Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួប​ប្រធាន​តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អណ​ត្តិ រួមជាមួយ​លោកស្រី​ប្រធាន​តំណាង​ទើប​តែងតាំង​ថ្មី​

spot_img

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានទទួល​ជួប​លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អណ​ត្តិ រួមជាមួយ​លោកស្រី​ប្រធាន​តំណាង​ទើប​តែងតាំង​ថ្មី គឺ​លោកស្រី KAMEI Haruko និង​សហការី ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អភិវឌ្ឍន៍​ទឹកស្អាត និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ។

​មាន​ប្រសា​ស​ន៌​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការងារ​របស់​អង្គការ​JICA នៅ​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អភិវឌ្ឍ​ន៌​ជាច្រើន ។

​លោក​មានប្រសាសន៍ថា ក្នុង​វិស័យ​ទឹកស្អាត ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA និង​ទីក្រុង Kitakyushu ជាដើម បាន​ដើរតួ​យ៉ាងសំខាន់ ហើយ​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​បច្ចុប្បន្ន នៅ​ចងចាំ​ជានិច្ច​នូវ​ជំនួយ​របស់​ជប៉ុន​លើ​វិស័យ​ទឹកស្អាត។

​លោក​ទេសរដ្ឋមន្ត្រី សង្ឃឹមថា​៖«​លោកស្រី KAMEI Haruko ប្រធាន​តំណាង​អង្គការ JICA ទើប​តែងតាំង​ថ្មី នឹង​បន្ត​អនុវត្តន៍​គម្រោង​ដែល​នៅ​សេសសល់​ឲ្យ​សម្រេចបាន​ជោគជ័យ ជាពិសេស គម្រោង​អភិវឌ្ឍ​ទឹកស្អាត​នៅ​ខេត្តស្វាយរៀង ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ។​»

​លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អណ​ត្តិ និង​លោកស្រី​ប្រធាន​តែងតាំង​ថ្មី បានបង្ហាញ​នូវ​ជំហរ​បន្ត​សហការ​ជាមួយ​ក្រសួង ជាពិសេស​ស លើ​វិស័យ​ទឹកស្អាត ។ ក្នុងនោះ​ការ​ណ្តុះ​បណ្តាល​ធនធានមនុស្ស​ក៏​ជា​កត្តា​សំខាន់​មួយ ស្រប​ពេលដែល​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្តូរ​ឈ្មោះ ដោយ​បន្ថែម វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅក្នុង​នោះ​ផងដែរ ។​

​សូមបញ្ជាក់ថា ទីភ្នាក់ងារ JICA គឺជា​ដៃគូ​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ន៌​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ជាពិសេស​បាន​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ច្រើនជាងគេ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​ន៌​ធនធានមនុស្ស ដូចជា គម្រោង​កសាង​សមត្ថភាព ដែល​ជំ​ហ៊ាន​ទី​១ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៣ និង​បាន​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​ជំ​ហ៊ាន​ទី​២ និង​ជំ​ហ៊ាន​ទី​៣ ហើយ​មកដល់​បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាន​នឹង​កំពុង​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត ក្នុងការ​គ្រប់គ្រង​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា ។

​តាមរយៈ​គម្រោង​ទាំងនេះ មន្ត្រី​ជំនាញ​ជាច្រើន​ត្រូវ​បានទទួល​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី មធ្យម និង​វែង ដែល​បង្កើតបានជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ន៌​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ប្រកបដោយ​ចិ​រ​ភាព ។ ក្រៅពី​គម្រោង​កសាង​សមត្ថភាព ទីភ្នាក់ងារ JICA ក៏បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ពង្រីក​ស​ម​ត្ថ​ភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត ក៏ដូចជា​អង្គភាព​ទឹក​សាធារណៈ ។

​ជាក់ស្តែង​បាន​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ក្រុងភ្នំពេញ ប្រមាណ ២៥០.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ប្រមាណ​៧០.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ អង្គភាព​រដ្ឋាករទឹក​បាត់ដំបង ជាង​២០.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ រដ្ឋាករទឹក​ខេត្តកំពង់ចាម ជាង ១០.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត ជិត ៨.០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។ ព្រមទាំង​គម្រោង​ផ្លាស់ប្តូរ និង​ពង្រីក​បណ្តាញ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត ដូចជា​៖ ខេត្ត ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ​ផងដែរ ។

​ក្រៅពីនេះ ទីភ្នាក់ងារ JICA បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់ ៦.៦០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​កំពុង​ពិចារណា​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តស្វាយរៀង ៦.៨០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ ជាដើម​៕ ដោយ ៖ CEN

spot_img
×