ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏តក់ស្លុតបង្ករលកកំហឹងយ៉ាងខ្លាំងក្លាពីសំណាក់មហាជនស្ទើរទូទាំងប្រទេស កាលពីប៉ុន្មានខែកន្លងទៅនេះ ទាក់ទងនឹងករណីស្ត្រីចិត្តឆៅម្នាក់បានយកកាំបិតវះមុខទៅលើក្មេងស្រីអាយុ ៥ ឆ្នាំ ម្នាក់ យ៉ាងសាហាវឃោរឃៅ ដោយសារតែខឹងនឹងក្មេងស្រីរងគ្រោះ គប់ដុំថ្មបណ្តាលឲ្យបែកក្បាលកូនប្រុសខ្លួនដេរអស់១ថ្នេរ ស្ថិតនៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បុញេ្ញ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តែយ៉ាងណា ជាមួយនឹងទង្វើដ៏សាហាវព្រៃផ្សៃ នៅទីបំផុត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ត្រីចិត្តកំណាចរូបនេះ ដែលមានឈ្មោះ លីវ ប៊ុនធឿន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ និងបង់ប្រាក់ជំងឺចិត្តចំនួន ២០០លានរៀលផងដែរ។
ទន្ទឹមនឹងនេះផងដែរ អ្វីដែលកាន់តែខ្លោចចិត្តបំផុតនោះ គឺនៅពេលក្មេងស្រីរងគ្រោះដែលបន្សល់ទុកស្លាកស្នាមរបួសផ្លែធំៗ នៅលើផ្ទៃមុខរបស់នាង បានសួរទៅកាន់ម្តាយរបស់ខ្លួនថា ម៉ាក់ៗតើពេលណាមុខកូននឹងជាសះស្បើយដូចមុន?។ ហើយគ្រាន់តែឮបែបនេះ ម្តាយរបស់នាងពិតជាតក់ស្លុត និងរកពាក្យអ្វីថ្លែងពុំចេញនោះទេ ដោយបានត្រឹមសម្រក់ទឹកភ្នែក និងពោលពាក្យសុំទោសកូនស្រីតែប៉ុណ្ណោះ។
ក្នុងនោះ នៅលើគណនីហ្វេសប៊ុកម្តាយក្មេងស្រីរងគ្រោះដែលមានឈ្មោះថា Kimlean Hong បានបង្ហោះសារដ៏រំជួលចិត្តថា៖ «កូនសួររាល់ថ្ងៃថា : ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួចបានត្រឹមតែស្រក់ទឹកភ្នែក ព្រោះម៉ាក់ក៏មិនដឹងថាពេលណាដែលឲ្យម៉ាក់សុំទោ សដែលមើលថែកូនមិនបានល្អ គ្មានថ្ងៃណាដែលម៉ាក់មិនយំអាណិតកូនទេ»៕ ដោយ៖ លឹម ហុង