Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តកោះកុង ចោទប្រកាន់​មនុស្ស​៣​នាក់ ពីបទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ការ​វឹកវរ​ដល់​សន្តិសុខ សង្គម និង​បទ បរិហាកេរ្តិ៍​ជា​សាធារណៈ​

spot_img

​កោះកុង​៖ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ សាលាដំបូង​ខេត្តកោះកុង​បាន​សាកសួរ​តំណាង​សហគមន៍​កោះកុង​៣​នាក់​គឺ អ្នកស្រី​ផាវ ញុ​ឺ​ង អ្នកស្រី ខន ផុន និង​អ្នកស្រី សេង លីន ដែល​ត្រូវបាន​ចោទ​ពីបទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​មាត្រា ៣០៥ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​អ្នក​ទាំង​៣​នាក់​ត្រូវបាន​ចោទ បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​ជាមួយ​សហគម​ន៍​ជាច្រើន​នាក់​ទៀត​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២៥ ខែធ្នូ កាលពី​ឆ្នាំ​២០១៩​។

​ពាក្យបណ្ដឹង​នេះ​គឺ​បាន​ចោទប្រកាន់ អ្នកស្រី ឆាយ វី ដែល​ត្រូវជា​ប្អូនស្រី​របស់​អតីត​មេឃុំ​ជីខ​លើ​ថា​បាន​លក់​ដី​រដ្ឋ ហើយ​ពួកគាត់​ក៏បាន​ទទូច​សុំ​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​ផងដែរ​។ បន្ទាប់ពី​ត្រូវបាន​សាកសួរ​តំណាង​សហគមន៍​ខេត្តកោះកុង​ទាំង ៣ នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​ចំណែក​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បានចេញ​សេចក្តីថ្លែងការណ៍​ថា កាលពី​ថ្ងៃទី​១៧ -១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឈ្មោះ ផាវ ញ៉ុ​ង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ឈ្មោះ សេង លីន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ឈ្មោះ ខន ខុន ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង ប្រជាពលរដ្ឋ​មួយចំនួនទៀត​មកពី​ស្រុក​ចំនួន ៣ នៃ​ខេត្តកោះកុង រួមមាន ស្រុកស្រែ​អំបិល ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គី​រី​សាគរ បានមក​ធ្វើ​ការតវ៉ា​ជួបជុំគ្នា​នៅមុខ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដោយ​ស្រែក​តវ៉ា​អះអាងថា ពួកខ្លួន គឺជា​ជនរងគ្រោះ​ដីធ្លី ។​

​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​សូម​ជម្រាបជូន​សាធារណជន​ថា ឈ្មោះ ផាវ ញ៉ុ​ង ឈ្មោះ សេង លីន និង​ឈ្មោះ ខន ខុន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ធ្វើការ​ចោទប្រកាន់​ពីបទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ការ​វឹកវរ​ដល់​សន្តិសុខ សង្គម និង​បទ បរិហាកេរ្តិ៍​ជា​សាធារណៈ ដែលមាន​ឈ្មោះ ឆាយ វី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជាដើម​បណ្តឹងរដ្ឋប្បវេណី ។​

​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ សាលាដំបូង​ខេត្តកោះកុង បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ផាវ ញ៉ុ​ង ឈ្មោះ សេង លីន និង​ឈ្មោះ ខន ខុន ចូលខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង ប៉ុន្តែ​បែរជា​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​មកពី​ស្រុក​ចំនួន ៣ នៃ​ខេត្តកោះកុង ខាងលើ មក​ធ្វើ​ការស្រែក តវ៉ា​នៅមុខ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ថា “​សុំឱ្យ​តុលា​ការជួយ​ដោះស្រាយ​រឿង ទំនាស់​ដីធ្លី​” ទៅវិញ ។​

​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង សូមបញ្ជាក់ ជូន​សាធារណជន​ថា សំណុំរឿង​ខាងលើនេះ គឺជា​សំណុំរឿង​ព្រហ្មទណ្ឌ​មិនមែនជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង វិវាទកម្ម​សិទ្ធិ​ដីធ្លី​នោះឡើយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×