Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្នើ​ឲ្យ​អ្នកទទួលខុសត្រូវ នៅក្នុង​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី ផ្តោត​ការយកចិត្តទុកដាក់​ជាប្រចាំ លើ​គោលការណ៍​មិនអាច​បដិសេធ​បាន​នៃ​ឯករាជ្យភាព​

spot_img

​ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៣៧ ដែល​រៀបចំឡើង​នៅ​ទីក្រុង​ប៉ារីស តាម​ប្រព័ន្ធ​វីដេអូ​។​

​បើតាម​បទ​អន្តរាគមន៍​របស់​ឯក​ឧ​ត្ត​ម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា កម្ពុជា​សូម​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​កំណែ​ទម្រ​ង​នានា ដែល​បាន​ផ្តួចផ្តើម ឡើង​ដោយ​លោកជំទាវ​អគ្គលេខាធិការ និង​ដែល​បានអនុម័ត​ដោយ​អង្គប្រជុំ ហ្វ្រ​ង់​កូ​ហ្វូ​នី​របស់​យើង ហើយ​កម្ពុជា​សូម​ស្នើ​ឲ្យ​អ្នកទទួលខុសត្រូវ​តាម​កម្រិត​ផ្សេងៗ​គ្នា នៅក្នុង​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​របស់​យើង​ផ្តោត​ការយកចិត្តទុកដាក់​ជាប្រចាំ លើ​គោលការណ៍​មិនអាច​បដិសេធ​បាន​នៃ​ឯករាជ្យភាព ការមិន​ជ្រៀត​ជ្រែកចូល កិច្ចការ​ផ្ទៃក្នុង ការមិន​ចូលបក្ស​សម្ព័ន្ធ សិទ្ធិ​ស្វ័យ​សម្រេច និង​អត្តសញ្ញាណ​ជាតិ ។​

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា នៅ​ឆ្នាំ​២០១៨ មិត្ត​អា​មេ​នី​របស់​យើង​បានជ្រើសរើស​យក​ប្រធានបទ​គោល សម្រាប់​កិច្ចប្រជុំ​កំពូល​នាពេលនោះ គឺ ការរស់នៅ​ជាមួយគ្នា​”​។ ប៉ុន្តែ​គួរឱ្យ សោកស្តាយ អ្វីដែល​គេ​ប្រសិទ្ធ​នាម​ថា “​ការអំពាវនាវ​នៃ​ទីក្រុង​អេ​វ៉ៃ​វ៉ាន់​” មិនត្រូវ​បាន គេ​យកទៅអនុវត្ត​នោះទេ ហើយ​ផ្ទុយ​មកវិញ​ការទាស់ទែង​គ្នា និង​អំពើហិង្សា​គឺ បាន​កើតមានឡើង​។ បន្ទាប់មក​គេ​បាន រកឃើញ​ដំណោះស្រាយ​ជា​បណ្តោះអាសន្ន មួយ​ដើម្បី​បញ្ឈប់​ស្នូរ​កាំភ្លើង​។ យើង​សូម​សាទរ​ចំពោះ​ដំណោះស្រាយ​នេះ និង​សូម​លើកទឹកចិត្ត​ឲ្យ​មានការ​ចរចា​។​

​ប្រទេស​កម្ពុជា​សូម​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​នេះ​ទេ ហើយ​បាន​កម្រិត​ចំនួន​នៃ​ការឆ្លង​ឱ្យនៅ​ទាប (​មកទល់ពេលនេះ មាន ៣០៦ នាក់​) ។ ហេតុផល​ដែល​កម្ពុជា​ទទួលបាន​ល​ទ្ធ​ផល​ជាទី​គាប់ប្រសើរ​ទាំងនេះ គឺ​ដោយសារតែ​កម្ពុជា​បាន​ចាត់វិធានការ​ចាំបាច់​នានា​យ៉ាង​ឆាប់រហ័ស និង​បាន​អនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ដោយមាន​ការលើកទឹកចិត្ត​ពី អង្គការ​សុខភាព​ពិភពលោក​។

​ចាប់តាំងពី​ដើមដំបូង​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ រាតត្បាត​នេះ យើង​បាន​កែលម្អ វិធីសាស្ត្រ ពង្រឹងសមត្ថភាព និង​អនុវត្ត​ដោយ​ម៉ត់ចត់​វិធានការ​ធ្វើតេស្ត​ស្វែងរក អ្នកជំងឺ កូ​វីដ​-១៩ ការដាក់​អ្នកជំងឺ ឱ្យនៅ​ដាច់ដោយឡែក​និង​បាន​អនុវត្ត​គោល នយោបាយ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​សង្គម -​សេដ្ឋកិច្ច​បាន​យ៉ាង​ទាន់ពេលវេលា​។ ជំនួយ​ត្រូវបាន​ផ្តល់ជូន​ដល់​ប្រជាជន​ដែល​បាត់បង់​ការងារ ការបន្ធូរបន្ថយ​បន្ទុក​ពន្ធ​សម្រាប់​ក្រុមហ៊ុន​, និង​ការលើកទឹកចិត្ត​វិនិយោគិន​ឲ្យ​បង្កើត​ការងារ ។

សេចក្តីសម្រេចចិត្ត​ស្តីពី “​ការរស់នៅ​ជាមួយគ្នា ជា​ប្រធានបទ​ដែល​ត្រូវ នឹង​ការពិត​ជាក់ស្តែង​ពេលនេះ​ជាង​ពេលណាៗ​ទាំងអស់ និង​បង្ហាញ​យ៉ាងច្បាស់ ពី​ហេតុផល​ចាំបាច់​សម្រាប់​យើង​រួមដៃគ្នា ។

​ក្នុង​ស្មារតី​ដូចគ្នានេះ កម្ពុជា​បាន​លើកតម្កើង​គុណ​តម្លៃ​នៃ​សាមគ្គីភាព​រវាង ប្រជាជន​តាមរយៈ​ការទទួល​ស្វាគមន៍​នាវា​កម្សាន្ត Ms Westerdam ដែល​ផ្ទុក អ្នកដំណើរ​ចំនួន ២ ២០០ នាក់ ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា ដែល​នាវា នេះ​បាន​ស្វែងរក​ទីតាំង​ចូល​ចត​អស់​រយៈពេល​ពីរ​សប្តាហ៍​មកហើយ​។​នាពេល​ថ្មីៗ​នេះ​ផងដែរ កម្ពុជា​បាន​ផ្តល់ជំនួយ​ជូន​ដល់​ប្រទេស​ឡាវ​នូវ​ម៉ាស​ចំនួន ២​លាន រួមជាមួយ​សម្ភារៈ​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត ហើយ​នៅពេល​ឆាប់ៗ ខាងមុខនេះ កម្ពុជា​ក៏​នឹង​ផ្តល់នូវ​ជំនួយ​ដូចគ្នានេះ ជូន​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ។

​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​នានា​ដែលមាន​ចែង នៅក្នុង​សេចក្តីសម្រេច​ស្តីពី ការរស់នៅ​ជាមួយគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ រាតត្បាត​កូ​វីដ​-១៩​។ កម្ពុជា​សូមបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ ពហុភាគី​និយម និង​ការជឿជាក់​របស់ខ្លួន​ចំពោះ​អង្គការ​សុខភាព​ពិភពលោក ។

​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ដា​កា កាលពី​ឆ្នាំ​២០១៤ មក យើង​ត្រូវ ទទួលស្គាល់ ថា​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​នី​របស់​យើង គឺ នៅមានកម្រិត​ទាប​នៅឡើយ​។ យើង​ខ្វះ​ភាពជាក់ស្តែង​និយម ។

​យើង​ត្រូវ​កំណត់​គោលដៅ​ជាក់ស្តែង ដើម្បី​ធានាបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​។ នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល នៅ​ទីក្រុង​ដ្យែ របា​(Djerba) ប្រទេស​ទុយ​នេ​ស៊ី​នៅពេល​ខាងមុខនេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​មានការ​អនុម័ត​នូវ​ផែនទី​បង្ហាញផ្លូវ​មួយ ដើម្បី​កំណត់​គោលដៅ​កំណើន​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ពី ៥% ទៅ ៦% រវាង​សមាជិក​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​ការបង្កើត​នូវ “​ទីភ្នាក់ងារ​សង្កេតការណ៍​សេដ្ឋកិច្ច​របស់​អង្គការ OIF” ។

បច្ចុប្បន្ននេះ អាស៊ី ប៉ាស៊ីហ្វិក​បានក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​សេរី​នាំមុខគេ នៅលើ​ពិភពលោក​។ កម្ពុជា​ដែលជា​ប្រទេស​និយាយ​ភាសា​បារាំង សូម​អញ្ជើញ សហគ្រិន វិនិយោគិន ហ្វ្រ​ង់​កូ​ហ្វូ​ន មកជួប​ដៃគូ​ហ្វ្រ​ង់​កូ​ហ្វូ​ន​នៅ​កម្ពុជា ដើម្បី សហការ​វិនិយោគ រួមគ្នាប្រកប​ដោយ​​ថាមពល ។ សហគ្រិន អ្នក​វិនិយោគិន ហ្វ្រ​ង់​កូ​ហ្វូ​ន​ទាំងនោះ នឹង​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​បារាំង​ជាមួយ អ្នកទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​មកពី​វិស័យ​សាធារណៈ​និង​ឯកជន ហើយ​ពួកគេ នឹង​បាន​មើលឃើញ​នូវ​ឱកាស​វិនិយោគ​នានា​ដែល​គួរ​ចាប់​យក។

​លោក​ថា យើង​ពិត​ជាមាន​សេចក្តី​រីករាយ​ចំពោះ​គម្រោង បំពេញ​ទស្សនកិច្ច​របស់លោក​ជំទាវ​នៅ​កម្ពុជា និង​នៅ​តំបន់​អាស៊ី – ប៉ាស៊ីហ្វិក នៅ ឆ្នាំ​២០២១ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​អង្គការ OIF​។ យើង​នឹង ខិតខំ​ធ្វើ​ឲ្យ​ទស្សនកិច្ច​នេះ​បានទទួល​ជោគជ័យ និង​សូម​លើកទឹកចិត្ត​លោកជំទាវ សូម​ឲ្យ​មាន​គណៈប្រតិភូ​សហគ្រិន​ឯកជន​មកពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ OIF អញ្ជើញ​ចូលរួម​អម​លោកជំទាវ​ឲ្យ​បាន​ច្រើន​ក្នុង​ទស្សនកិច្ច​នេះ ។

ពិតណាស់ថា​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ចាំបាច់​ត្រូវការ​វិស័យ​ឯកជន មួយ​ដែល​រឹងមាំ ។ កម្ពុជា​បាន​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​ពី ៥៣% មក​ត្រឹម ១០% ក្នុង​រយៈពេល​តិចជាង ២០ ឆ្នាំ នេះ គឺ​ដោយសារតែ​កម្ពុជា​មា​នស​ម​ត្ថ​ភាព ក្នុងការ​ធានាបាន​នូវ​សន្តិភាព​និង​ស្ថិរភាព ដែលជា​បរិយាកាស​អំណោយ​ផល សម្រាប់​សហគ្រាស និង​ពលករ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×