៊ុន​ព្រួត​គ្នា​តិះដៀល​ប្រមាថ​ជាដើម​។

​ប្រជាពលរដ្ឋ​ដែល​អះអាងថា ពួកគាត់​ជា​ជនរងគ្រោះ​ក៏បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តាជួយ​ដោះស្រាយ​ដល់​ពួកគាត់​ផង ពីព្រោះ​លុយ​ដែល​យកមក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ពិភព​ដី​មាស គឺ​បានមកពី​ការខ្ចី​ពី​ធនាគារ​។ ករណីនេះ មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​ដែល​បាន​លង់ខ្លួន​ដាក់​លុយ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​។​

​ទាក់ទង​ករណីនេះ អ្នកយកព័ត៌មាន​គេហទំព័រ CEN មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស បានទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​។ តែ​ទោះជា​យ៉ាងណា ក្រោយពេល​បញ្ហា​បាន​ផ្ទុះឡើង គេ​ឃើញ​ខាង​ក្រុមហ៊ុន ពិភព​ដី​មាស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ច្រានចោល​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ ដែល​កំពុងធ្វើការ​តវ៉ា ដោយ​ក្រុមហ៊ុន​លើកឡើងថា នេះ​ជាការ​ញុះញង់​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន មួលបង្កាច់​បង្ខូចឈ្មោះរ​បស់​ជន​អគតិ​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ទោះបី​ខាង​ក្រុមហ៊ុន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បដិសេធ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការស្នើសុំ​ដក​ប្រាក់​វិញ របស់​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ពិភព​ដី​មាស មាន​ចំនួន​កាន់តែ​ច្រើនឡើង ស្រប​ពេលដែល​ករណី​ស្រដៀង​គ្នា​នេះ ធ្លាប់បាន​កើតឡើង​ជាប​ន្ត​បន្ទាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ជាការ​កត់សម្គាល់ ភាគច្រើន​នៃ​ជនរងគ្រោះ គឺ​សុទ្ធសឹង​ជា​អ្នក​ស្គាល់គ្នា​ជិតដិត​ជាមួយ​ជនសង្ស័យ ឬ​ស្គាល់​តាម​គ្នា​ជាដើម និង​មាន​ករណី​ខ្លះទៀត​បានកើត​ឡើង​ទៅលើ​បុគ្គល​ល្បីឈ្មោះ​ក្នុងសង្គម និង​អ្នកសិល្បៈ​ល្បីឈ្មោះ​ជាដើម​។

​សូម​រំលឹកថា ក្រុមហ៊ុន ពិភព​ដី​មាស បាន​វិនិយោគ​លើ​ការទិញ​លក់​ដី ដោយ​ក្នុងនោះ​ដី​ចំនួន​២​ឡូ​តិ៍ ក្រុមហ៊ុន​បាន​លក់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​១​ម៉ឺន​ដុល្លារ ក្រុមហ៊ុន​សន្យា​ផ្តល់​ការប្រាក់​៣​ភាគរយ​ក្នុង​មួយខែ មានន័យថា អ្នក​ដែល​ទិញ​ដី​បានទទួល​ការប្រាក់​៣០០​ដុល្លារ​រយៈពេល​១៨​ខែ ហើយ​គ្រប់​រយៈពេល​២៤​ខែ ក្រុមហ៊ុន​នឹង​ទិញ​ដី​នេះ​វិញ ដោយ​អោយ​ប្រាក់ចំណេញ ៣០​ភាគរយ ពោលគឺ​រយៈពេល​២៤​ខែ​លុយ​១​ម៉ឺន​ដុល្លារ នឹង​ក្លាយជា​លុយ​១៣០០០​ដុល្លារ​។​

​សម្រាប់​លុយ​១​ម៉ឺន​ដុល្លារ​ទៀត ដែល​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន គឺ​បើ​ប្រជាពលរដ្ឋ​ដាក់កុង​ត្រា​៦​ខែ នឹង​ទទួលបាន​ការប្រាក់​១០​ភាគរយ ក្នុង​មួយខែ​មានន័យថា បាន​លុយ​១​ពាន់​ដុល្លារ រៀងរាល់ខែ​។ ក្រុមហ៊ុន​កំណត់​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ទុក​លុយ​នេះ រហូតដល់​រយៈពេល​៦​ខែ​ទើប​អាច​បើក​ទាំង​ដើម​ទាំង​ការ​បាន​សរុប​ចំនួន​១៦០០០​ដុល្លារ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ប្រជាពលរដ្ឋ​មិន​ចង់​ដាក់​ទុក​រហូតដល់​៦​ខែ​ទេ ពួកគាត់​នឹង​ទទួលបាន​ការប្រាក់​៧% ស្មើនឹង​៧០០​ដុល្លារ​អាមេរិក​ជា​រៀងរាល់ខែ សម្រាប់​រយៈពេល​៦​ខែ ។​

​នៅពេល​អនុវត្ត​ជាក់ស្តែង អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប្រជាពលរដ្ឋ​ពុំបាន​ទទួល​លុយ​ការប្រាក់​ទៅតាម​កិច្ចសន្យា​នោះទេ គឺ​ពួកគាត់​ទទួលបាន​តិចតួច​បំផុត ដោយ​អ្នកខ្លះ​ទទួលបាន​៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​ដល់​ទៅ​៩​ខែ​មកហើយ​។ ហើយ​នេះ​គឺជា​មូលហេតុ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​មកសុំ​ដក​ការប្រាក់ និង​ប្រាក់​ដើមពី​ក្រុមហ៊ុន​វិញ ព្រោះ​ខ្លាច​ក្រុមហ៊ុន​បោកប្រាស់​៕ ដោយ​៖ CEN​

 

spot_img
×