Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងហោះហើរ​ត្រង់​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA ពី​ទីក្រុង​តូ​ក្យូ​មក​ទីក្រុង​ភ្នំពេញ

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា​ក្រុមហ៊ុន​ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​តូ​ក្យូ (​ណា​រីតា​) និង​ភ្នំពេញ នៅ​ថ្ងៃទី ២ ទី ៥ ទី​៩ ទី​១២ ទី​១៦ ទី ១៩ ខែធ្នូ​ឆ្នាំ ២០២០ និង​ថ្ងៃទី ៩ និង​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ ២០២១ ។

​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្ដែង​ការអបអរសាទរ និង​ស្វាគមន៍​ការហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA (All Nippon Airways) ពី​ទីក្រុង​តូ​ក្យូ​មក​ទីក្រុង​ភ្នំពេញ (​ណា​រីតា​-​ភ្នំពេញ​-​ណា​រីតា​) ដែល​នឹងមាន​ជើងហោះហើរ​ត្រង់​នៅ​ថ្ងៃទី​២ ទី​៥ ទី​៩ ទី​១២ ទី​១៦ ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ និង​ថ្ងៃទី​៩ និង​ទី​២៣ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​ក្រុមហ៊ុន​បានប្រកាស​ផ្អាក​ជើងហោះហើរ​មួយរយៈ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សុវត្ថិភាព​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ការធ្វើ​ទស្សនកិច្ច និង​មក​ទស្សនា​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ “​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ នៅ​តំបន់​អាស៊ី និង​លេខ ៣ លើ​ពិភពលោក ជា​ប្រទេស​ដែល​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បានល្អ​បំផុត​”​។​

​តាម​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ការបើក​ហោះហើរ​ឡើងវិញ​នេះ គឺ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​ក្នុងការ​ជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ជប៉ុន​) ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​បង្ហាញ​ឲ្យ​ឃើញ​ពី​សុខសន្តិភាព ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស ភាពរឹងមាំ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ក្នុងការ​ទប់ស្កាត់ គ្រប់គ្រង​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ព្រមទាំង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​អ្នក​វិនិយោគិន​ជប៉ុន​ឱ្យមក​ទស្សនា និង​វិនិយោគ​មកកាន់​កម្ពុជា​ឲ្យ​ច្រើនឡើង​ថែមទៀត​។​

បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាននិងកំពុង​រៀបចំ​ក​ម្ម​វិធី​ទស្សនកិច្ច “​ការធ្វើដំណើរ និង​ទេសចរណ៍​សុវត្ថិភាព​” “Travel Bubble” ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាពិសេស​ភ្ញៀវទេសចរ​ជប៉ុន អាចធ្វើ​ដំណើរ​មក​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

ក្រសួងទេសចរណ៍​សូម​ជម្រាបជូន​សាធារណជន ប្រតិបត្តិ​ករ​ទេសចរណ៍ ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​ផុលផុស​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×