Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាជាតិ ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់ សមាជិកសភា​អាមេរិក​មួយចំនួន ដែល​បាន​ហៅថា ​ជាការ​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​៧​ចំណុច ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ស​មា​ជិ​ក​សភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច ស្តីពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រដ្ឋ​សភា​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា បានចាត់ទុក​ការទាមទារ​របស់​សមា​ជិ​ក​សភា​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ជា​ទង្វើ​ខុសឆ្គង ហើយ​រដ្ឋសភា​មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការដែល​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក​មួយចំនួន​តូច បានទាមទារ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការព្រួយបារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន រាប់ទាំង សហរដ្ឋអាមេរិក​ផងដែរ ចំពោះ​សុខុមាលភាព​ប្រជាជន​របស់​យើងខ្ញុំ ជាពិសេស​ចំពោះ​ការអភិវឌ្ឍ​សិទ្ធិ មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​លើកកម្ពស់​សម្រាប់​ប្រជាជន របស់ខ្លួន ដែល​បាន​រស់រានមានជីវិត​រួច​ផុតពី​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត និង​ការបំបាត់​សេរី ភាព​គ្រប់បែបយ៉ាង ក្នុង​ភ្លើងសង្គ្រាម​ជិត​៣​ទសវត្សរ៍ និង​ការ​ប្រល័យពូជសាសន៍​ដោយ​របប​ខ្មែរក្រហម​។​

​ប៉ុន្តែ យើងខ្ញុំ​ចាត់ទុកជា​ទង្វើ​ខុសឆ្គង ហើយ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការដែល​សមាជិកសភា សហរដ្ឋអាមេរិក​មួយ​ចំនួន​តូច បានទាមទារ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​លើ​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ចំពោះ​អ្វីដែល​ពួកគេ​បាន​ហៅថា “​ជាការ​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា​”​។ លិខិត​ផ្ញើជូន​លោក មៃ​ខ៍ ប៉ម​ប៉េ​អូ (Mike Pompeo) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​តាម​បណ្តាញ​អឺ​ន​ធឺ​ណិ​ត ចុះ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខ្លឹមសារ ចោទប្រកាន់​ផ្ទុយ​ពី​ការពិត លំអៀង និង​មាន​ស្តង់ដារ​ពីរ​។​

​អាស្រ័យហេតុនេះ យើងខ្ញុំ​ចាំបាច់​ត្រូវ​ឆ្លើយតប និង​សូម​ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន​ទាំង ក្នុង និង​ក្រៅប្រទេស ពី​តថភាព​នៅ​ប្រទេស​កម្ពុជា និង​ហេតុការណ៍​ពិត​នៃ​ដំណើរ​ដ៏​ឈឺចាប់​ខ្លោចផ្សារ និង​លំបាកលំបិន​របស់​កម្ពុ​ជា ទំរាំ​ឈាន​មកដល់​ដំណាក់​បច្ចុប្បន្ន ដែលមាន​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម ក្រោម​ម្លប់​សន្តិភាព និង​ស្ថិរភាព ដែល​យើង​ប្តេជ្ញា​ការពារ​ឱ្យបាន ជាដាច់ខាត​។​

​ទី​១៖ ជាការ​ពិត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៣៥ ឆ្នាំ​មកហើយ​។ ក៏ប៉ុន្តែ ការគ្រប់គ្រង​ប្រទេស​រយៈពេល​យូរ​ដូច​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិនមែនជា​រឿង​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នោះទេ ជាអាទិ៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ផ្ទុយ​ពី​ការអះអាង​ដ៏​អយុត្តិធម៌ ភាពរឹងមាំ​ក្នុងការ​កាន់អំណាច​រប​ស់ស​ម្តេច​តេ​ជោ បានមកពី​ការគាំទ្រ​របស់​ប្រជាជន​ដ៏​ច្រើន​លើសលប់​ដែល​បាន​បោះឆ្នោត ជា​បន្តបន្ទាប់ និង​ការគាំទ្រ​ការដឹកនាំ​ប្រកបដោយ​ទស្សនវិស័យ​ជឿនលឿន និង​ពោរពេញ​ដោយ​សមត្ថភាព​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​នាំមក​នូវ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​កាន់តែ​ធំធេង​ជូន​ប្រជាជន​កម្ពុជា​។ «​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដួលរំលំ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៩៨ និង​សម្រេចបាន​ការផ្សះផ្សារ​ជាតិ និង​ឯកភាព​ទឹកដី​យ៉ាងពិត​ប្រាកដជា​លើកដំបូង ក្នុង​រយៈពេល​ជាង​៥០០ ឆ្នាំ នៃ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ និង​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច ដូច​ក្នុង​ទស្សវត្សរ៍ ឆ្នាំ​១៩៦០ ១៩៧០ និង​១៩៨០​។​

​ទី​២៖ ការអះអាង​ដែលថា គ្មាន​ការបោះឆ្នោត​ណាមួយ​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅដោយ​សេរី ឬ​យុត្តិធម៌ ជាហេតុ​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ឈ្នះឆ្នោត​រហូត​នោះ គឺជា​ការបដិសេធ​ទាំងស្រុង​នូវ​ការពិត​។ ការបោះឆ្នោត​ជាស​កល​នៅ​កម្ពុជា រាប់​ពី​ការបោះឆ្នោត​លើកទីមួយ​ឆ្នាំ​១៩៩៣ ដែល​ត្រូវបាន​ផ្ដួចផ្ដើម​និង​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់ ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាទូទៅ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព សេរី និង​យុត្តិធម៌​។​
​តួយ៉ាង ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ត្រូវបាន​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍​សហរ​ដ្ឋ​អាមេរិក អតីត​សមាជិកសភា លោក ស្ទី​ហ្វិ​ន ជេ​. សូ​ឡាស៍ (Stephen J. Solarz) ពណ៌នា​ថា​ជា «​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ដង​ទន្លេមេគង្គ​»​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​បំផុត ដោយ​គណបក្សប្រឆាំង​បាន​កើន ២៦ អាសនៈ ហើយ​គណបក្សកាន់អំណាច​បាន​បាត់បង់​២៣ អាសនៈ​។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ទទួលយក​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​បញ្ជាក់ថា ការបោះឆ្នោត​នេះ​មាន​សណ្ដាប់ធ្នាប់ ពុំមាន​អំពើហិង្សា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការបន្ត​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ការបដិសេធ​មិន​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​កន្លងមក​នៅ​ក្នុងប្រទេស​កម្ពុជា គឺជា​ការ​មើលងាយ​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​កម្ពុជា​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែលមាន​ការចូលរួម​ប្រកួតប្រជែង​ពី​គណបក្សនយោបាយ​ចំនួន ២០ បាន​ប្រព្រឹត្ត​ទៅដោយ​ពុំមាន​អំពើហិង្សា មាន​សណ្ដាប់ធ្នាប់ សេរី​និង​យុត្តិធម៌ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​រហូតដល់​ជាង ៨៣% នៃ​អ្នក​បាន​ចុះឈ្មោះ ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​ឱ្យធ្វើ​ពហិកា​ការបោះឆ្នោត​យ៉ាងណាក៏ដោយ​។ តួលេខ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ក្តី​ប្រាថ្នា​ជារួម​របស់​ប្រជាជន​កម្ពុជា​ដែល​ចង់ឃើញ និរន្តរភាព​របស់​ប្រទេសជាតិ​ស្ថិត​លើ​មាគ៌ា​អភិវឌ្ឍន៍ សន្តិភាព ស្ថិរភាព និង​ប្រជាធិបតេយ្យ ក្រោម​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​ជាថ្មី​ពី​ទំនុកចិត្ត​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការដឹកនាំ​របស់​គណបក្ស​កាន់អំណាច​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន និង​លើកកម្ពស់​គោលដៅ​ទាំងអស់នេះ​។​

​ទី​៣៖ ការរំលាយ​គណបក្សប្រឆាំង និង​វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​នេះ​រួមមាន សម រង្ស៊ី និង កឹម សុខា ត្រូវបាន​អនុវត្ត​ចំពោះ​សកម្មភាព​ឃុបឃិត​គ្នា​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​កម្ពុជា ហើយ​ដែល​ក៏​មិន​ខុសពី​ច្បាប់​របស់​ប្រទេស​ដទៃ​ជាច្រើន​នៅលើ​ពិភពលោក​ឡើយ​។ វា​ជាការ​ចាំបាច់ ដែល​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ទាំងអស់នេះ ដើម្បី​លើកកម្ពស់​នីតិរដ្ឋ និង​ទប់ស្កាត់​ការដណ្តើម​អំណាច​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ ដូច​ជាការ​ញុះញង់​ឱ្យមាន​កុប្បកម្ម​សាធារណៈ ការរើសអើង​ជាតិ​សាសន៍ តាមរយៈ​ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​ទី​៤៖ អំពី​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​៖ គួរ​សម្គាល់ថា ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្តាញ​សង្គម​បាន​យ៉ាង​ទូលំទូលាយ ដោយ​គ្មាន​ការ​រឹតត្បិត​នោះទេ​។ ទោះបីជា​កម្ពុជា នៅ​ជា​ប្រទេស​កំពុងដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ​យ៉ាងណា​កី្ត តែ​កម្ពុ​ជាមាន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រាប់រយ ដែល​ប្រតិបត្តិការ​ដោយ​សេរី​ស្របតាម​ច្បាប់​។ បណ្តាញ​ទូរទស្សន៍ និង​វិទ្យុ​បរទេស រួមមាន ស៊ី​អ៊ិន​អ៊ិន (CNN) ស្កា​យ​ញូ​វ​ស៍ (Skynews) វិទ្យុ​អាស៊ីសេរី​(RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) អាច​ទស្សនា និង​ស្ដាប់​សំឡេង​បាន​នៅ​ទូទាំងប្រទេស​។ លើសពីនេះទៅទៀត កម្ពុជា​ផ្ដល់​សារៈសំខាន់​យ៉ាងខ្លាំង​ដល់​ការគាំទ្រ ការការពារ និង​លើកកម្ពស់​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដែល​ធានា​ឯករាជ្យភាព​សារព័ត៌មាន ដោយ​ពុំមាន​ការត្រួតពិនិត្យ​ជាមុន និង​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ប្រភពព័ត៌មាន​។ ទោះយ៉ាងណា​ក្ដី សេរីភាព​ក្នុងការ​បញ្ចេញមតិ​មិនមែនជា​ការផ្តល់​សេរីភាព​គ្មាន​ព្រំដែន ឱ្យ​វាយប្រហារ​ដល់​សេច​កី្ត​ថ្លៃថ្នូរ និង​សុច្ចរិត​ភាព​របស់​អ្នកដទៃ ធ្វើឱ្យមាន ការបែកបាក់​និង​ចលាចល​ក្នុងសង្គម ដែល​បង្ក​គ្រោះថ្នាក់​ដល់​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ក៏ដូចជា​សន្តិសុខ​ជាតិ​។ ការជជែក​ដេញដោល​ផ្នែក​នយោបាយ និង​ការធ្វើ​អត្ថាធិប្បាយ​ស្ដីពី​កិច្ចការ​សាធារណៈ ដោយ​ប្រើពាក្យ​ជេរប្រមាថ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ អំពាវនាវ​ឱ្យមាន​ការបះបោរ​ប្រឆាំង រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​ជ្រើសតាំង​តាម​លទ្ធិប្រជាធិបតេយ្យ ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​អាក្រក់ មិនមែនជា​ការត្រឹមត្រូវ​ទេ​សម្រាប់​សេរីភាព បញ្ចេញមតិ និង​ការនិយាយ​ស្របច្បាប់​។ បើ​បណ្ដោយឱ្យ​ទង្វើ​អស់ទាំង​នេះ​កើតមានឡើង​ដោយ​ពុំមាន​ការត្រួតពិនិត្យ​នោះទេ វា​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ច្បាប់ និង​សណ្ដាប់ធ្នាប់​។ ហេតុ​ដូច្នេះហើយ ជាការ​ចាំបាច់​ត្រូវតែមាន​វិធានការ​មួយចំនួន​ប្រឆាំងនឹង​ទង្វើ​បំពាន​បែបនេះ ស្របតាម​សេច​កី្ត​ចែង​ក្នុង​ច្បាប់​ជា​ធរមាន ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប ឱ្យមាន​ជីវភាព​រស់នៅ ដោយ​គ្មាន​ការភ័យខ្លាច ការ​ស្អប់ខ្ពើម និង​ការរើសអើង​។ មតិ​របស់​ពលរដ្ឋ​ដែល​គោរព​ច្បាប់ ត្រូវតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​គាំពារ​។ ជន​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ប្រឈម​នឹង​វិធានការ​ច្បាប់ គឺ​ដោយសារតែ​ពួកគេ​បាន​បំពាន​បទ​ប្បញ្ញត្តិ​ច្បាប់​រក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​សន្តិសុខ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេតុដូចនេះ វិធានការ​ដាក់ចេញ​ក​ន្ល​ង​មក មិនគួរ​ត្រូវបាន​បកស្រាយ​ថា ជាការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​នោះទេ​។​

​ទី​៥៖ ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី «​ចេញ​មួយ វាយ​មួយ​» មិនគួរ​ត្រូវបាន​បំភ្លៃ​ថា ឆន្ទៈ​ចង់​បង្ក្រាប​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នោះទេ​។ ការលើកឡើង​របស់​ស​ម្ដេច គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​សម្តេច​តេ​ជោ ក្នុងការ​ការពារ​ប្រឆាំងនឹង​សកម្មភាព​ដែល​អាច​នឹង​បង្ក​អន្តរាយ​ដល់​សណ្តាប់ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាក​។​

​ទី​៦៖ ដូច​ដែលមាន​លើកឡើង​នៅក្នុង​លិខិត​របស់ខ្លួន សមាជិកសភា​សហរដ្ឋ​អាមេរិក​ទាំងនោះ​បាន​និយាយ​យោង​លើ​ការពណ៌នា​ជា​អវិជ្ជមាន​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (Human Rights Watch) ជា​អង្គការ​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សច្ចភាព ហើយ​ដែល​កាលពី​ឆ្នាំ ២០០៤ ត្រូវបាន​អតីត​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ពីររូប ព្រមទាំង បញ្ញវ័ន្ត ជាង ១០០ នាក់​ធ្វើលិខិត​ចំហ​ចោទ​ជា​សំណួរ​រិះគន់​ដល់​អង្គការ​នេះ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​ថ្កោលទោស​ជា​យូរ​មកហើយ ចំពោះ​ភាពលំអៀង និង​ការអនុវត្ត​ស្តង់ដារ​ពីរ​លើ​បទដ្ឋាន​សិទ្ធិមនុស្ស ដោយ​អង្គការ​នេះ​ពឹងផ្អែក​តែ​ទៅលើ​ប្រភពព័ត៌មាន ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ដែល​គ្មាន​ភាព​អព្យាក្រឹត និង​ឯករាជ្យ​ទាល់តែសោះ​។ ប្រតិកម្ម​ចំពោះ​ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ តាម​ធាតុពិត​ជាក់ស្ដែង មិនមែន​និយាយ​អំពី​គុណ​តម្លៃ​សិទ្ធិមនុស្ស​នោះទេ បើ​ពិនិត្យមើល​ពី​ការប្រកាន់​ជំហរ​ខុសគ្នា​សម្រាប់​ប្រទេស​ជាច្រើន​ទៀត លើ​បញ្ហា​ដូចគ្នា​ស្តីពី​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សេរី​ភាពជា​មូលដ្ឋាន​។​

​ទី​៧៖ ជាការ​មិនអាច​ចៀស​រួច​ដែល​អាទិភាព​នៃ​បញ្ហា​សិទ្ធិមនុស្ស​ត្រូវបាន​កំណត់​ទៅតាម​ទស្សនៈ​នៃ បរិបទ​ខុសៗ​គ្នា​របស់​ប្រទេស​នីមួយៗ​។ ចំពោះ​កម្ពុជា ការលើកកម្ពស់​សិទ្ធិមនុស្ស​ត្រូវ​បានចែង​យ៉ាងច្បាស់​ជា​របៀបវារៈ​សំខាន់​របស់​រាជរដ្ឋាភិបាល​។ ជាបឋម និង​សំខាន់បំផុត​នោះ គឺ​សន្តិភាព ស្ថិរភាព ដែល​បាន​ធានា​ដល់​ការវិវឌ្ឍ​ឈាន​ឡើងជា​លំដាប់​របស់​ប្រជាជន​កម្ពុជា ឆ្ពោះទៅរក​ការទទួលបាន​នូវ​សិទ្ធិសេរីភាព​រស់នៅ​ប្រកបដោយ​ជីវភាព​ល្អ​បរិបូណ៌ ហើយ​ទន្ទឹមនឹងនេះ​ក៏​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាជន​អាចអនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់ខ្លួន​បាន​យ៉ាងពិត​ប្រាកដ និង​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។ ដោយបាន​ផ្តល់​សច្ចាប័ន​លើ​លិ​ខិ​តូ​បក​រណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់ៗ​ស្ទើរតែ​ទាំងអស់ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការលើកកម្ពស់​សិទ្ធិមនុស្ស ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​នីតិរដ្ឋ ក៏ដូចជា​ការថែរក្សា​សន្តិភាព​ដែល​យើង​ដណ្តើមបាន​ដោយ​លំបាក និង​ការការពារ​មិនឱ្យ​សោកនាដកម្ម​ពី​អតីតកាល​កើតមាន​ជា​ថី្ម​ម្តងទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×