Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នក​នៅ​ជាមួយ ពុំមាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទេ​, ចាប់ពី​ថ្ងៃស្អែក​ ១៩​វិច្ឆិកា សម្តេច​នឹង​ចេញទៅ​ធ្វើការ​វិញ និង​បើក​សាលារៀន​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ គឺ​ល្អ​ណាស់​សម្រាប់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នក​នៅ​ជាមួយ ដែល​បានបង្ហាញ​ច្បាស់​ថា អវិជ្ជមាន​កូ​វីដ​-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា “​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ ! លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បានបង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វីដ​-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​”​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​ដូចនេះ​ចាប់ពី​ថ្ងៃស្អែក​១៩​វិច្ឆិកា​២០២០ ខ្ញុំ​នឹង​ចេញទៅ​ធ្វើការ​ឬ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃទី​៤
​វិច្ឆិកា​ឡើងវិញ​តែ​ខ្ញុំ​នៅតែ​មិនទាន់​ឱ្យ​កូន​និង​ចៅ​របស់ខ្ញុំ​មក​ផ្ទះ​របស់ខ្ញុំ​មួយរយៈ​ទៀត​ដើម្បី​ធានា​ឱ្យ​ប្រាកដថា​ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់ខ្ញុំ​នោះឡើយ​។ នេះ​ជា​ក្តី​ស្រឡាញ់​ដែល​ឪពុក​និង​ជីតា​ផ្តល់ឱ្យ​កូនៗ​និង​ចៅៗ​គឺ​សុវត្ថិភាព​
​របស់​កូនៗ​និង​ចៅៗ​ជាទី​ស្រឡាញ់​។ ក្នុងពេល​រង់ចាំ​ការធ្វើ​តេស្ត​ចំពោះ​បងប្អូន​ផ្សេងទៀត ខ្ញុំ​អាច​ប្រកាសជូន​ជ្រាបថា ព្រឹត្តិការណ៍​៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូចខាងក្រោម​៖

១.​សម្រាប់​ថ្ងៃ​១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន​១៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​)​ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន​៤​នាក់ ក្នុងនោះ​ជាសះស្បើយ​១​នាក់ និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត​ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល​ចំនួន​៦៧​នាក់ ខេត្តពោធិសាត់​ចំនួន​៤០​នាក់ ខេត្តព្រៃវែង​ចំនួន​២៣ នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។​

២.​សម្រាប់​ថ្ងៃ​២១​វិច្ឆិកា​២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន​១១​នាក់​។​

៣.​សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្តកំពង់ចាម​ចំនួន​១​នាក់​។​

៤.​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះវិហារ​ចំនួន​២០​នាក់ ខេត្តរតនគិរី​ចំនួន​១០​នាក់​។​

​សូម​រំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​មិនទាន់​ដល់​ថ្ងៃ ត្រូវ​បញ្ចប់​ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ប្រឈម​នឹង​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ឡើងវិញ ព្រោះ​ផ្នែក​សុខាភិបាល​កំណត់​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​យក​សំណាក​ដំបូង​មក​ធ្វើតេស្ត​។​

​ការដែល​យើង​អាច​ប្រកា​សបិទ​បញ្ចប់​បាន គឺ​នៅត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១៨០២​នាក់​នៅតាម​រាជធានី ខេត្ត​ចំនួន​១១ ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ ដែល​បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​។​

​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ពិតជា​ធំធេង​នឹង​ស្មុគស្មាញ ក្នុងការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជាច្រើន​ដែល​លំបាក​ដល់​ការស្វែងរក​។ ប៉ុន្តែ​ដោយ​ការដឹកនាំ​ត្រឹមត្រូវ មានការ​ខិតខំ មាន​សាមគ្គីភាព​និង​សហការ​ល្អ យើង​អាច​ធ្វើបាន​ដោយ​រកឃើញ​គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិនឱ្យ​បាត់ដាន ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍ បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង​។​

​បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេលនេះ ក៏ដូចជា​ពេលកន្លងមក គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​ប្រមុខ​រាជរដ្ឋាភិបាល បាន​លើកឡើងថា “​ឆ្លៀត​យក​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួអង្គ​ពាក់ព័ន្ធ ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ហ៊ាន​ប្រឈម​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​។ ខ្ញុំ​សូម​ផ្ញើជូន​នូវ​ការគោរព​និង​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត ដោយ​ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់​។​
​ខ្ញុំ​ក៏​សូម​អរគុណ​ផងដែរ​ដល់​បងប្អូន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់​
​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​”​។​

​បងប្អូន​ជនរួមជាតិ​ជាទីគោរព​! ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា មិនមែន​មានន័យថា យើង​បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩​នោះទេ ផ្ទុយទៅវិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន ដើម្បី​ទប់ស្កាត់​ឃាដករ​លាក់​មុខ ដែល​យើង​មើលមិនឃើញ​តាមរយៈ​ការពាក់​ម៉ាស ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ត្រូវ​ចងចាំ​ថា ប្រជាជន​ក្នុង​លោក​និយាយ​ជារួម នឹង​ប្រជាជន​កម្ពុជា​និយាយ​ដោយឡែក​ស្អប់​កូ​វីដ​១៩​ខ្លាំងណាស់ តែ​កូ​វីដ​១៩​មិន​ត្រឹមតែ​មិន​ស្អប់​យើង​វិញ​នោះទេ តែ​វា​ថែមទាំង​ស្រឡាញ់​យើង​ទៀតផង ដែល​ការស្រឡាញ់​របស់​វា​មកលើ​យើង​នឹងធ្វើ​ឱ្យ​យើង​ស្លាប់ ឬ​ខូចខាត​សុខភាព​តែប៉ុណ្ណោះ​។​
​ត្រូវ​ចងចាំ​ថា​ការដែល​កម្ពុជា មាន​មនុស្ស​ឆ្លង​តិច​នឹង​មិនមាន​មនុស្ស​ស្លាប់​មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ ដែលមាន​ឈាមក្រហម ពិសេស​អាច​ប្រឆាំង​ជាមួយ​កូ​វីដ​១៩ បាន​ដូច​មនុស្ស​ខ្លះ​បាន​អះអាង​នោះទេ (​ខ្ញុំ​សង្ឃឹមថា​អ្នកអះអាង​បែបនេះ នឹងមាន​សេចក្តីក្លាហាន​ពិតប្រាកដ​ចូលទៅ​បម្រើ​អ្នក​កើត​កូ​វីដ​១៩ ដោយ​មិនមាន​សម្ភារ​ការពារ​ខ្លួន តើ​ឆ្លង​ឬ​មិន​ឆ្លង​? ដើម្បី​បានជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យា​ស្ត្រ​ផង នឹង​ដើម្បី​កូន​ខ្មែរ​ដែលមាន​ឈាមក្រហម ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង​។ ប្រសិនជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នុង​លោក​) ។ ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ​ដែល​ធ្វើឱ្យ​កូ​វីដ​១៩ មិនអាច​ឆ្លង​ចូល​បាន​នោះដែរ​។
​ជោគជ័យ​របស់​យើង​បានមកពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិប្បញ្ញត្តិ​​ស្ថាប័ន​នីតិប្រតិបត្តិ ដែលមាន​ក្រសួងសុខាភិបាល ពិសេស​ក្រុមគ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ ដ៏​មាន​ប្រសិទ្ធភាព​នឹង​សំខាន់​ជាងនេះទៀត គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្ត​នូវ​វិធានការ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដោយ​ក្រសួងសុខាភិបាល ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់ ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជនរួមជាតិ​គ្រប់រូប នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រមទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា​សម្ភារ ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​បើតាម​សម្តេច​តេ​ជោ យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ
​ព្រមទាំង​ធ្វើឱ្យ​សភាពការណ៍​គ្រប់ផ្នែក​គ្រប់​វិស័យ វិល​ទៅរក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិ​ច្ឆ​កា​ឡើងវិញ តែ​ការប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩ នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើងទាំងអស់គ្នា​ដដែល​។​
​ព្រឹត្តិការណ៍​៣​វិ​ច្ឆ​កា​បាន​បង្រៀន​យើង​បាន​រំលឹក​យើង បាន​ដាស់តឿន​យើង​និង​​បាន​ណែនាំ​យើង​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ទើប​អាច​យកឈ្នះ​លើ​កូ​វីដ​១៩​បាន​។ ត្រូវ​ម្ចាស់ការ​ទប់ស្កាត់​ជាមុន​តាម​វិធី​ការពារ​ប្រសើរ​ជាង​ការ ព្យាបាល​។​
​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×