Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC ត្រៀម​បញ្ជ្រាប​ការផ្សព្វផ្សាយ​យុទ្ធនាការ​គន្លឹះ​សំខាន់ៗ ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ឆ្ពោះទៅស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ផ្តោត​សំខាន់​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​រួម​ថា កិច្ចប្រជុំ​ថ្ងៃនេះ​ផ្តោត​សំខាន់​លើ​របៀបវារៈ​ចំនួន​ពីរ ទី​១-​គឺ​ការរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​អប់រំ​សង្គម និង​បើក​យុទ្ធនាការ​ផ្សេងៗ​របស់​គណៈកម្មការ​ប​រិ​ស្ថាន វប្បធម៌ និង​អប់រំ​កីឡា និង​ទី​២-​ការត្រួត​ពិនិត្យមើល​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ​។​

​ចំពោះ​របៀបវារៈ​ទី​១​សង្កត់ធ្ងន់​លើ​ការរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដែលមាន​គោលដៅ​បញ្ជ្រាប​ការផ្សព្វផ្សាយ​អប់រំ​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​មានការ​ឯកភាព​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC កាលពី​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ កន្លងទៅ​។ កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ដឹកនាំ ដើម្បី​ប្រើប្រាស់​យន្តការ​នានា ដែល​ត្រូវធ្វើ​ក្នុងអំឡុង​យុទ្ធនា​ការអប់រំ​សង្គម ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត បដិសណ្ឋាកិច្ច​ល្អ ការកាត់បន្ថយ​គ្រឿងញៀន ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ជាដើម ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​កំណត់​រួមគ្នា​ថា ជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ មានដូចជា​តំណាង​ក្រសួងបរិស្ថាន តំណាង​នគរបាលជាតិ បាន​យល់ច្បាស់​ពី​គោលដៅ​នៃ​ខ្លឹមសារ​សិក្ខាសាលា ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Garden City រាជធានី​ភ្នំពេញ​។​

​ចំពោះ​របៀបវារៈ​ទី​២ ត្រូវបាន​ឯកឧត្តម​អគ្គលេខាធិការ CAMSOC ជម្រាប​អំពី​ការពិនិត្យ​លើ​យន្តការ​នៃ​ការស្វែងរក​ធនធាន​ជួយ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម តាមរយៈ​ការរកចំណូល​បន្ថែម​នៃ​ទីផ្សារ​កីឡា និង​ការស្វែងរក​ច​ល​នូ​ប​ត្ថ​ម្ភ (​ស្វែងរក​ម្ចាស់​ឧបត្ថម្ភ​) ហើយ​គណៈកម្មការ​ជំនាញ​របស់ CAMSOC មួយ​នេះ ក៏បាន​បង្ហាញ​នូវ​ភាព​លម្អិត​នៃ​ផែនការ​សកម្មភាព​ច្បាស់​លាស់​ថា​តើ​ប្រភព​នៃ​ធនធាន ការឧបត្ថម្ភ បានមកពី​ណាខ្លះ ហើយ​ប្រភព​ទាំងអស់នេះ​បានមកពី​ណាខ្លះ ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​នៃ​ថវិកា​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម​បាន​បញ្ជាក់ជូន​បន្ថែមទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ជំរុញ​ឲ្យ​ការរៀបចំ​ផែនការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ស៊ីជម្រៅ ក៏ដូចជា​បាន​ឯកភាព​ចំពោះ​គម្រោង និង​សមាសភាព​បន្ថែម​របស់​គណៈកម្មកា​រ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ ព្រមទាំង​ការស្វែងរក​អ្នកជំនាញ​ពី​ក្រៅប្រទេស​មកជួយ​ដល់​គណៈកម្មការ​ជំនាញ​មួយ​នេះ​។​

សម្រាប់​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការអប់រំ​សង្គម​ក្នុង​គុណ​តម្លៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺ​មិន​ប្រមូលផ្តុំ​ដល់​រាប់ពាន់នាក់​ទេ ដោយ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយ​ប្រមូលផ្តុំ​ត្រឹម​២០០ ទៅ ៣០០​នាក់​ប៉ុណ្ណោះ ដោយ​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នោះ​គឺជា​មនុស្ស​គន្លឹះ ដែលជា​អាជ្ញាធរ អភិបាល​ទាំង​២៥​រាជធានី​-​ខេត្ត សហ​ព័ន្ធ​កីឡា​ជាតិ និង​អង្គការ​កីឡា​ជាតិ និង​អន្តរជាតិ ព្រមទាំង​មន្ទីរអប់រំ យុវជន និង​កីឡា មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ដែលជា​ភ្នាក់ងារ​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះដឹង​បន្ត​ជូនទៅ​ដល់​មូលដ្ឋាន​របស់ខ្លួន ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់​ចុងក្រោយ​ថា «​ការរៀបចំ​សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ប្រសិនបើ​យើង​មិន​រៀបចំ​ទេ នោះ​យើង​មិន​ទទួលបាន​នូវ​ធាតុ​ចូល និង​មិន​ទទួលបាន​នូវ​ការចាប់ផ្តើម​មួយ​ទូទាំងប្រទេស​នោះទេ ដូច្នេះហើយ​សិក្ខាសាលា​នេះ​នឹងធ្វើ​ឲ្យ​យុទ្ធនាការ​ទាំងអស់​រប​ស់​ខ្លួន​បញ្ជ្រាប​ទៅដល់​ទូទាំងប្រទេស​។ ឯកឧត្តម​លើកឡើងថា ការប្រកួត​កីឡា​ស៊ី​ហ្គេម ហេតុអ្វី​ត្រូវ​រៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​បរិស្ថាន​-​កម្ពុជា​ស្អាត កាត់បន្ថយ​គ្រឿងញៀន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ដែរ ដែល​បញ្ហា​នេះ​ជាគោលការណ៍​របស់​អន្តរជាតិ ដែល​ម្ចាស់ផ្ទះ​ត្រូវតែ​ស្អាតស្អំ មាន​ឥរិយាបទ​ល្អ​ក្នុង​ការទទួល​ស្វាគមន៍​ប្រតិភូ ក៏ដូចជា​មានកេរ្តិ៍ឈ្មោះ​ល្អ​ផងដែរ ទើប​ទទួលបាន​ការចូល​រួម ដោយ​ម្ចាស់ផ្ទះ​រៀបចំ​ហ្គេម​នីមួយៗ​គឺជា​ឱកាស​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​បន្ថែម ក្រៅពី​ការរៀបចំ​កីឡា ដើម្បី​ឲ្យ​អន្តរជាតិ​មើលឃើញ​ពី​ភាពល្អ គេ​ផ្សព្វផ្សាយ​ពី​យើង ហើយ​យើង​នឹង​ទទួលបាន​ភាពជោគជ័យ នយោបាយ ការទូត សេដ្ឋកិច្ច សង្គម​របស់​យើង ដោយ​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​បែបនេះ គឺជា​ឱកាស​ក្នុងការ​ស្រូប​ទាញ​ឲ្យ​មានការ​គាំទ្រ​ពីលើ​ឆាក​អន្តរជាតិ​»៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×