Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​ហានិភ័យ​មែនៗ​! ធ្វើជា​អ្នកស្ម័គ្រចិត្ត​ជិះ​ម៉ូតូ​សុំ​ផ្លូវ​ឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ យុវជន​ម្នាក់​ត្រូវ​ជួប​គ្រោះ​អកុសល​ខ្លួនឯង​បណ្តាល​ឲ្យ​….

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​សុំ​ផ្លូវ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ស្រាប់តែ​ទាក់​ដៃចង្កូត​នឹង​រថយន្ត​ហាយ​ឡេ​ឌ័​រ​១​គ្រឿង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ ហើយ​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា ម៉ោង​ប្រមាណ ៥ ល្ងាច ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​បើតាម​មិត្តភក្តិ​ម្នាក់​របស់​សព​យុវជន​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មិត្តភក្តិ​របស់ខ្លួន​ឈ្មោះ ចក់ ទី អាយុ ២១​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​រថយន្ត​សង្គ្រោះ មកពី​ខេត្ត​ចូល​រាជធានី​ភ្នំពេញ ក៏​ស្រាប់តែ​ទាក់​ដៃចង្កូត​នឹង​រថយន្ត​ឡាយ​ឡិន​ឌ័​រ​ពណ៌​ខ្មៅ​១​គ្រឿង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ជាច្រើន​ម៉ែត្រ និង​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​។​

​ទាក់ទង​នឹង​ការបើក​ម៉ូតូ​នាំ​ផ្លូវ​រថយន្ត​សង្គ្រោះបន្ទាន់​នេះ​ផងដែរ មិត្តភក្តិ​ជនរងគ្រោះ​ជា​ក្រុម​ស្ម័គ្រចិត្ត ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ឱ្យតែ​ឃើញ​រថយន្ត​សង្គ្រោះ​មិន​ថា​មកពី​ខេត្ត ឬ​ក្នុង​ក្រុង​នោះទេ ក៏​ទំនាក់​ទូរស័ព្ទ​ហៅ​គ្នា ដើម្បី​ជិះ​ម៉ូតូ​នៅ​ពីមុខ​រថយន្ត​សង្គ្រោះ ដើម្បី​សម្រួល​ចរាចរណ៍​ដោយ​មិន​គិតពី​ថវិកា​នោះទេ ជា​ទឹកចិត្ត​ប៉ុណ្ណោះ​។

​តែ​យ៉ាងណា ទង្វើ​របស់​ពួកគេ ក៏ត្រូវ​បាន​ប៉ូលិស​ប្រចាំ​គោលដៅ​ចរាចរណ៍ ហៅ​ឃាត់​សួរនាំ​ផងដែរ ព្រោះ​ម៉ូតូ​ស៊ី​ផ្លេ​ឮ​ខ្លាំងៗ​បង្ក​ការរំខាន​ដល់​អ្នកដំណើរ​។ ប៉ុន្តែ​នៅពេល​រកឃើញថា ពុំមែន​ជា​សាច់ញាតិ​គ្រួសារ​អ្នកជំងឺ សមត្ថកិច្ច​ក៏បាន​ណែនាំ​ថា ធ្វើបែបនេះ​គឺ​ខុស​ហើយ ព្រោះថា​ពុំ​ត្រឹមតែ​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ក៏បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ផងដែរ ខណៈ​ឡាន​ម៉ូតូ​បើក​ឆ្លងកាត់​ចរាចរណ៍​ដែល​កំពុងស្ថិត​ក្នុង​ភ្លើង​ខៀវ​។​

​ពិតមែន​ហើយ ការបង្ក​ការភ្ញាក់ផ្អើល​ម្តងៗ​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងនោះ ក៏បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រៀវ​បុក​ពោះ​ជំនួស​ជាខ្លាំង ព្រោះថា​យុវជន​ខ្លះ ជិះ​ម្នាក់ឯង ដៃ​ម្ខាង​លើក​សុំ​ផ្លូវ ដៃ​ម្ខាង​កាន់ចង្កូត និង​សូម្បី​ពុំមាន​ភ្លើង​សញ្ញា​សម្គាល់​អ្វីមួយ ទាំង​ផ្លូវ​កន្លែង​ខ្លះ​ចរាចរណ៍​ចង្អៀត​ឆ្លងកាត់​លឿនៗ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។ ហើយ​បើ​យើង​ឃើញ​ការបើកបរ​របស់​ពួកគាត់​នៅក្នុង​វីដេអូ​វិញ គឺ​រឹតតែ​ស្រៀវ​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​

spot_img
×