Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​ហ្មត់ចត់ តាម​អនុសាសន៍​សម្តេច​តេ​ជោ និង​ក្រសួងសុខាភិបាល ដើម្បី​ការពារ ជំងឺ​កូ​វីដ​-១៩ ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​

spot_img

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​រាជធានី​ភ្នំពេញ សូមមេត្តា​បន្ត​អនុវត្ត តាម​ការអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​)​។ ជាពិសេស​នៅក្នុង កាលៈទេសៈ​នេះ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន ដោយ​កុំឱ្យ​ដើរចេញ ក្រៅ​ផ្ទះ​រហេតរហូត​បើ​មិនចាំបាច់​។ តែបើ​អាក់ខាន​មិនបាន​នោះ នៅពេល​ចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ហើយ​សូមកុំ​ឱ្យមាន​ការជួបជុំ​គ្នា កុះករ​ច្រើនពេក (​កាត់បន្ថយ​ជា​អតិបរិមា នូវ​ចំនួន​មនុស្ស​ជួបជុំគ្នា​)​។​

​លោក ឃួ​ង ស្រេង បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ជាមួយ​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យបាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិនបាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឱ្យ​លើសពី មួយ​ម៉ែត្រ​កន្លះ ឡើង​ទៅជា​ចាំបាច់​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​ណែនាំ ពិសេស​បន្ទាន់​មួយ​ទាំងយប់ ក្រោយពេល​រកឃើញ​ក្រុមគ្រួសារ របស់​អគ្គនាយក​ពន្ធ​នាគារ ក្រសួងមហាផ្ទៃ ចំនួន​៦​នាក់ មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​ការឆ្លង​ក្នុង​សហគមន៍ លើកដំបូង​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ដល់​ប្រជាពលរដ្ឋ មេត្តា​កុំ​មានការ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ការគ្រប់គ្រង តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ពាក់ព័ន្ធ​ការការពារ​ខ្លួន តាមរយៈ​ការពាក់​ម៉ាស់ ការ​លាងដៃ ការ​អនាម័យ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី​មានការ​សង្ស័យ ត្រូវ​រក​ការបញ្ជាក់​ពី​គ្រូពេទ្យ ឱ្យបាន​ឆាប់​។ សម្តេច​តេ​ជោ ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ ប្រមូលផ្តុំ​ណាមួយ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច​នឹងមិន​អំពាវនាវ ឱ្យមាន​ការបិទ​សាលារៀន នៅ​ភ្នំពេញ និង​ខេត្ត​ពាក់ព័ន្ធ​ទេ​។ អ្វីដែល​ជាការ​ចាំបាច់ នៅពេលនេះ គឺ​តម្រូវការ​នូវ​ការពាក់​ម៉ាស់ ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ បាន​បន្ថែមថា ត្រូវ​ទុក​សាលារៀន ដំណើរការ​ធម្មតា ទៅតាម​គន្លង​ថ្មី​។​

​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី 29 ខែវិច្ឆិកា​ឆ្នាំ 2020 នេះ​បានចេញ​សារ​អំពី​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត​។​
​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន​រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញថា​ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។

​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត​ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក​នៅផ្ទះ​របស់ខ្ញុំ​។

​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ​។

​ខ្ញុំ​ក៏​សូម​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​។ ខ្ញុំ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​គ្រោះ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩​។​
​សូមបញ្ជាក់ថា កម្ពុជា​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​លើកដំបូង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ធ្វើតេស្ត​រក ឃើញ​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ លើ​ក្រុមគ្រួសារ អគ្គនាយក​ពន្ធនាគារ​កម្ពុជា រួម​នឹង​អ្នករស់នៅ ជាមួយ​សរុប​៦​នាក់​។ ក្រសួងសុខាភិបាល មិនទាន់បាន​រកឃើញ ពី​ប្រភព​នៃ​ការឆ្លង ជំងឺ​កូ​វីដ​-១៩​នេះ​នៅឡើយ​។​

​ជា​វិធានការ​ទប់ស្កាត់ ការរីក​សាយភាយ ឬ​ការចម្លង​កាន់តែខ្លាំង រាជរដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ បន្ទាន់​មួយចំនួន ដូចជា​ការបិទ​ផ្សារ​ទំនើប​អ៊ី​អន ១ និង​ការ​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ដែល​រួមមាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ ចាប់ផ្តើម​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក ពិនិត្យ​រក​មេរោគ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅយក​សំណាក ពិនិត្យ​រក​មេរោគ ក្នុងនោះ​ប្រជាពលរដ្ឋ​ធម្មតា ទៅកាន់​ផ្សារ​ទំនើប​អ៊ី​អន ១ សម្រាប់​មន្ត្រីរាជការ ត្រូវយក​សំណាក នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង កើត​ជំងឺ​កូ​វីដ​១៩ សរុប ៣១៥​នាក់ ក្នុងនោះ​ព្យាបាល ជាសះស្បើយ ៣០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤​នាក់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×