Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៧ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​

spot_img

​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៧ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។ ពិព័រណ៍​ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​មូលបទ «​រួមគ្នា​កសាង​ខ្សែក្រវាត់ និង​ផ្លូវ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​» នេះ នឹង​ផ្តោតលើ​ការជំរុញ​ការស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ការរក្សា​សន្ទុះ​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​អាស៊ាន និង​ចិន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រលប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង​ការ​បរ​ទស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា សន្ទរកថា​គន្លឹះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​នេះ នឹង​គូសបញ្ជាក់​ពី​ភាពចាំបាច់​ត្រូវ​ពង្រឹង​ការប្តេជ្ញា​ទ្រទ្រង់​គោលការណ៍​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​-​សង្គម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ នឹង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ឌីជីថល ដើម្បី​សម្រប​ទៅនឹង​កាលៈទេសៈ​ប្រក្រតីភាព​ថី្ម លើកកម្ពស់​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​និង​សម្រេចបាន​វឌ្ឍនភាព​បន្ថែមទៀត​។ សម្តេច​តេ​ជោ ក៏​នឹងមាន​ប្រសាសន៍​ផងដែរ​អំពី​ការខិតខំ​របស់​កម្ពុជា សំដៅ​ជំរុញ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង​រដ្ឋបាល​សាធារណៈ ព្រម​គ្នា​ជាមួយនឹង​ការអនុវត្ត​វិធានការ​កែទម្រង់​យ៉ាង​មុត​ស្រួច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ពិព័រណ៍​អាស៊ាន​-​ចិន គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ក្នុង​វិស័យសេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​។ វេទិកា​នេះ​ក៏បាន​ផ្តល់នូវ​កាលានុវត្តភាព​ធំធេង​ដល់​កម្ពុជា ដើម្បី​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ពង្រឹងពង្រីក​កិច្ចសហការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ទាំងអស់​ដែល​ចូលរួម​ពិព័រណ៍​៕
​ដោយ​៖CEN​

spot_img
×