Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កក្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ​។

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្របតាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ​ដល់​ការការពារ និង​កែលម្អ​បរិស្ថាន ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។

​ក្រោយពី​បញ្ចប់​ការសាងសង់​ទៅ គម្រោង​នេះ​នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​យន្តការ​បច្ចេកទេស​ត្រួតពិនិត្យ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន ការចូលរួម​ពី​សំណាក់ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មួយ ចំនួន​ទៀត​មកពី​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

​ដើម្បី​ធានា​ឱ្យ​ផ្លូវ​មានគុណ​ភាពរឹងមាំ​ស្របតាម​ស្តង់ដារ​បច្ចេកទេស គណៈកម្មការ​អន្តរក្រសួង បាន​បង្កើត ក្រុមការងារ​បច្ចេកទេស​ចម្រុះ ចំនួន​៩ ដែល​រួមមាន​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម និង សំណង់ ដើម្បី​ត្រួតពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ដែល​រួមមាន​៖១) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​១៣​ខ្សែ​អនុវត្ត ដោយ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ ២)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៨ ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម តេ​ជោ​ហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៦​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​សម្ដេច​តេ​ជោ ខេត្តសៀមរាប ៤) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ ៥) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៦)​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​២​ខ្សែ អនុវត្ត​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ៧) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បណ្ដាញ​លូទឹក​ភ្លៀង​និង​លូទឹកកខ្វក់​មិន​ស្ថិតនៅក្រោម ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៨)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បំពាក់​សម្ភារ កាមេរ៉ា​សុវត្ថិភាព អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បរិក្ខារ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ ដើមឈើ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​សាធារណការ និង​៩)​ក្រុមការងារ​សិក្សា​នគរូបនីយកម្ម​ផ្លូវ គូរ​ប្លង់ ស្ថាបត្យកម្ម​ផ្លូវ លម្ហ​សាធារណៈ និង​រចនា​កម្មវត្ថុ​ស្ថាបត្យកម្ម​នានា​ដែល​ទាក់ទង​នឹង​គម្រោង​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ដើម្បី​ទទួលបាន​ផ្លូវ​មាន គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស និង​បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា​ឱ្យបាន​ជិត​ស្និ​ទ្ធិ មាន​ជំហរ​រឹងមាំ និង​មាន​ទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន ប្រសិទ្ធភាព និង​គុណភាព​រឹងមាំ និង​បញ្ចប់​គម្រោង​តាម​ផែនការ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ និង​មាន ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​សហការ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ និង​ធ្វើ​ការចុះ​ត្រួតពិនិត្យ​តាមដាន ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ ឱ្យស្រប​តាម ស្តង់ដារ​លក្ខណៈ​បច្ចេកទេស​។ ត្រូវ​ចុះ​ពិនិត្យ​ផ្ទាល់​ជា​ទៀងទាត់ ដើម្បី​ធានា​គ្រប់​ដំណាក់កាល​នៃ​ការសាងសង់ គឺ​អនុលោម​តាម​គោលការណ៍ ដែល​បានកំណត់ និង​ត្រូវធ្វើ​ការរាយការណ៍​ជា​ប្រចាំជូន​ក្រុមការងារ ត្រួតពិនិត្យ និង​វាយតម្លៃ ព្រមទាំង​ជូនទៅ​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។​
​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖ ប្រសិនបើ​អង្គភាព​អនុវត្ត​គម្រោង​សាង សង់​ណាមួយ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស កិច្ចសន្យា សៀវភៅ​បន្ទុក ប្លង់គោល ប្លង់​លម្អិត និង​បច្ចេកទេស​សាងសង់​ពាក់ព័ន្ធ ឱ្យបាន​ម៉ឹងម៉ាត់ នោះទេ ក្រុមការងារ​នឹងមិន​អនុញ្ញាត បន្ត​នីតិវិធី​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​ជាដាច់ខាត​។​

​សូមបញ្ជាក់​ជូន​ថា​៖ តាមរយៈ​ការសិក្សា​លម្អិត រចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន ប្រភេទ​រួមមាន​៖ ប្រភេទ​ទី​១. ជា​ផ្លូវ​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ ត្រូវ​ជួសជុល​ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់​៥​សង់ទីម៉ែត្រ ឡើងវិញ ប្រភេទ​ទី​២. ជា​ផ្លូវ​ស្ថិតក្នុង តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ រួច​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់​៧​សង់ទីម៉ែត្រ​ពីលើ ប្រភេទ​ទី​៣. ជា​ផ្លូវ​មិន​ស្ថិតនៅ​តំបន់​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ ប្រភេទ​ទី​៤. ជា​ផ្លូវ​វាង​ក្រុង ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អ នឹងត្រូវ​ជួសជុល​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​AC​ឡើងវិញ ចំណែក​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​មិនល្អ នឹងត្រូវ សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២៥​សង់ទីម៉ែត្រ​។​
​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ និង​ការងារ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ នឹងត្រូវ​អនុវត្ត​ការសាងសង់​ដោយ​អង្គភាព​ចំនួន​០៨​រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប​។
​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង នុ​ខេត្តសៀមរាប​ចំនួន ៣៨​ខ្សែ​នេះ នឹងមាន​រៀបចំ​បណ្តាញ​លូទឹក​ភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង រៀប​ខឿន​ចិញ្ចើមផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ព្រមទាំង​បានគិត​គូរ​ពី​ទិដ្ឋភាព​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍​ដូចជា​៖ បណ្តាញ​ខ្សែកាប ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ផ្លូវ​ថ្មើ​ជើង ផ្លូវ​សម្រាប់​ជនពិការ ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ផ្លាកសញ្ញា និង​គំនូស សញ្ញា​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព សួនច្បារ ការដាំ​ដើមឈើ​លម្អ​ផ្លូវ​ជាដើម ការសាងសង់​មាន​រយៈ ពេល​១៣​ខែ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×