Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ តាម​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់

spot_img

​បាត់ដំបង ៖ លោក ហា​ជិ​មិ សៃ​តុ នាយក​សហព័ន្ធ​សន្ដិភាព​សកល​ឥណ្ឌូចិន​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ប្រាំបី​លាន​រៀល ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​បន្ត​ចាត់ចែង​រៀបចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុងការ​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ទោះបី​ស្ថានភាព​ទឹកជំនន់​បាន​ធូរស្បើយ​ក៏ដោយ ក៏​សកម្មភាព​ផ្ដល់​អំណោយ តាម​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតែ​បន្ត​យ៉ាង​សស្រាក់សស្រាំ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​សូម​ថ្លែងអំណរគុណ​ដល់​លោក ហា​ជិ​មិ សៃ​តុ នាយក​សហព័ន្ធ​សន្ដិភាព​សកល​ឥណ្ឌូចិន ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា ជូន​ដល់​រដ្ឋបាលខេត្ត ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្តបាត់ដំបង ក្នុង​គ្រា​ដែល​កំពុងតែ​ជួប​ការលំបាក​មួយរយៈ​ពេល​ថ្មីៗ​នេះ ដែល​គួសបញ្ជាក់​ពី​ការជួយ​គ្នា​ទៅវិញទៅមក​។ បើទោះបី​ស្ថានភាព​ទឹកជំនន់ ក្នុង​ខេត្តបាត់ដំបង បាន​ធូរស្បើយ​ទាំងស្រុង​ក៏ដោយ ក៏​ការងារ​ជួយសង្គ្រោះ តាមរយៈ​ការផ្ដល់​ស្បៀង​ដល់​ពលរដ្ឋ​រងគ្រោះ របស់​អាជ្ញាធរខេត្ត​នៅតែ​បន្ត ហើយ​សកម្មភាព​នេះ ដែលមាន​ការចូលរួម​ជា​បន្ត​បន្ទាប់ពី​សំណាក់​សប្បុរសជន អង្គការ​សង្គម​ស៊ីវិល ដែលមាន​ដូចជា​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​និង​ថវិកា​ជាដើម​។​

​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ហា​ជិ​មិ​សៃ​តុ នាយក​សហព័ន្ធ​សន្តិភាព​សកល​ឥណ្ឌូចិន បាន​ដឹកនាំ​គណៈប្រតិភូ នាំយក​ថវិកា​មួយចំនួន ផ្ដល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង ដើម្បី​យកទៅ​ប្រើប្រាស់ ក្នុង​ការងារ​ជួយសង្គ្រោះ​ពលរដ្ឋ ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំ​២០២០​នេះ​។​

​ហា​ជិ​មិ សៃ​តុ នាយក​សហព័ន្ធ​សន្ដិភាព​សកល​ឥណ្ឌូចិន បាន​មានប្រសាសន៍ថា ក្នុងនាម​សហព័ន្ធ​សន្តិភាព​សូម​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ទឹកជំនន់​ដ៏​ធំ​នៅក្នុង​ខេត្តបាត់ដំបង ដែល​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ ការប្រកប​របរ​ចិញ្ចឹមជីវិត ការលិចលង់​ផលដំណាំ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។ តាមរយៈ​ថវិកា​បន្តិចបន្តួច​នេះ នឹង​អាចជួយ​សម្រាល​ការដោះស្រាយ​បញ្ហា​មួយចំនួន​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុង​ការជួយ​ស្ដារ​ជីវភាព​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​។ ក្រៅពី​ចូលរួម​ក្នុង​ការងារ​ជួយ​ពលរដ្ឋ រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​នេះ សហព័ន្ធ​នៅមាន​គម្រោង​មួយចំនួនទៀត ក្នុង​ការជួយ​ដល់​ខេត្តបាត់ដំបង​លើ​វិស័យ​អប់រំ យុវជន និង​កីឡា​ជាដើម​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា សម្រាប់​ការងារ​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ត្រូវបាន​ចូលរួម​យ៉ាង​ផុសផុល ដោយ​សកម្មភាព​មនុស្ស​ធម៌​ទាំងនេះ បានបង្ហាញ​នូវ​ការ​សាមគ្គី​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​។​ទោះបី​ស្ថានភាព​ទឹកជំនន់ បាន​ធូរស្បើយ​ក៏ដោយ ក៏​សកម្មភាព​ផ្ដល់​អំណោយ តាម​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតែ​បន្ត​យ៉ាង​សស្រាក់សស្រាំ​។ តែ​យ៉ាងណា​សម្រាប់​រដ្ឋបាលខេត្ត​បាត់ដំបង ចំពោះ​ការផ្ដល់​ស្បៀង ដល់​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នេះ នឹង​មិនមាន​ផ្ដល់ជូន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៀត​នោះទេ គឺ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ពលរដ្ឋ ដែល​លំបាក​ជាងគេ​និង​បាន​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ផ្ដល់​ស្បៀង​ដល់​ពួកគាត់​នៅតាម​ខ្នង​ផ្ទះ​។​

​គួរ​បញ្ជាក់ថា ក្នុង​ខេត្តបាត់ដំបង ជំនន់​ទឹកភ្លៀង​នៅ​ចុងរដូវ​វស្សា បាន​ប៉ះពាល់​ដល់​ក្រុង​ស្រុក​ទាំង​១៤ ស្មើនឹង​៩៩​ឃុំ​សង្កាត់ និង​ប៉ះពាល់​ពលរដ្ឋ​ចំនួន ៧២ ៨២០​គ្រួសារ ហើយ​រហូតមក​ដល់ពេលនេះ អាជ្ញាធរខេត្ត​បានផ្ដល់​ស្បៀង​ដល់​ជាង​១០​ម៉ឺន​គ្រួសារ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×