Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ៖ សំណល់​សំរាម​មួយចំនួន ពិសេស​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​ពលរដ្ឋ​ខ្លះ​ដុត និង​ខ្លះ​បាន​បោះ​ចូលទៅក្នុង​ទឹក និង​សមុទ្រ បង្ក​គ្រោះថ្នាក់​សម្រាប់​ជីវចម្រុះ​

spot_img

​ព្រះវិហារ​៖ នៅ​សាលាខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ បាន​ប្រារព្ធ​ទិវា​អនាម័យ​ជាតិ​បរិស្ថាន ២៣​វិច្ឆិកា ក្រោម​ប្រធានបទ​«​អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​»​។

​ទិវា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ជួប បារី​ស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន អាជ្ញាធរ​ពាក់ព័ន្ធ ថ្នាក់ជាតិ​-​ក្រោម​ជាតិ លោកគ្រូ​-​អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និង​ប្រជា​សហគមន៍​ជាច្រើនរូប​។​

​នាឱកាស​ប្រារព្ធ​ទិវា​នេះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ក្រើនរម្លឹក ក៏ដូចជា​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈ និង​ឯកជន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ និង​ថែរក្សា​បរិស្ថាន​ជាប្រចាំ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។ ឯកឧត្តម ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការគ្រប់គ្រង ទុកដាក់​សំរាម និង​សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ជួប បារី​ស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និង​មន្ត្រីរាជការ​នៃ​ខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅ​ជុំវិញ​ខេត្ត ដែល​តែងតែ​គាំទ្រ​ដល់​គ្រប់​ចលនា​បរិស្ថាន​។ ឯកឧត្តម​សង្ឃឹមថា ការ​ប្រារព្ធ​ទិវា​នេះ នឹង​ក្លាយជា​ចរន្ត​ចលករ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្តើមធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន​ចេញពី​បុគ្គល​ម្នាក់ៗ ក្នុង​ការចេះ​ទទួលខុសត្រូវ​ក្នុងការ​ទុកដាក់​សំណល់ និង​មិន​បោះចោល​ពាសកាល​នៅតាម​ទីសាធារណៈ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ទូទាំងប្រទេស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ឯង​។ ឯកឧត្តម ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ក្នុងការ​ថែរក្សា​បរិស្ថាន​រួមមាន​៖ អនាម័យ​ខ្លួនឯង​ជាប្រចាំ​, ទុកដាក់​សំរាម​ឱ្យ​ត្រូវ​ក្នុង​ធុង​, ស្រឡាញ់ ការពារ និង​ដាំ​ដើមឈើ ជាពិសេស ត្រូវខិតខំ​សិក្សា​រៀនសូត្រ​។​

​ជា​អធិបតី​ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា បញ្ហា​ប្រឈម​មួយចំនួន ក្នុងនោះ​រួមមាន បញ្ហា​សំរាម សំណល់​រឹង រាវ នៅតាម​ទីប្រជុំជន និង​ទីក្រុង ដែលមាន​ការកើនឡើង​យ៉ាងខ្លាំង គួបផ្សំ​នឹង​ប្រព័ន្ធគ្រប់គ្រង​សំរាម​នាពេល​បច្ចុប្បន្ន​នៅមានកម្រិត​នៅឡើយ​។ សំណល់​សំរាម​មួយ​ចំ​នួ​នា​ពិសេស​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​ពលរដ្ឋ​ខ្លះ​ដុត និង​ខ្លះ​បាន​បោះ​ចូលទៅក្នុង​ទឹក និង​សមុទ្រ បង្ក​គ្រោះថ្នាក់​សម្រាប់​ជីវចម្រុះ​ដែល​ពិភពលោក បាន​នឹង​កំពុង​យកចិត្តទុកដាក់​។ ស្ថានភាព​នេះ បាន​តម្រូវឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​នានា​ជា​បន្តបន្ទាប់ ជាពិសេស​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ប្រមូល និង​គ្រប់គ្រង​សំរាម​សំណល់​រឹង ដោយមាន​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ​ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​បន្តទៅ​ទីក្រុង និង​ទីប្រជុំជន​ធំៗ​មួយចំនួនទៀត នៅ​ទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ​លើកកម្ពស់​អនាម័យ និង​គុណភាព​បរិស្ថាន គឺជា​ប្រការ​ចាំបាច់ និង​ជា​វិភាគទាន​ដ៏​សំខាន់បំផុត​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ សំដៅ​ការរស់នៅ​ប្រកបដោយ​សុខមាលភាព និង​ចីរភាព​របស់​ប្រជាជន​យើង​។​

​មុខ​នឹង​បញ្ចប់ ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា ស្មារតី​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ នឹង​ស្ថិត​ជា​នៅ​ជា​និរន្តរ៍​ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់រូប និង​សូមឱ្យ​សកម្មភាព​ធ្វើ​អនាម័យ​បរិស្ថាន​ស្ថិតនៅ​ជាមួយ​យើងទាំងអស់គ្នា​ជា​រៀងរាល់ថ្ងៃ​។

​គួរបញ្ជាក់​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​បំផុសស្មារតី និង​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ឱ្យ ចេះ​ស្រលាញ់ ថែរក្សា និង​ជាពិសេស​ធ្វើការ​សម្អាត​អនាម័យ​បរិស្ថាន​។ ការ​ប្រារព្ធ​ទិវា​នេះ នឹង​ក្លាយជា​ចរន្ត​ចលករ​ដែល​ជំរុញឱ្យមាន​ការ​ផ្តើមធ្វើ​សកម្មភាព​មេត្រី​បរិស្ថាន​ចេញពី​បុគ្គល​ម្នាក់ៗ​ក្នុង​ការចេះ​ទទួលខុសត្រូវ ក្នុងការ​ទុកដាក់​កាកសំណល់​ដោយ​មិន​បោះចោល​ពាសវាល​ពាសកាល​នៅតាម​ទីសាធារណៈ ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

​ទិវា​ថ្នាក់ជាតិ​ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​អនាម័យ បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​» នេះ ក៏​ជាការ​ចលនា​កម្លាំង​គ្រប់​ស្រទាប់វណ្ណៈ​ឱ្យចូល​រួម ធ្វើ​អនាម័យ​ក៏ដូចជា​បំផុស​ចលនា​ចូលរួម​ធ្វើការ​សម្អាត​អនាម័យ​បរិស្ថាន​តាម​ទី​លំនៅដ្ឋាន ទីសាធារណៈ ដោយ​ទុកដាក់​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ដាំ​ដើមឈើ​ដើម្បី​ឱ្យមាន​ភាព​បៃតង​ស្រស់​ប្រកបដោយ​ផាសុកភាព​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×