ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ បានច្រានចោលការចោទប្រកាន់ ថាអង្កររបស់កម្ពុជាដែលបាន និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
ទាំងនេះគឺជាការលើកឡើងរបស់ ឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូប។
សហព័ន្ធស្រូវអង្ករកម្ពុជាមានការហួសចិត្តចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើង ដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលី ដែលដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី។
សហ័ពន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ទង្វើរបស់អតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ គឺជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ ដែលតំណាងឱ្យប្រជាជនមួយភាគធំដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ហើយវិស័យស្រូវអង្ករនេះ បាននឹងកំពុងផ្តល់ការងារជូនប្រជាជនកម្ពុជាប្រមាណជា ៣៧% ឬ ជាង៣.២លាននាក់ ក្នុងនោះស្ត្រីចំនួនជាង ១.៦លាននាក់ ស្របពេលដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលហានិភ័យជំងឺរាតត្បាតកូវីដ១៩ គ្រោះរាំងស្ងួតកាលពីពាក់កណ្តាលរដូវវស្សា និងគ្រោះទឹកជំនន់ទឹកភ្លៀងចុងរដូវវស្សា។
សហព័ន្ធបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្នុងការដាំដុះដែលបានធ្វើឱ្យកិត្តិនាម នៃគ្រាប់អង្ករកម្ពុជាមានគុណភាព និងត្រូវបានទទួលស្គាល់ថា ជាអង្ករដែលល្អបំផុតលើពិភពលោក តាមរយៈពានរង្វាន់អង្ករល្អបំផុតផ្តាច់គេ នៅលើពិភពលោក ( The World Best Rice ) ក្នុងឆ្នាំ ២០១២ ២០១៣ ២០១៤ និងឆ្នាំ ២០១៨។ ការចោទប្រកាន់ដែលលើកឡើងដោយក្រុមអគតិមួយចំនួននោះគឺ ជាចេតនាអាក្រក់ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះអង្ករខ្មែរ និងមោទនភាពរបស់ប្រជាកសិករខ្មែរ។
សហព័ន្ធបន្ថែមថា ប្រជាកសិករខ្មែរដែលជាម្ចាស់ស្រែជាង ២.៥ លានហិកតា ដែលជាមរតកទទួល បានពីការបែងចែកដោយសមធម៌ ក្រោយរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំ ហើយដែលបានក្លាយជាមរតកប្រចាំគ្រួសារនីមួយៗនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការការពារ និងផ្តល់អត្ថប្រយោជន៍នានា ជាក់ស្តែងលើការផ្តល់ប័ណ្ណគ្រប់គ្រងកម្មសិទ្ធិដីធ្លីច្បាស់លាស់ ដល់ប្រជាកសិករជាម្ចាស់ស្រែ ដែលមិនអាចឱ្យជនណាមួយមករំលោភបំពាន ឬយកជាកម្មសិទ្ធិបានឡើយ ផ្ទុយពីអ្វីដែលពួកជនគ្មានមនសិការ និងអគតិមួយចំនួន បាននិងកំពុងតែប្រឌិតរឿងចង់បំផ្លាញកសិករខ្មែរ ដោយភ្ជាប់វិស័យស្រូវអង្ករខ្មែរជាមួយរឿងនយោបាយ។
ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ពន្ធលើដីស្រែ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្ម គ្រាប់ពូជកសិកម្ម សម្ភារ និងគ្រឿងយន្តកសិកម្ម ព្រមទាំងគោលនយោបាយអគ្គីសនីសម្រាប់កសិកម្មផងដែរ។
លើសពីនេះទៅទៀត ដើម្បីជួយដល់លំនឹងជីវភាពកសិករ ជាពិសេសស្ថិរភាពទីផ្សារស្រូវ រាជរដ្ឋាភិបាលកម្ពុជាបានជួយដល់កសិករ តាមរយៈកញ្ចប់ឥណទានពិសេស ផ្តល់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលធ្វើឱ្យលំនឹងទីផ្សារស្រូវមានស្ថិរភាព និងមានតម្លៃសមរម្យសម្រាប់កសិករក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ទោះបីជាស្ថានភាពទីផ្សារអង្កររបស់ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ មានការធ្លាក់ចុះតម្លៃប្រមាណជា ២៥% យ៉ាងណាក្តី ក៏តម្លៃទីផ្សារស្រូវនៅកម្ពុជាសម្រាប់កសិករនៅតែមានតម្លៃសមរម្យ និងមិនបានធ្លាក់ចុះទៅតាមនិន្នាការនៃទីផ្សារអង្ករលើពិភពលោកនោះឡើយ។
ក្រៅពីកិច្ចខិតខំជ្រោមជ្រែងដោយផ្ទាល់ រាជរដ្ឋាភិបាលកម្ពុជាក៏បានបើកទូលាយដល់បណ្តាប្រទេសជាមិត្ត ដែលមានកម្មវិធីអភិវឌ្ឍន៍ និងអង្គការអន្តរជាតិជាច្រើនឱ្យចូលរួមអភិវឌ្ឍន៍ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដែលក្នុងនោះក៍មានកម្មវិធីរបស់ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ផងដែរ។
ក្រៅពីនេះក៏មានអង្គការអន្តរជាតិនានាបានចូលរួមពង្រីកវិសាលភាពការងារបន្ថែមលើគម្រោងទីភ្នាក់ងារអភិវឌ្ឍន៍នានា ដោយបង្កើតជាកម្មវិធីតូចៗ ដែលអាចតាមដាន និងផ្តល់គុណតម្លៃបន្ថែម ដល់ការអនុវត្តការងារស្រូវអង្ករជួយលើកស្ទួយដល់ជីវភាពកសិករខ្មែរដែលមានដូចជា កម្មវិធីសមធម៌ពាណិជ្ជកម្មផ្នែកស្រូវអង្ករ (Rice Fair trade Program) កម្មវិធីគោលនយោបាយស្រូវនិរន្តរភាព (Sustainable Rice Platform) កម្មវិធីតាមដានការដាំដុះ (Rice Block chain) ជាដើម។
សហព័ន្ធស្រូវអង្ករកម្ពុជា សង្កត់ធ្ងន់ថា «សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់មួយនៃប្រទេសអូស្ត្រាលី និងសូមស្នើសុំកុំឱ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ»។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏សូមអំពាវនាវដល់ប្រជាកសិករ និងមហាជនទាំងក្នុងស្រុក និងក្រៅស្រុកសូមកុំឱ្យជឿតាមការប្រឌិត ការញុះញង់របស់ក្រុមជ្រុលនិយមទាំងនោះ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាកសិករខ្មែរទូទាំងប្រទេស សូមថ្លែងអំណរគុណដល់ប្រទេសនានា ជាពិសេសប្រទេសអូស្ត្រាលីដែលបាន និងកំពុងជួយដល់វិស័យស្រូវអង្ករកម្ពុជា ឱ្យមានភាពរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ៕
ដោយ៖CEN

Touch Sarun (right) ,32 , hold the first test of SIR harvest in rice field at Krang Samrer village in Phnom Srouch distict in Kampong Spue province 70km west of Phnom Penh,on 13 December 2011. Oxfarm American/Chor Sokunthea