Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកម្ពុជា និង​ប្រទេសថៃ​ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលំអការគ្រប់គ្រងបឹង

spot_img

ដើម្បីជួយប្រទេសកម្ពុជា និងប្រទេសថៃ គ្រប់គ្រងបឹងទន្លេសាប និងអាងទន្លេ សុងក្លា ឲ្យមានភាពល្អប្រសើរ ក្រុមការងារទ្វេរភាគីមកពីប្រទេសទំាងពីរ (ប្រទេសកម្ពុជា និង​ប្រទេសថៃ​) កំពុងរួមគ្នាបញ្ចប់របាយការណ៍សំខាន់ៗចំនួន២ អំពី​បទពិសោធន៍​នៃ​ការរៀនសូត្រ និង​អនុសាសន៍​គោលនយោបាយ សម្រាប់ឆ្លើយតបទៅនឹង​ការគំរាម​កំហែង​ចម្បងៗ​ ដែល​បឹងទាំងពីរ​កំពុង​ប្រឈម។​

របាយការណ៍មួយធ្វើ នៅខេត្តសៀមរាប ប្រទេស​កម្ពុជា ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨បានបង្ហាញថា ក្នុង​ចំណោម​របាយការណ៍​ទាំងពីរ នឹង​ចង​ក្រង​មេរៀន​ដែលទទួលបានពី​សកម្មភាព​អនុវត្ត​រួមគ្នា​ក្នុង​គម្រោងនេះ ដូចជា​បទពិសោធន៍ដែលបានពី​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការ​ផលិត​ព័ត៌មានជាវីដេអូ​ សម្រាប់ចែករំលែកចំណេះដឹង និង​ដំណោះស្រាយ​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ស្តារឡើងវិញ​នូវ​បរិមាណត្រី ត្រៀមរៀបចំ​សហគមន៍​ទប់ទល់មហន្តរាយធម្មជាតិ ដូចជា គ្រោះ​ទឹក​ជំនន់​ និង​គ្រោះរាំងស្ងួត ដែល​កើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផ្តល់សិទ្ធិអំណាចឱ្យ​ស្ត្រី​អាច​ចូលរួម​ក្នុងសកម្មភាព​រកចំណូល។​

របាយការណ៍មួយទៀត ​បង្ហាញពី​សកម្មភាព​ចិញ្ចឹមជីវិត​របស់​សហគមន៍​តាមដងទន្លេ និរន្តរភាព​នៃ​ធនធាន​ក្នុងបឹង និង​ប្រព័ន្ធ​គ្រប់គ្រងបឹង ក្នុងគោលបំណង​ចងក្រងអនុសាសន៍​ដែលរដ្ឋាភិបាល​របស់​ប្រទេសទាំងពីរ​អាច​យកទៅអនុវត្ត​ ដើម្បី​ធ្វើឱ្យ​ការងារ​គ្រប់គ្រងបឹង​អាច​ធ្វើទៅបាន​កាន់តែ​ប្រសើរជាងមុន។​

របាយការណ៍ទាំងពីរ​ត្រូវបាន​រៀបចំឡើង ក្រោម​គម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ក្រោម​ការ​ផ្តល់មូលនិធិ​របស់ធនគារពិភពលោក តាមរយៈគម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​គណៈកម្មការ​ទន្លេមេគង្គ។ គម្រោងនេះ​គោលបំណង​លើ​កកម្ពស់​ស្ថានភាពបឹង តាមរយៈការគ្រប់គ្រង​តាម​សហគមន៍។​

ក្នុង​កិច្ចប្រជុំ នៅ​ខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ក្រុមការងារគម្រោង​ទ្វេភាគី បាន​ផ្តោះប្តូរគំនិត​យោបល់ជាច្រើន ដើម្បី​បញ្ចប់របាយការណ៍ស្តីពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងបឹង ហើយ​ក៏បាន​ពិភាក្សា​ពី​ខ្លឹមសារ​នៃ​ឯកសារស្តីពីអនុសាសន៍គោលនយោបាយ​ផងដែរ។​ លើសពីនេះ ក្រុម​ការងារ​ក៏បាន​ចុះទៅ​កាន់​សហគមន៍​​ព្រែកទ័ល​ ក្នុង​បឹងទន្លេសាប ដើម្បីស្វែងយល់ពី​ប្រព័ន្ធបរិស្ថាន​ពិសេស​របស់បឹងនេះ។​

លោក​ ស៊ិន​ វិសិដ្ឋ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា មានប្រសាសន៍ថា “ការចងក្រងទុកជាឯកសារនូវ​អ្វី​ដែល​យើង​បាន​រៀនសូត្រពីគ្នាទៅវិញទៅមក មាន​សារសំខាន់​យ៉ាងខ្លាំង ដើម្បី​យកទៅរផ្សព្វផ្សាយ​ដល់​សហគមន៍ និង​អ្នក​ពាក់ព័ន្ធនានា ដើម្បីអំពាវនាវឱ្យ​ពួកគេ​ផ្តល់ការគាំទ្រ និង​អនុវត្ត​អន្តរាគមន៍ ការពារ​ធនធាន​ក្នុង​បឹង”។

បឹងទន្លេសាប គឺជា​បឹងទឹកសាបធំជាងគេ នៅ​អាស៊ីអាគ្នេយ៍ ដែល​ជាផ្តល់នូវ​ធនធាន​សម្បូរបែប សម្រាប់​សកម្មភាពចិញ្ចឹមជីវិត​របស់ប្រជាពលរដ្ឋ ដូចជា កសិកម្ម នេសាទ និង​ទេសចរណ៍ ជាដើម។ ស្រដៀងគ្នានេះដែរ បឹងសុងក្លា គឺជា​បឹងធម្មជាតិតែមួយគត់ នៅភាគខាងត្បូង​នៃ​ប្រទេសថៃ។ បឹងនេះ​មានឈ្មោះ​ល្បីល្បាញ ដោយសារតែ​សហគមន៍មូលដ្ឋានមានការតាំងចិត្តខ្ពស់ ក្នុង​ការគ្រប់គ្រងបឹង។​

តាមរយៈគម្រោងគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៣ ក្រុមការងារ​បាន​ពិនិត្យឡើងវិញ​លើ​ឯកសារ​ពាក់ព័ន្ធ ចុះ​សិក្សាតាម​មូលដ្ឋានរបស់ប្រទេសទំាងពីរ ដើម្បីកំណត់ពីបញ្ហា​ដែល​ពួកគេ​ចង់ស្វែងយល់ និង​ផលិត​វីដេអូព័ត៌មាន ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហាប្រឈម និង​ដំណោះស្រាយ​រួម។ កិច្ចខិតខំប្រឹងប្រែង​ទ្វេភាគីនេះ គឺជាមូលដ្ឋាន សម្រាប់​ការរៀបចំ​របាយការណ៍ទាំងពីរនេះ។​

របាយការណ៍ទាំងពីរ​គ្រោង​នឹងចេញផ្សាយ នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៨ បន្ទាប់ពី​ការបិទ​បញ្ចប់​គម្រោង​នេះ។ អនុសាសន៍សំខាន់ៗ ក្នុង​របាយការណ៍ចុងក្រោយ នឹង​ត្រូវ​ដាក់បញ្ចូលទៅក្នុង​ផែនការ​អភិវឌ្ឍន៍ជាតិ ដើម្បី​លើក​កម្ពស់​ស្ថានភាព​របស់បឹងឋ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×