Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចោទ​អគ្គនាយករង​អគ្គិសនី​កម្ពុជា ព្រមទាំង​ប្រធាន និង​អនុប្រធាន​អគ្គិសនី​មណ្ឌល​គី​រី​ថា រំលោភ​យក​ដី​ខ្លួន​

spot_img

​ភ្នំពេញៈ លោក អេង គ​ន្ឋា អគ្គនាយករង​អគ្គិសនី​កម្ពុជា លោក ប្រាជ្ញ វុត្ថា ជា​ប្រធាន​អគ្គិសនី​មណ្ឌល​គី​រី និង​លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី​មណ្ឌល​គី​រី ត្រូវបាន​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា បាន​រំលោភ​យក​ដី​របស់​ពួកគាត់​ស្ថិតនៅ​ក្នុងភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។​

​ប្រជាពលរដ្ឋ​ក៏បាន​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌​ផងដែរ ប៉ុន្តែ​បុគ្គល​ដែល​រង​ការចោទប្រកាន់​ទាំងបី​នាក់​ខាងលើ​បាន​បដិសេធថា ដី​នោះ​ជា​ដី​របស់​រដ្ឋ ពួកខ្លួន​មិនមាន​ការពាក់ព័ន្ធ​នោះទេ​។​

​ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន ដែល​បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​ដី​បានធ្វើ​លិខិត​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ថា ខ្លួន​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក ប្រាជ្ញ វុត្ថា ជា​ប្រធាន​អគ្គិសនី​មណ្ឌល​គី​រី លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី​មណ្ឌល​គី​រី និង​លោក អេង គ​ន្ឋា អគ្គនាយករង អគ្គិសនី​កម្ពុជា​។ ឈ្មោះ ថៃ ឃី​ន បាន​បន្តថា កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ អភិបាលខេត្ត​មណ្ឌល​គី​រី លោក ស្វាយ សំ​អ៊ាង បាន​ដោះស្រាយ​ប្រគល់​ដី​ទំនាស់​ទំហំ​២០៣៥​ម៉ែត្រការ៉េ ដែល​គ្មាន​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ​របស់​អគ្គិសនី​មណ្ឌល​គី​រី និង​អគ្គិសនី​កម្ពុជា​នោះ មក​ឲ្យ​ខ្លួន​គ្រប់គ្រង​វិញ​ហើយ ប៉ុន្តែ​បែរជា​បុគ្គល​ទាំងបី​នាក់​ខាងលើ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ទេ ។​
​ឈ្មោះ ថៃ ឃី​ន បាន​បន្ថែមថា លោក​អភិបាលខេត្ត​មណ្ឌលគិរី​បានបញ្ជាក់​ទៅ ខាង​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​មណ្ឌល​គី​រី ដោយ​អនុញ្ញាត​ឲ្យ​កាន់កាប់ និង​គ្រប់គ្រង​ដី​ទំហំ​តែ ២៨០២​ម៉ែត្រការ៉េ​តាម​ប្រកាស​សម្រេច​ផ្ទេរ​បស់​ក្រសួង​រ៉ែ និង​ថាមពល​ប្រគល់​ឲ្យ​ក្នុង​ឆ្នាំ​២០១០ នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​អគ្គិសនី​មណ្ឌលគិរី បាន​ហើយ ដោយ​លោក​អភិបាលខេត្ត​លើកឡើងថា ដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ​អ៊ឹង ច​ន្ធូ បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០០ រហូតមកដល់​បច្ចុប្បន្ន​ដែល​អាជ្ញា​មូលដ្ឋាន​បាន​ចុះហត្ថលេខា​ទទួលស្គាល់​រួចហើយ​។​

​ចំណែក​លោក អេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ដី​នេះ​ជា​ដី​រេ​បស់​រដ្ឋ​អត់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ថៃ ឃី​ន និង ឈ្មោះ​អ៊ឹង ច​ន្ធូ ទេ​។ លោក អេង គ​ន្ធា បាន​លើកឡើងថា “​ដី​នោះ​មិនមែនជា​ដីឯកជន​ទេ​យើង​មាន​ឯកសារ​ទាំងអស់ បើសិនជា​មិនមែន​ដី​រដ្ឋ​យើង​យក​ធ្វើ​អី អត់​មាន​បុគ្គល​ណា​យក​ទេ គាត់​ចង់​ប្តឹង​ទៅណា​ប្តឹង​ទៅជា​សិទ្ធិ​របស់គាត់​”​។​

​រីឯ​លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គស​នី​មណ្ឌលគិរី បាន​បដិសេធថា លោក​មិនបាន​យក​ដី​របស់លោក ថៃ ឃី​ន ទេ ហើយ​លោក​ក៏​មិន​ពាក់ព័ន្ធ​រឿង​ហ្នឹង​ដែរ សំណុំ​រឿងនេះ​គឺ​អ្នក​នៅ​ភ្នំពេញ (​អគ្គនាយករង​អគ្គិសនី​កម្ពុជា​) ជា​អ្នក​ជាប់​ពាក់ព័ន្ធ ។​

​ទាក់ទង​ករណីនេះ អភិបាលខេត្ត​មណ្ឌល​គី​រី លោក​ស្វាយ សំ​អ៊ាង បានធ្វើ​លិខិត​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់ថា កន្លងមក​រដ្ឋបាលខេត្ត​បានទទួល​ពាក្យ​បណ្តឹងតវ៉ា​ករណី​ទំនាស់​ដីធ្លី​រវាង​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី ជាមួយ​ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ អ៊ឹង ច​ន្ធូ លើ​ទំហំ ២០៣៥​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ក្រោយពី​រដ្ឋបាល​ក៏ដូចជា​គណៈកម្មការ​សុរិយោដី​ខេត្ត​បានធ្វើការ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ រួមទាំង​សាវតា​នៃ​ការគ្រប់គ្រង​កាន់កាប់​ដីធ្លី​នេះ ឃើញថា លោក​ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ បាន​កាន់កាប់​ដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ ជា​យូរ​ឆ្នាំ​មកហើយ​ដោយមាន​លិខិត​ទទួលស្គាល់​ការកាន់កាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ប្រើប្រាស់​ដី​នេះ​ក្នុង​ជីវភាព​រស់នៅ​ជា​បន្តបន្ទាប់​រហូតមក​។ រីឯ​អង្គភាព​អគ្គិសនី​ខេត្ត អាជ្ញាធរខេត្ត​បាន​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​ឃើញថា ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ទេរ​ប្រគល់​ដី​ទំហំ​តែ ២៨០២​ម៉ែត្រការ៉េ ប៉ុណ្ណោះ ជូន​អង្គភាព​អគ្គិសនី​គ្រប់គ្រង និង​ប្រើប្រាស់ ពុំមាន​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​លើដី​ទំហំ​២០៣៥​ម៉ែត្រការ៉េ​របស់លោក ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង​ច​ន្ធូ នោះឡើយ​។

​អភិបាលខេត្ត​មណ្ឌល​គី​រី​បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​យល់ឃើញថា ការទាមទារ​របស់​អង្គភាព​អគ្គិសនី​ខេត្ត​ហាក់ដូច​ជាមាន​លក្ខណៈ​មិន​សមស្រប​ទៅនឹង​ស្ថានភាព នៃ​ការគ្រប់គ្រង​ជាក់ ស្តែង​ដែល​អាច​បង្កទំនាស់​ស្មុគស្មាញ​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​។ ដូចនេះ ដើម្បី​បញ្ចប់ទំនាស់​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភ​ភិ​បាល ក្នុងការ​ដោះស្រាយ​ទំនាស់​ជៀសវាង​ទុក​នៅ​រ៉ាំរ៉ៃ​អូសបន្លាយ​យូរអង្វែង អាជ្ញាធរខេត្ត​សូម​សំណូមពរ​ឯក ឧ​ត្ត​ម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​ប​ន្ទុ​ល​អគ្គនាយក​អគ្គិសនី​កម្ពុជា សុំ​ផ្តល់​ដី​ទំហំ ២០៣៥​ម៉ែត្រការ៉េ ជូន​លោក ថៃ ឃី​ន និង អ្នកស្រី អ៊ឹង ច​ន្ធូ កាន់កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​ស្របតាម​ការ​ទួល​ស្គា​ល់ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្នើសុំ​អង្គភាព​អគ្គិសនី​ខេត្ត​គ្រប់គ្រង​ដី​ទំហំ​តែ​២៨០២​ម៉ែត្រការ៉េ ដែល​ក្រសួង​រ៉ែ និង​ថាមពល ប្រគល់ជូន និង​បាន​ចុះបញ្ជី​សារពើ ភ័​ណ្ដ​របស់​អង្គភាព​អគ្គិសនី​ខេត្ត​ដើម្បី​បញ្ចប់ទំនាស់ ៕ ដោយៈ CEN​

លោកអេង គន្ឋា អគ្គនាយករងអគ្គិសនីកម្ពុជា
លោក ប្រាជ្ញ វុត្ថាប្រធានអគ្គិសនីមណ្ឌលគីរី
លោកថេង សេដ្ឋា អនុប្រធានអគ្គសនីកម្ពុជា
ប្រជាពលរដ្ឋម្ចាស់ដី

spot_img
×