Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស អតីត​ប្រធាន​មន្ទីរ សូ​រិ​យោ​ដី ខេត្ត​ព្រះសីហនុ ដាក់ពន្ធនាគារ ៧ ឆ្នាំ​ពិន័យ​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល និង​រឹបអូស​អចលនទ្រព្យ​ចំនួន​៣​កន្លែង​

spot_img

​ភ្នំពេញ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ឲ្យ ជនជាប់ចោទ នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ ជាប់ពន្ធនាគារ​៧​ឆ្នាំ និង​ពិន័យ​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល និង​រឹបអូស​អចលនទ្រព្យ​ចំនួន​៣​កន្លែង ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​ការប្រកាស​សាលក្រម​សម្រេច បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ចោទប្រកាន់​ផ្តន្ទាទោស​អតីត​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ​រូបនេះ​ពីបទ បំពាន​ធនធានធម្មជាតិ បទ​រំលោភ​អំណាច និង​ផ្ដល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​លោក នួន ប៉ុក ត្រូវ បាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃទី ១ មីនា ២០២០ ក្រោម​ការ​ចោទ ប្រកាន់​ពី​រំលោភ​អំណាច​បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ។ ការចាប់ខ្លួន នេះ ដោយសារ​មានការ​សង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៨ ។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា បាន​បន្ត​បើក​ការ​ស៊ើបសួរ​ទៅលើ​ជនជាប់ចោទ​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទី រ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ ពីបទ​រំលោភ​អំណាច​បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ ពាក់ព័ន្ធ​។

​សូមបញ្ជាក់ថា លោក នួន ប៉ុក ត្រូវបាន​គេ​ដឹងថា បាន​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ពី​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ១ ខែមីនា ឆ្នាំ​២០១៨ លោក​ត្រូវបាន​ផ្ទេរ​ចេញពី​តំណែង​នេះ​ទៅវិញ​។​

​អ្វី​ជាការ​កត់សម្គាល់ ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែល​ត្រូវបាន​គេ​ដឹងថា មាន​សន្ទុះ​នៃ​ការសាងសង់​សំណង់​ខ្លាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ការមកដល់​យ៉ាងគំហុក​នៃ​ជនជាតិ​ចិន​។ ប៉ុន្តែ​ជា​អកុសល កាលពី​ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ខេត្ត​ព្រះសីហនុ បាន​ជួប​ឧបទ្ទវហេតុ​នៃ​ការ​រលំ​បាក់​អគារ​កម្ពស់​៧​ជាន់ ដែល​បណ្តាល​ឲ្យ​កម្មករ​ខ្មែរ​២៨​នាក់​ស្លាប់ និង ២៦​នាក់​បាន​រងរបួស​។​

​សូម​បញ្ជាក់ដែរថា នេះ​មិនមែនជា​ករណី​ទីមួយ​ទេ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​កម្ពុជា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×