Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​ហ៊ុន សែន ៖ កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​

spot_img

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍ ចិន​-​អាស៊ាន លើក​ទី​១៧ ក្រោម​ប្រធានបទ ” កសាង​ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ” តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា បច្ចេកវិទ្យា​ឌីជីថល ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ដោះស្រាយ​វិបត្តិ​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​នាពេល​បច្ចុប្បន្ន ដែល​ទាមទារ​ឱ្យ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឌីជីថល​។ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឌីជីថល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មើលឃើញថា ប្រទេស​ចិន​ជា​អ្នក​ដឹកមុខ​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឌីជីថល​នេះ​។​

​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដែល​មិន​ធ្លាប់មាន​ពីមុន​មកលើ​សេដ្ឋកិច្ច និង​សង្គម​។ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ទាមទារ​ចាំបាច់​កាន់តែខ្លាំង ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម និង​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​។ ដោយ​ម្ខាង ដើម្បី​អាចឱ្យ​ជីវិត​សង្គម​មានលទ្ធភាព​សម្រប​ទៅនឹង​ប្រក្រតី​កម្ម​ថ្មី (New Normal) និង​ចូលរួម ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ និង​ម្ខាង​ទៀត ដើម្បី​លើកកម្ពស់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា បច្ចេកវិទ្យា​ឌីជីថល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រប​ខ្លួន​របស់ យើង ទៅ​បរិការណ៍​ថ្មី​នៃ​ការរស់នៅ និង​អនុវត្ត​ការងារ ដោយបាន​ជួយ​សម្រួល ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​តំបន់ និង​សកល​, ការតភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​វិនិយោគ ។​ល​។ ប្រាកដ​ណាស់​ថា ការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ការតភ្ជាប់​ឌីជីថល​តំបន់ និង​ការ​ប្រែក្លាយ​សង្គម​-​សេដ្ឋកិច្ច​ឱ្យទៅជា​សង្គម​-​សេដ្ឋកិច្ច​ឌីជីថល នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ នាពេល​អនាគត​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ប្រទេស​ចិន ជា​ប្រទេសមួយ​ដែល​ដឹកមុខ​ក្នុងការ​អភិវឌ្ឍ​, វិនិយោគ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​សកលលោក​។ ក្នុងន័យនេះ ការជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ នឹង​ក្លាយជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នាពេល​អនាគត​។​

​ក្នុង​សុន្ទរកថា​គន្លឹះ​ក្នុង​វេទិកា​ដ៏​មាន​សារសំខាន់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ជំរុញ​ការវិនិយោគ​រវាង​ចិន និង​អាស៊ាន​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​ការកែលម្អ​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​លើកកម្ពស់​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ទាំង​ក្នុង​វិស័យ​ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង​រដ្ឋាភិបាល​ឌីជីថល (Digital Government) ។ កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។​

​សម្តេច​តេ​ជោ​បន្ថែមថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ រួមមាន​៖ ១៖ ការដាក់ឱ្យ​អនុវត្ត​នូវ​ថ្នាល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ចំណាយពេល​តែ ០៨​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការបើក​ក្រុមហ៊ុន​អាជីវកម្ម​, ២៖ បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ និង ៣៖ ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ជាដើម​។​

​សម្តេច​តេ​ជោ បានឱ្យដឹងថា កម្ពុជា​នឹងដាក់​ចេញ​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទាក់ទាញ​តាមរយៈ​ការផ្ដល់​ការលើកទឹកចិត្ត​ជា​កញ្ចប់​ដល់​ការវិនិយោគ​លើ​ឧស្សាហកម្ម​ប្រភេទ​អេឡិចត្រូនិក​, បង្គំ​ក​សិ​-​ឧស្សាហកម្ម​, គ្រឿងបន្លាស់​, បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×