Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱ​អនិច្ចា​ទី​សក្ការបូជា​«​ព្រះអង្គ​ជប់​»! កន្លែង​ដែល​ធ្លាប់តែ​ល្បីល្បាញ និង​មាន​ពុទ្ធបរិស័ទ​មកពី​គ្រប់ទិសទី​ផ្តល់​ការគោរព​ប្រណិប័តន៍ បែរជា​ត្រូវ​មក​គ្របដណ្តប់​ដោយ​សំរាម​

spot_img

​សៀមរាប​៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែងថា គួរឱ្យ​អនិច្ចា​ទី​សក្ការបូជា​«​ព្រះអង្គ​ជប់​»! កន្លែង​ដែល​ធ្លាប់តែ​ល្បីល្បាញ និង​មាន​ពុទ្ធបរិស័ទ​មកពី​គ្រប់ទិសទី​ផ្តល់​ការគោរព​ប្រណិប័តន៍ បែរជា​ត្រូវ​មក​គ្រប​ដណ្តប់​ដោយ​សំរាមរ​ប៉ាត​រប៉ាយ​គួរឱ្យ​ស្អប់ខ្ពើម​ទៅវិញ​។ ក្នុងឱកាស​«​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ឆ្នាំ​២០២០» អនុញ្ញាតឱ្យ​ខ្ញុំ​លើកយក​ប្រធានបទ​នេះ​មក​ពិភាក្សា និង​រិះគិត​ពិចារណា​បន្តិច សង្ឃឹមថានឹង​បាន​លើកកម្ពស់​ការយល់ដឹង​ពី​សារសំខាន់​នៃ​ការថែរក្សា​អនាម័យ​បរិស្ថាន ជាពិសេស​នៅក្នុង​តំបន់ស​ក្ការបូជា និង​តំបន់​ឧទ្យាន​ជាតិ​ដូចជា​ព្រះអង្គ​ជប់​នេះ​។​

​លោក​ឃឹម ហ្វី​ណង់ បាន​លើកឡើងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​បាន​ដើរ​ឡើងមក​ដល់​«​ព្រះអង្គ​ជប់​»​ចាប់តាំងពី​ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​អភិបាលស្រុក​បន្ទាយស្រី​។ លោក​ថា ខ្ញុំ​តែងតែ​បានលឺ​ពី​កិត្តិ​ស័ព្ទ ភាព​ខ្លាំងពូកែ​ស័ក្តិសិទ្ធិ និង​សក្តានុពល​ខាង​ផ្នែក​ទេសចរណ៍​​សាសនា​នៃ​កន្លែង​ដ៏​វិសិដ្ឋ​មួយ​នេះ ប៉ុន្តែ​ដោយហេតុតែ​ទីនេះ​ជា​តំបន់​ឧទ្យាន​ជាតិ និង​ជា​បន្ទាត់​ព្រំប្រទល់​ខណ្ឌ​ចែក​រវាង​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ​(​ត្រឹម​ច្រក​ឡើង​នៅ​ជើងភ្នំ​ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ចំណែក​ផ្លូវ​ឡើង​និង​ផ្នែក​ខាងលើ​ស្ថិតក្នុង​ស្រុក​ស្វាយ​លើ​) ខ្ញុំ​តែងតែ​មិនបាន​ចាត់ទុក​ទីនេះ​ជា​តំបន់​គ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​នោះទេ​។​

​តែ​ថ្មីៗ​នេះ រដ្ឋបាល​ស្រុក​ទទួលបាន​ការរិះគន់ និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ឱ្យជួយ​ពិនិត្យ​លើ​បញ្ហា​សំរាម និង​កាកសំណល់​នានា​ដែល​បាន​ចោទ​ជា​បញ្ហា​ប្រឈម ទើប​សម្រេច​ប្រមូល​បងប្អូន​ប្រជាពលរដ្ឋ យុវជន​ស្ម័គ្រ ប្រជា​ការពារ ព្រមទាំង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ចំ​បុ​ី​សៀមរាប សរុប​កំលាំង​ជិត​២០០​នាក់ ដាក់​កម្មវិធី​សម្អាត​បរិស្ថាន​នៅក្នុង​តំបន់​នេះ​ឱ្យចំ​ថ្ងៃ​ទិវា​បរិស្ថាន​២៣​វិច្ឆិកា​តែម្តង​។ តែ​អ្វីៗ​មាន​សភាព​ធ្ងន់ធ្ងរ​លើសពី​ការរំពឹងទុក​ទៅទៀត​។ ចាប់តាំងពី​ចំណតរថយន្ត​នៅ​ខាង​ផ្នែក​ខាងក្រោម នៅតាម​សងខាង​ជណ្តើរ​ឡើង និង​ផ្លូវ​រថយន្ត ចំណុច​សម្រាក​ជើង​នីមួយៗ ជាពិសេស​នៅ​ជុំវិញ​បរិវេណ​ដែលមាន​អ្នកលក់ដូរ និង​ផ្នែក​ខាងលើ​នៃ​ភ្នំ ក៏ដូចជា​បរិវេណ​ជុំវិញ​បន្ទប់ទឹក សំរាម​យ៉ាងច្រើន​មាននៅ​ស្ទើរតែ​គ្រប់​ទីកន្លែង ហាក់ដូចជា​មិនដែល​មាន​អ្នកណា​ធ្លាប់​មក​សម្អាត​ទាល់តែសោះ ដែល​ធ្វើឱ្យ​មានការ​ខ្ពើមរអើម មិន​ចង់​សូម្បីតែ​ដើរ​ឆ្លងកាត់ កុំថាឡើយ​ដល់​ថ្នាក់​ឱ្យមក​លេង​កម្សាន្ត​។ តែ​ហេតុអ្វី​?

​ទទួលស្គាល់ថា​ទីនេះ​មិនទាន់មាន​ការគ្រប់គ្រង​ផ្ទាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ណាមួយ​នៅឡើយ​ទេ អាច​ថា​បណ្តាលមកពី​ភាពមិនច្បាស់លាស់​នៃ​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក៏​ថា​បាន ព្រោះ​យ៉ាងហោចណាស់​ក៏មាន​ស្ថាប័ន​៤​ដែរ ដែល​ពាក់ព័ន្ធ​នៅទីនេះ​(​បរិស្ថាន​? អប្សរា​? ស្វាយ​លើ​? បន្ទាយស្រី​?)​។​ប៉ុន្តែ​កន្លងមក នៅទីនេះ​ក៏មាន​ក្រុម​អ្នកទទួលបាន​ផលប្រយោជន៍​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មកកាន់​ព្រះអង្គ​ជប់​រួចទៅហើយ ទាំង​អ្នកលក់ដូរ ទាំង​អ្នកយក​ថ្លៃ​ចំណតរថយន្ត​និង​ផ្លូវ​ឡើង ព្រមទាំង​គណៈកម្មការ​វត្ត និង​អាស្រម​នៅ​ផ្នែក​ខាងលើ​ផងដែរ​។ ចុះ​ហេតុអ្វី​បានជា​មិនមាន​អ្នកណា​ទទួលខុសត្រូវ​លើ​បញ្ហា​សំរាម​យ៉ាង​ដូច្នេះ​? តើ​ប្រយោជន៍​ឯកជន​គួរ​មាន​ចំណង​គណនេយ្យភាព​ជាមួយ​ការការពារ​ផលប្រយោជន៍​រួម​ដែររឺទេ​? តើ​វា​ជា​កង្វះខាត​មធ្យោបាយ ឬ​ការគ្រប់គ្រង​? ចុះបើ​យើង​ចង់​ចាប់ផ្តើម​គ្រប់គ្រង​វា គួរ​ធ្វើ​បែបណា​? គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា​?

​ខ្ញុំ​ជឿថា​យើង​មិន​អាចមាន​ចម្លើយ​ភ្លាម​ដោយ​មិនមាន​ការសិក្សា​លម្អិត​ពី​ឫសគល់​នៃ​បញ្ហា និង​នាំ​អ្នកពាក់ព័ន្ធ​ទាំងអស់​មកជួប​គ្នា​អង្គុយ​ពិភាក្សាគ្នា​នោះទេ ប៉ុន្តែ​រាល់​ការអភិវឌ្ឍ​ត្រូវតែមាន​ចីរភាព​។ ប្រសិនបើ​យើង​មិនទាន់មាន​លទ្ធភាព​ធានា​ឱ្យបាន​ថា ការអភិវឌ្ឍ​ថ្ងៃនេះ​នឹងមិន​ធ្វើឱ្យមាន​វិនាសកម្ម​នៅក្នុង​ថ្ងៃស្អែក យើង​មិនគួរ​យក​អនាគត​នៃ​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ មក​ប្រថុយប្រថាន ឬ​យក​ផលប្រយោជន៍​រួម​មក​ប្តូរ​ជាមួយនឹង​ប្រយោជន៍​ឯកជន​បន្តិចបន្តួចរ​បស់​បុគ្គល​រឺ​ក្រុម​ណាមួយ​នោះទេ​។​

​ជាការ​ចាប់ផ្តើម រដ្ឋបាល​ស្រុក​បន្ទាយស្រី​គ្រោង​នឹងធ្វើ​ការពិភាក្សា​ជាមួយ​រដ្ឋបាល​ស្រុក​ស្វាយ​លើ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឈានទៅរក​យន្តការ​គ្រប់គ្រង​ប្រកបដោយ​និរន្ត​ភាព​មួយ​នៅទីនេះ​។ ការបង្កើត​គណៈកម្មកា​រ​គ្រប់គ្រង ឬ​សហគមន៍​ផ្លូវការ​ច្បាស់លាស់​ណាមួយ​ដែលមាន​លទ្ធភាព​អាច​ស្វ័យគ្រប់គ្រង​បាន គឺជា​ជម្រើស​ល្អ​មួយ ដែល​គួរ​យកមក​ពិចារណា ប៉ុន្តែ​ទម្រាំ​នឹង​យើង​អាចមាន​យន្តការ​ជាក់លាក់​ទាំងនោះ​បាន ក្នុងនាម​រដ្ឋបាល​ស្រុក​បន្ទាយស្រី ខ្ញុំ​សូម​អំពាវនាវ ២​ចំណុច​ជា​បណ្តោះអាសន្ន​៖ សូម​បងប្អូន​អ្នកទេសចរ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់​ដែល​មក​ទស្សនា​កម្សាន្ត ឬ​ធ្វើបុណ្យ​ធ្វើ​ទាន​នៅទីនេះ​មេត្តា​គ្រប់គ្រង​សំរាម​ផ្ទាល់ខ្លួន និង​ផ្តល់​ភាព​ទទួលខុសត្រូវ​លើ​សំរាម​ដែល​ខ្លួន​បាន​បង្កើត ព្រោះ​រាល់​សំរាម​ដែល​បោះចោល​នៅទីនេះ​នឹង​បន្ត​នៅទីនេះ​ជា​រៀងរហូត​។ បើ​អាច សូម​ធ្វើការ​កាត់បន្ថយ និង​វេច​ខ្ចប់​យក​សំរាម​ត្រលប់​ទៅវិញ​ផង​។ ទោះបីជា​ថ្ងៃនេះ ក្រុមការងារ​បាន​សម្អាត​តាម​ដងផ្លូវ​បាន​មួយអន្លើ​ធំ​ក៏ដោយ ក៏​យើង​មិនទាន់មាន​យន្តការ​ប្រមូល​សំរាម​ថ្មីៗ​នៅឡើយ​ទេ ចំណែកឯ​ធុងសំរាម​ច្រើន​ក៏​មិនមែនជា​ដំណោះស្រាយ​ដែរ ដរាបណា​មិនទាន់មាន​យន្តការ​គ្រប់គ្រង​ជាប្រចាំ​។ សប្បុរសជន​ដែល​តែងតែ​បរិច្ចាគ ធ្វើបុណ្យ​ធ្វើ​ទាន​ទៅកាន់​ព្រះអង្គ​ជប់ គួរ​ពិចារណា​រំលែក​ការចូលរួម​នេះ​មកលើ​កិច្ច​គាំពារ​ថែរក្សា​បរិស្ថាន និង​គ្រប់គ្រង​សំ​រា​ម​ផង តាមរយៈ​ការ​ជ្រោមជ្រែង​លើ​យុវជន​ស្ម័គ្រចិត្ត ឬ​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការប្រមូល​សំរាម​។ ភាព​ស័​ក្ត​សិទ្ធ និង​ការ​គោរពបូជា​មិនគួរ​ធ្វើឡើង​នៅក្នុង​ទី​ដែល​គគ្រិច​នោះទេ ហើយ​ការស្រលាញ់​ថែរក្សា​បរិស្ថាន​ក៏​អា​ចរាប់ថា​ជាការ​ធ្វើបុណ្យ​បានដែរ​។

​សង្ឃឹមថា ការលើកឡើង​របស់ខ្ញុំ​អំពី​ការ​ប្រឈម​ធ្ងន់ធ្ងរ​នៃ​បញ្ហា​សំរាម​នៅក្នុង​តំបន់​ព្រះ​ជប់​ក្នុង​ថ្ងៃ​ទិវា​បរិស្ថាន​២៣​វិច្ឆិកា​នេះ នឹង​បាន​ក្រឿន​រំលឹក​ពី​សារសំខាន់​នៃ​ការថែរក្សា​បរិស្ថាន​ធម្មជាតិ និង​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​អនាគត​យូរអង្វែង​របស់​យើងទាំងអស់គ្នា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×