Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ណែ​នាំឱ្យ​រដ្ឋមន្ត្រី និង​អភិបាល​រាជធានី​-​ខេត្ត មាន​សិទ្ធិ​បិទ​ផ្នែក​ខ្លះ​នៃ​ក្រសួង ឬ​បិទ​ក្រសួងបិទ​សាលារៀន បិទ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ឬ​ទីតាំង​មួយចំនួន ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​ភរិយា​អគ្គនាយក​ពន្ធនាគារ​»

spot_img

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​បន្ថែមទៀត​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមគ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រី និង​អភិបាល​រាជធានី​-​ខេត្ត មាន​សិទ្ធិ​បិទ​ផ្នែក​ខ្លះ​នៃ​ក្រសួង ឬ​បិទ​ក្រសួង ក៏ដូចជា​បិទ​សាលារៀន បិទ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ឬ​ទីតាំង​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​ភរិយា​អគ្គនាយក​ពន្ធនាគារ​» ជា​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍​ជា​លើកដំបូង​នោះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព្រឹត្តិការណ៍ «​ភរិយា​អគ្គនាយក​ពន្ធនាគារ​» បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៨​នាក់​ហើយ​។ សម្តេច​តេ​ជោ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​កម្ពុជា ក្នុង​រយៈពេល​១១​ខែ ដែល​បាន​ឆ្លងកាត់​តាំងពីដើម​ឆ្នាំ​មក​នោះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម្តេច​បានសម្រេច​ឱ្យ​សម្តេច​ក្រឡាហោម ស ខេង ពិនិត្យ និង​សម្រេច​ក្នុង​ការបិទ​ផ្នែក​ណាខ្លះ ឬ​ក្រសួង​តែម្តង ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​កូ​វីដ​១៩ ហើយ​ជំនួស​ឱ្យ​មន្ត្រី​ធ្វើការ​ពី​ផ្ទះ​មកវិញ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​រដ្ឋមន្ត្រី មន្ត្រី​មន្ត្រីជាន់ខ្ពស់​ក្រសួង​នានា ក៏ដូចជា​ខេត្ត​មួយចំនួនទៀត ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​ផងដែរ ដូច្នេះ​ស​ម្តេចក៏​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រី អភិបាល​រាជធានី ខេត្ត​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ មាន​សិទ្ធិ​ចាត់ចែង​ក្នុង​ការបិទ​ក្រសួង ឬ​ផ្នែក​ខ្លះ ក៏ដូចជា​បិទ​សាលា បិទ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន និង​ទីតាំង​ដទៃទៀត ដែល​ជាប់​ពាក់ព័ន្ធ​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ក្រៅពី​សម្តេច​ក្រឡាហោម នៅមាន​រដ្ឋមន្ត្រី​បរិស្ថាន សាយ សំ​អាល់ រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន រដ្ឋមន្ត្រី​យុត្តិធម៌ កើត រិ​ទ្ធ និង​មាន​រដ្ឋលេខាធិការ និង​មន្ត្រី​មួយចំនួន​ផ្សេងទៀត ដែលមាន​ការពាក់ព័ន្ធ​។ ក្នុងនោះ​ឥឡូវនេះ​យើង​បាន​សង្កេតឃើញថា បើ​មាន​ថ្នាក់​រដ្ឋមន្ត្រី​ជាប់​ពាក់ព័ន្ធ​បែបនេះ ច្បាស់​ជាមាន​មន្ត្រី​ខាងក្រោម​។ ដូច្នេះហើយ​បានជា​ខ្ញុំ សូម​ផ្តល់​អំណាច​នេះ​ទៅឱ្យ​រដ្ឋមន្ត្រី​ពិនិត្យមើល​ផ្នែក​ពាក់ព័ន្ធ​ទាំងឡាយ ផ្នែក​ណាខ្លះ​ដែល​ចាំបាច់​ត្រូវ​ចូលធ្វើការ ហើយ​ផ្នែក​ណាខ្លះ​ដែល​អាចធ្វើ​ការ​ពី​ផ្ទះ ដែល​ផ្តល់ឱកាស​នេះ​សម្រាប់​ឱ្យបាន​ថែទាំ​ខ្លួន​ក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ជាពិសេស គឺ​សុំឱ្យ​មានការ​ស្ម័គ្រចិត្ត​ទៅយក​សំណាក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​សិទ្ធិ​ដល់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ក្នុងការ​ពិនិត្យ និង​សម្រេច​បិទ​សាលា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដឹងថា​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ត្រូវ​នាំគ្នា​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានដឹងខ្លួន​ថា​មាន​ជាប់​ការពាក់ព័ន្ធ ឬ​អាច​ឆ្លងកាត់​តំបន់ ដែល​ឯកឧត្តម​អគ្គនាយក ក៏ដូចជា​អ្នកដឹកនាំ​មួយចំនួន​បានធ្វើ​ដំណើរ​ឆ្លងកាត់ ក៏ដូចជា​ភរិយា​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​ធ្វើដំណើរ​ឆ្លងកាត់ មានការ​ភ្ញាក់រលឹក​ទៅរក​កន្លែង​ទៅធ្វើ​តេស្តរ​កនូវ​មេរោគ​នេះ ហើយ​អាច​នឹងដាក់​ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​តែម្តង​។ នេះ​ជា​វិធី​តែមួយគត់ ដែល​អាច​សង្គ្រោះ​សាមីខ្លួន​មិនឱ្យ​ឆ្លង​កូ​វីដ​១៩ ហើយ​មិន​យក​កូ​វីដ​១៩ ទៅ​ចម្លង​អ្នកដទៃ​។​

​សម្តេច​តេ​ជោ បាន​សូមឱ្យ​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​រឿង​អស់​លុយ​ថ្លៃ​ធ្វើតេស្ត​រក​មេរោគ​នេះ គឺជា​បន្ទុក​ទាំងស្រុងរ​បស់​រាជរដ្ឋាភិបាល​ហើយ​កុំ​ព្រួយ​ថា​នឹង​មានការ​យកលុយ​យក​កាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ឱ្យសោះ​។ គ្មាន​នរណា មាន​សិទ្ធិ​ដើម្បី​នឹង​ទទួលយក​ប្រាក់​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​នោះទេ​។ អ្វីដែល​រាជរដ្ឋាភិបាល​ត្រូវការ គឺ​ឱ្យ​បងប្អូន​មាន​សុវត្ថិភាព ធានាបាន​អាយុជីវិត និង​មិនមាន​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​របស់​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ភ័យ​ស្លន់ស្លោ ត្រូវ​គ្រប់គ្រង​ទៅលើ​សភាពការណ៍​នេះ ដោយ​ភាពម្ចាស់ការ​។ ប៉ុន្តែ​ម្ខាង​ទៀត​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ដោយ​អ្នក​មិនទាន់​ពាក់ព័ន្ធ​មិនត្រូវ​ចូលទៅ​រក​ការពាក់ព័ន្ធ ហើយ​អ្នកមាន​ការពាក់ព័ន្ធ​ត្រូវ​ភ្ញាក់រលឹក​ទៅរក​គ្រូពេទ្យ​នៅ​ទីកន្លែង​កំពុង​ធ្វើតេស្ត​។ សម្រាប់​អ្នក​ដែល​មិនមាន​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ រៀបចំ​សណ្ឋាគារ​សុខា​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×