Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ស្រូវ​ពី​កម្ពុជា ទៅ​វៀតណាម តាម​ច្រកព្រំដែន​តន់​ហន់ មានការ​ហក់​ឡើង​ខ្ពស់ ជាង​ពេល​ធម្មតា​

spot_img

​ភ្នំពេញ​៖ ស្រូវ​ជាច្រើន​ពាន់​តោន ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ឈ្មួញ​មកពី​បណ្តា​ខេត្ត​នានា បាន​នឹង​កំពុង​សម្រុក​នាំចេញ ក្នុង​មួយថ្ងៃ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​តន់​ហន់ នៃ​ស្រុក​កំពង់ត្រាច ខេត្តកំពត បណ្តាល​ឲ្យ​មានការ​ស្ទះ​រថយន្ត​ចត​ជា​ជួរ​នៅលើ​ដងផ្លូវ​រាប់គីឡូម៉ែត្រ​។​

​ការ​សម្រុក​នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​នេះ ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះទៅពិនិត្យ​ផ្ទាល់ បានឱ្យដឹងថា ការផលិត​និង​ការនាំ​ស្រូវ​ចេញទៅ​វៀតណាម​តាម​ច្រក​តន់​ហន់​នេះ គឺជា​ជ្រុង​មួយ បង្ហាញ​ពី​ភាពខ្លាំង​របស់​កម្ពុជា មិន​ត្រឹមតែ​អាច​ផលិត និង​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បានទេ ប៉ុន្តែ​ថែមទាំង​អាច​នាំ​ចេញទៅ​លក់​ក្នុងតម្លៃ​សមរម្យ​ទៅ​ប្រទេស​វៀតណាម​ទៀតផង​។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើ​ដល់​ឈ្មួញ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​កូ​វីដ​១៩ និង​សូម​មាន​អា​ធ្យា​ស្រ័យ​ខ្ពស់ ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការនាំ​ស្រូវ​ទៅ​លក់​នៅ​ច្រក​តន់​ហន់​នេះ​។​

​បើ​យោងតាម​លោក ចាន់ រិ​ទ្ធ ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពត បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​ស្រូវ​ចម្រុះ ត្រូវបាន​នាំចេញ​តាម​ច្រក​តន់​ហន់​នេះ ក្នុង​រង្វង់​២​ពាន់​តោន​។ លោក ចាន់ រិ​ទ្ធ បន្តថា នៅ​រដូវ​ប្រមូល​ផល ការនាំ​ស្រូវ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​តន់​ហន់​នេះ មានការ​ហក់​ឡើង​ខ្ពស់ ជាង​ពេល​ធម្មតា​។​

លោក បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​ឈ្មួញ​យក​ស្រូវ​មក​លក់​នៅ​ច្រក​នេះ ព្រោះ​តម្លៃ​ស្រូវ​មាន​ទីផ្សារ​ល្អ​ជាង​កន្លែង​ផ្សេងៗ គឺ​ចន្លោះ​ពី​១១០០​រៀល ទៅ​១២០០​រៀល ក្នុង​មួយ​គឺ​ឡូ​ក្រាម​។​
​គួរ​បញ្ជាក់ថា បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំ​ស្រូវ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅតាម​ច្រក​សំខាន់ៗ តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​ដែនកម្ពុជា បើ​គិត​ត្រឹម​ដើម ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​ចំនួន​ជាង ១​លាន ៥​សែន​តោន​៕
​ដោយ​៖CEN

spot_img
×