Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ថ្មី​ចំនួន​០១​នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន​០២​នាក់ ក្នុងនោះ​មាន លោក សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣០៣​នាក់ (​ស្ត្រី ៦១​នាក់ និង​បុរស ២៤២​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ១២​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​ថ្មី​ម្នាក់ គឺជា​បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ ៥៦​ឆ្នាំ ស្នាក់​បុរី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១៦៥​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើនេះ​ផងដែរ​។ រីឯ អ្នកដំណើរ​ចំនួន ១៦៤​នាក់ ដែលមាន​លទ្ធ ផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​អនុវិទ្យាល័យ​បុរី ១០០​ខ្នង និង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ដោយឡែក​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​០២​នាក់ ក្នុងនោះ​មាន លោក សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា កន្លងមក និង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ បានធ្វើ​ដំណើរ មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០២០​។​

​ពួកគាត់​ទាំងពីរ​នាក់​ខាងលើ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ ០១​នាក់ (​ដូច​បាន​ជម្រាបជូន​ខាងលើ​) ដែល​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា នៅសល់​ចំនួន ០៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត​៕

ដោយ៖បញ្ញាស័ក្តិ

 

spot_img
×