Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់កម្ចី ៧០ លាន​ដុល្លារ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ ​ដើម្បី​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម និង សុវត្ថិភាព​ចំណីអាហារ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចី​ចំនួន ៧០ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុង​ខេត្ត​ចំនួន ៦ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​សំខាន់ៗ​ដូចជា​ដំឡូង​មី ស្វាយចន្ទី ស្វាយ បន្លែ និង​មាន់​ស្រែ​។​

​គម្រោង​ពង្រឹង​ការប្រកួតប្រជែង​ខ្សែសង្វាក់​តម្លៃ និង​សមត្ថភាព​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​គោលបំណង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហ​ករ​កសិកម្ម​ចំនួន ២៣០ និង សហគ្រាស​កសិកម្ម​ចំនួន ៥០ ក្នុង ខេត្តកំពង់ចាម កំពង់ធំ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ​។​

​លោក Takeshi Ueda សេដ្ឋវិទូ​ជាន់ខ្ពស់ ផ្នែក​ធនធានធម្មជាតិ​និង​កសិកម្ម បាន​មានប្រសាសន៍ ថា​៖“​កសិកម្ម​អាច​ចូលរួមចំណែក​ដល់​កំណើន និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា ប្រសិនបើ សហគ្រាស​កសិកម្ម​ធុន​តូច​និង​មធ្យម អាច​បង្កើន​សមត្ថភាព​របស់​ពួកគេ ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម​ដែលមាន​តម្លៃ​ខ្ពស់ ហើយ​ដាក់លក់​លើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។ ការវិនិយោគ​ឯកជន​លើ​វិស័យ​កសិកម្ម រួមជាមួយ​ការទទួលបាន​ឥណទាន ព្រមទាំង​ផលិតផល​កសិកម្ម​សម្រាប់​កែច្នៃ​ប្រកបដោយ​គុណភាព​ខ្ពស់​នឹង​ជួយ​កសិពាណិជ្ជកម្ម​រប​ស់​កម្ពុជា​បញ្ចេញ​សក្តានុពល​របស់ខ្លួន បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​។​”

​ដោយមាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៧៦% រស់​នៅតាម​តំបន់​ជនបទ កសិកម្ម​រួមចំណែក ២០,៧% ដល់​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង ៣១,២% ដល់​ការងារ​សរុប​ក្នុង​ឆ្នាំ​២០១៩​។ ឧស្សាហកម្ម នេះ​បាន​កើន​ឡើងជា​មធ្យម ១,៧% ជា​រៀងរាល់ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ ។ ផលិតផល​កសិកម្ម​កែច្នៃ បច្ចុប្បន្ន​មាន​ចំនួន​ត្រឹមតែ ៤.០% នៃ GDP ដោយសារតែ​កង្វះ​ផលិតផល​ចម្រុះ​ដែល​ផ្តល់​តម្លៃបន្ថែម​។ ជំងឺ​រាតត្បាត​កូ​វីដ​១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ខ្សែសង្វាក់ ផ្គត់ផ្គង់​កសិកម្ម ព្រមទាំង​កាត់បន្ថយ​ប្រាក់ ចំណូល​និង​ឱកាស​ទីផ្សារ​សម្រាប់​កសិករ និង​កសិពាណិជ្ជកម្ម​។​
​គម្រោង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការទទួលបាន​ឥណទាន សម្រាប់​កសិកម្ម និង​កសិពាណិជ្ជកម្ម ដែល​កំពុង​ទទួលបាន​តែ​ប្រមាណ ១០% នៃ​ហិរញ្ញប្បទាន​ផ្លូវ​ការសរុប​។ គម្រោង​នេះ​នឹង​អនុវត្ត ប្រភេទ ហិរញ្ញវត្ថុ ដែល​គាំទ្រ​គ្នា​ទៅវិញទៅមក រួមមាន​ដូចជា ការផ្តល់​ឥណទាន និង​ការធានា​ឥណទាន ជាដើម​។​

​គម្រោង​នេះ​នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម ដើម្បី​ពង្រឹង​សុវត្ថិភាព និង​គុណភាព​ស្បៀងអាហារ ក្នុង​ខ្សែ សង្វាក់​តម្លៃ​សម្រាប់ ដំឡូង​មី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់មាន់​ស្រែ​។ វា​នឹង​ជួយ​ឱ្យ សហករណ៍ កសិកម្ម អនុវត្ត​សកម្មភាព​កសិកម្ម​បាន​ល្អ និង​ធ្វើឱ្យ​ប្រសើរ នូវ​មន្ទីរពិសោធន៍​សុវត្ថិភាព​ចំណីអាហារ ដើម្បី ទទួលបាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​។ គម្រោង​នេះ​ក៏​នឹង​គាំទ្រ​ដល់​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ គ្រាប់ ពូជ និង​ពូជ​បក្សី​ច​ញ្ចឹ​ម ដោយ​ជួយ​សហករណ៍​កសិកម្ម​ទទួលបាន​គ្រាប់ពូជ ផ្តល់​ទិន្នផល​ខ្ពស់ ធន់​នឹង​គ្រោះ រាំងស្ងួត ធន់​នឹង​ជំងឺ ក៏ដូចជា​ការគាំទ្រ​សម្ភារៈ​ដាំ​ដុះ​ផ្សេងទៀត​។ លើសពីនេះ​ទៀត គម្រោង​នេះ នឹង​ជួយ កែលម្អ​ផ្លូវ​ជនបទ​ប្រវែង ១១០ គីឡូម៉ែត្រ និង​ជួយ​ភ្ជាប់​កសិផល​ទៅ​ទីផ្សារ​ក្នុង​តំបន់​គោលដៅ​នៃ​គម្រោង​។​

​គម្រោង​នេះ​នឹង​សាកល្បង​នូវ យន្តការ​ហិរញ្ញប្បទាន​បៃតង ដែល​គាំទ្រ​ដោយ​ប្រាក់កម្ចី​ចំនួន ៥ លាន​ដុល្លារ ពី​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន (ASEAN Infrastructure Fund)​។ ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ក៏​នឹង​គ្រប់គ្រង​ប្រាក់កម្ចី ២៥ លាន​ដុល្លារ ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​បារាំង (Agence Française de Développement) និង​ជំនួយ ៣ លាន​ដុល្លារ​ពី មូលនិធិ​ជប៉ុន​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ (Japan Fund for Poverty Reduction)​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេចបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើត ឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​នេះ​៕
​ដោយ​៖CEN

spot_img
×