Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ផ្តល់ជំនួយ​បន្ថែមចំនួន ៦០​ម៉ឺន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​កន្លងមក

spot_img

​ភ្នំពេញ​៖ សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​បន្ថែមចំនួន ៦០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​កន្លងមក ដល់​កម្ពុជា សម្រាប់​ឧបត្ថម្ភ​ទៅលើ​ស្បៀងអាហារ​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ចំនួន ៣.៧២៥​គ្រួសារ ដែល​ជំនួយ​បន្ថែម​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា តំណាង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាម៉េរិក (USAID) តំណាង​អង្គការ​ស្បៀង​ពិភពលោក (WFP) នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ផងដែរ កន្លងមក​ថ្មីៗ​នេះ​សហរដ្ឋ​អាម៉េរិក បានផ្តល់​ជំនួយ​បន្ទាន់ ឆ្លើយតប​ទៅនឹង​គ្រោះទឹកជំនន់​នៅ​កម្ពុជា ចំនួន ១០​ម៉ឺន​ដុល្លារ​អាម៉េរិក ម្តង​រួចមកហើយ ។​

​សហរដ្ឋអាមេរិក នឹង​ផ្តល់ជំនួយ​សង្គ្រោះ​ជា​បន្ថែម​ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សហគម​ន៍​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ទាំងនេះ​។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បា​នប​ន្ដ​ថា ជាមួយនឹង​ថវិកា​បន្ថែម​នេះ​ការិយាល័យ​ផ្តល់ជំនួយ​មនុស្សធម៌រ​បស់​ទីភ្នាក់ងារ ជំនួយ​អាម៉េរិក USAID នឹង​ជួយ​ដល់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) ក្នុងការ​ផ្តល់ជំនួយ​ក្នុង​គ្រា​បន្ទាន់​ដើម្បី​ជួយ​គ្រួសារ​ចំនួន ៣.៧២៥ គ្រួសារ ដែល​រង​ផលប៉ះពាល់​ដើម្បី​ឱ្យគេ​ទិញ​ស្បៀងអាហារ​។ ឯកឧត្ដម​បាន​បន្ថែម​ថា ជំនួយ​នេះ បាន​បន្ថែម​ទៅលើ​ទឹកប្រាក់​ចំនួន ១០០ .០០០ ដុល្លារ ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឱ្យ​ដំបូង​ដល់​អង្គការ WFP បន្ទាប់ពី​មាន​គ្រោះទឹកជំនន់​ភ្លាម​សម្រាប់​ជួយ​ក្នុងការ​ចែកចាយ​ស្បៀង​ជាបន្ទាន់​ដល់​គ្រួសារ​ចំនួន​ជាង ២៥៦០ គ្រួសារ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​ខេត្តពោធិ៍សាត់​។

លោក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែងថា រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្ដល់ជំនួយ​បន្ថែម​បែបនេះ ក៏​ព្រោះតែ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ឆ្នាំនេះ ហើយ​វា​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​ស​ហគ​មន៍​រងគ្រោះ​ផងដែរ​។ លោក​បាន​ចុះទៅ​កាន់​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ខែតុលា​កន្លងមកនេះ ហើយ​លោក​ថា លោក​បានឃើញ​ដោយផ្ទាល់​នូវ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​។​

​លោកស្រី Claire Conan តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក​(WFP) បាន​គូសបញ្ជាក់ថា “​យើង​សូម​អរគុណ​ដល់ទី​ភ្នាក់ងារ USAID ចំពោះ​ជំនួយ​បន្ថែម​នេះ​សម្រាប់​គ្រួសារ​ខ្សត់ខ្សោយ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ ជំនួយ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ស្តារ​ស្ថានភាព​របស់គេ​ពិសេស​ដោយ​ពួកគេ​ជាច្រើន​ក៏​រងគ្រោះ​ផងដែរ​ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​ជាស​កល​។ អង្គការ WFP នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​និង​ដៃគូ​នៅក្នុង​ដំណាក់កាល​ថ្មី​នេះ​នៃ​ការឆ្លើយតប​នឹង​គ្រោះទឹកជំនន់​”​។ ក្រៅពីនេះទៀត​ជាមួយ នឹង​ជំនួយ​របស់​ទីភ្នាក់ងារ USAID អង្គការ WFP បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ចំពោះ​ការជួយ​នេះ​បានរួម​ចំណែក​ធ្វើឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ អាច​តាមដាន​ហានិភ័យ​និង​ផលប៉ះពាល់​នៅពេល​មាន​គ្រោះទឹកជំនន់ ហើយ​អាច កៀរគរ​ធនធាន​បាន​ឆាប់រហ័ស សម្រាប់ធ្វើ​ការឆ្លើយតប​នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​។​

អ្នកស្រី គ្លែ​រ ខូ​នែ​ន (Claire Conan) នាយក​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា គ្រោះទឹកជំនន់​នៅ​កម្ពុជា​កាលពី​ខែតុលា​កន្លងមកនេះ បាន​ប៉ះពាល់​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ​៨​សែន​នាក់ និង​ផ្ទះសម្បែង​ពលរដ្ឋ​ដល់​ទៅ​ជាង​១៦​ម៉ឺន​ខ្នង​។​

​លោកស្រី​បានលើកឡើង​ថា ដោយមាន​ជំនួយ​របស់​ទីភ្នាក់ងារ USAID អង្គការ WFP បាន​ជួយ​ដល់​វេទិកា​ឆ្លើយតប​មនុស្សធម៌​ដោយ​ជួយ​ធ្វើការ​សម្រប​សម្រួលការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​នៅក្នុង​វិស័យ​នានា ហើយ​ធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​ទឹកជំនន់​នៅក្នុងពេល​មាន​វិបត្តិ​កើតឡើង​។ ជំនួយ​ជា​ថវិកា​១០​ម៉ឺន​ដុល្លារ​ដែល​អាមេរិក​ផ្ដល់​លើកដំបូង​នោះ ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​បែងចែក​ស្បៀងអាហារ​ដល់​ពលរដ្ឋ ២.៥៦០​គ្រួសារ​នៅក្នុង​ខេត្តពោធិ៍សាត់ ជា​ខេត្ត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×