Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការ​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៦ ត្រូវបាន​កំណត់​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​

spot_img

​ភ្នំពេញ ៖ ផែនការ​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៦ ត្រូវបាន​គណៈកម្មការ​អន្តរក្រសួង​ជ្រើសរើស​កំណត់ និង​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​២០២០-២០៣៥ ខណៈ​តំបន់​ប៉ូល​ទេសចរណ៍​ទាំងនេះ​មាន​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពល​សំខាន់ៗ​ផ្សេងៗ​គ្នា​, នេះ​បើតាម​ឯ​ឧ​ត្ត​ម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ក្រសួងទេសចរណ៍​។​

​ការ​ថ្លែង​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​លើក​ទី​៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទី​ស្ដី​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម ជុក ជំនោរ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​អង្គប្រជុំ​បាន​ពិគ្រោះ និង​លើកឡើង​យោបល់​ជាច្រើន ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ពាក់ព័ន្ធ​នឹង​វិស័យ​ទឹកស្អាត អគ្គស​នី កសិកម្ម រ៉ែ និង​ថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាស​ធន​តូច និង​មធ្យម ហេ​ដ្ឋា​រចនា​សម្ពន្ធ ការរៀបចំ​នូវ​នវានុវត្តន៍ អាកាសធាតុ សោភ័ណភាព​វាលស្មៅ និង​ព្រៃព្រឹក្សា ទីក្រុង​វៃឆ្លាត​ជាដើម ដើម្បីឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ដើម្បី​ឱ្យមាន​លក្ខ​ណៈស​ង្គ​ត​ភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញ​នូវ​ធាតុ​ចូល​ទាំងនេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ប្រមាណ ៩០ ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជាង ២ លាន​នាក់​ផងដែរ នៅ​ឆ្នាំ​២០៣៥ ជាមួយនឹង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ស្របតាម​ស្មារតី​នៃ​ផែនការ​មេនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ បាន​បែងចែក​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៦ ទៅតាម​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពល​ផ្សេងគ្នា​ជាដើម ក្នុងនោះ​រួមមាន​៖

១) តំបន់​អេកូ​ទេសចរណ៍​ក្នុង​ដែនជម្រកសត្វព្រៃ​៖ ដោយសារ​នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​ដែនជម្រកសត្វព្រៃ​ចំនួន ៥ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​ពោរពេញ​ដោយ​សក្ដានុពល​ក្នុង​វិស័យ​អេកូ​ទេសចរណ៍​។​

២) តំបន់​របៀង​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ជនជាតិដើម​ភាគតិច​៖ ដែល​ប៉ូល​ទេសចរណ៍​ទី​ពីរ​នេះ​នឹងត្រូវ​ភ្ជាប់​ពី​តំបន់​ប៊ូ​ស្រា​ទៅកាន់​តំបន់​ដាក់​ដាំ​។​

៣)​តំបន់​ក្រុង​សែន​មនោ​រម្យ​៖ នឹង​អភិវឌ្ឍ​ក្រុង​នេះ​ទៅជា​តំបន់​អភិវឌ្ឍន៍​ពហុ​បំណង ដែលមាន​សកម្មភាព​ក​ម្សា​ន្ត​ផ្សេងៗ​មាន​លក្ខណៈ​សម្បូរបែប​។​

៤) តំបន់​ប្រជុំជន​ស្រុក​កោះ​ញែក​៖ មាន​សក្ដានុពល​ជា​តំបន់​ក​សិ​ទេសចរណ៍ ពិសេស​អាច​រៀបចំ​ជា​ចំណត​យន្តហោះ​លើទឹក (Water Plan) នៅ​ទន្លេស្រែពក​នៃ​ស្រុក​កោះ​ញែក​។ ថ្វី​ដ្បិត​ទន្លេស្រែពក​មិន​អំណោយផល​ដល់​ការធ្វើ​នាវាចរ​ទេសចរណ៍ ឬ​ដឹកជញ្ជូន​មិនបាន​ក៏ពិតមែន (​ដោយសារ​សម្បូរ​ថ្ម​ប៉ប្រះ​ទឹក​) តែ​គេ​អាច​រៀបចំ​ជា​ចំណត​យន្ត​លើទឹក​ដូច​បណ្ដា​ប្រទេស​មួយចំនួន ដែល​ឱ្យ​យន្តហោះ​ហោះហើរ​មកកាន់​តំបន់​បឹង​ទន្លេសាប ឬ​ទៅកាន់​កោះរ៉ុង​បាន​ទៀតផង​។​

៥)​តំបន់​អាកាសយានដ្ឋាន​មណ្ឌលគិរី នៅ​ស្រុក​អូររាំង​៖ ដែល​នឹងត្រូវ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​នៃ​ក្រុង​សែន​មនោ​រម្យ​។​

៦) តំបន់ស​មា​ហណកម្ម​ច្រកទ្វារព្រំដែន​៖ នៅ​ខេត្តមណ្ឌលគិរី​មាន​ច្រកទ្វារព្រំដែន​ទ្វេភាគី​ជាមួយ​វៀតណាម​ចំនួន ៤ កន្លែង ដែល​អាច​ជំរុញឱ្យមាន​សកម្មភាព​អភិវឌ្ឍន៍ និង​ទេសចរណ៍​នៅតាម​ច្រកព្រំដែន​នេះ​។​

​ឯក​ឧ​ត្ត​បណ្ឌិត ថោង ខុន បាន​បន្តថា ក្រោយ​ទទួលបាន​ការផ្ដល់​យោបល់​ខាងលើ​នេះហើយ ក្រុមការងារ​ជំនាញ​នឹង​សរសេរ​បន្ថែម​នូវ​ធាតុ​ចូល​សំខាន់ៗ​មួយចំនួនទៀត​ពី​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​រៀបចំ​ជា​សេចក្ដីព្រាង​ចុងក្រោយ នឹង​បន្ត​ដាក់ជូន​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ថ្នាក់ជាតិ​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។ បន្ទាប់ពី​បាន​ឯកភាព​ពី​គណៈកម្មការ​នេះហើយ នឹង​បន្ត​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នៅ​ដើមឆ្នាំ​២០២១ ខាងមុខ​តែម្ដង​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×