Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ និង​រដ្ឋ​សមាជិក​នៅក្នុង​អនុតំបន់​ទន្លេមេគង្គ រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ ជាពិសេស រដ្ឋ​សមាជិក​នៅក្នុង​អនុតំបន់​ទន្លេមេគង្គ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាជន​។

​តាមរយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើក​ទី​១៤ តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​សកម្មភាព និង​លទ្ធផល ដែល​កម្ពុជា​សម្រេចបាន​ក្នុង​បរិបទ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ក្នុងនោះ​រួមមាន បញ្ហា​គ្រឿងញៀន ដោយ​កម្ពុជា​មើលឃើញ​នូវ​គ្រោះថ្នាក់ និង​មហន្តរាយ​សង្គម​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​បញ្ហា​គ្រឿងញៀន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យន្តការ​ជាក់លាក់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រៀងរាល់​៦​ខែម្តង ដោយ​ចាប់តាំងពី​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៧ យុទ្ធនាការ​នេះ​ត្រូវបានចាត់តាំង​អនុវត្ត​ចំនួន ៥​លើក ដោយបាន​រឹបអូស​គ្រឿងញៀន គ្រប់​ប្រភេទ​ជាច្រើន​តោន និង​បាន​បញ្ជូន​ជនល្មើស​ទៅ​ផ្តន្ទាទោស​ជាច្រើន​រយ​នាក់​។

​ជាមួយគ្នា​នោះដែរ សម្តេច​ក្រឡាហោម បានលើកឡើង​ផងដែរ​ថា កម្ពុជា​ក៏​សម្រេចបាន​សមិទ្ធផល​លិខិតុបករណ៍​ច្បាប់​សំខាន់ៗ​មួយចំនួន រួមមាន ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។ ច្បាប់​ទាំងនេះ​នឹង​ជួយ​ឱ្យ​កម្ពុ​ជាមាន​មូលដ្ឋាន​គតិយុត្ត​រឹងមាំ​ទទួលស្គាល់​ពី​អន្តរជាតិ ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​ឱ្យមាន​ស្ថិរភាព ចូលរួមចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច ព្រមទាំង​រក្សា​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​បញ្ជាក់​កាន់តែច្បាស់​ពី​ឆន្ទៈ​របស់​កម្ពុជា ក្នុងការ​ចូលរួម​ជាមួយ​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក លើ​ការងារ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ស្របតាម​ការវិវឌ្ឍ​ន៍​នៃ​ស្ថានភាព​សង្គម និង​ការកំណត់​របស់​សហគម​ន៍​អន្តរជាតិ ដើម្បី​បំផ្លាញ​ប្រភពធនធាន​ហិរញ្ញវត្ថុ​ដែលជា​បង្អែក​គាំទ្រ​ឱ្យ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ឧក្រិដ្ឋជន ដែល​បច្ចុប្បន្ននេះ​យើង​កំពុង​បន្ត​រៀបចំ​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការអនុវត្តន៍​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​ដែរ​ថា កម្ពុជា​ក៏​កំពុងដំណើរការ​រៀបចំ​ច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ត្រូវបាន​តាក់តែងឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​អនុសញ្ញា​អន្តរជាតិ​ប៊ុ​យ​ដា​ប៉េ​ស ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ិន​ធឺ​ណិ​ត ឆ្នាំ​២០០១ និង​ក៏មាន​ការចូលរួម​ផ្តល់​ធាតុ​ចូល​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ល្បីៗ​មួយចំនួន ដូចជា​ក្រុមហ៊ុន Facebook, Google, Amazon ជាដើម ។ កម្ពុជា​នឹង​ជំ​រុញឱ្យ​សេចក្តីព្រាងច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​បានអនុម័ត និង​ដាក់ឱ្យ​ប្រើប្រាស់​បាន​ឆាប់ ដើម្បី​ធានា​ដល់​សន្តិសុខ និង​សុវត្ថិភាព​នៃ​លំហ​អ៊ីនធឺណិត បញ្ចៀស​បាន​ហានិភ័យ​នានា​ពី​ការវាយប្រហារ​ភេរវកម្ម​បច្ចេកវិទ្យា ព្រមទាំង​ដើម្បី​ការពារ​ក៏ដូចជា​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​សុវត្ថិភាព និង​រួមចំណែក​ធានា​ដល់​ដំណើរ​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​របស់​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×