Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម បញ្ជា​ឲ្យ​បិទ​កន្លែងធ្វើការ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ស្ថិតនៅ​អគារ N នៃ​ក្រសួងមហាផ្ទៃ

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​តាមរយៈ​សារ​សំឡេង​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ចំណុះ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា «​ឯកឧត្តម សក់ សេដ្ឋា សរសេរ​បទបញ្ជា​មួ​យមក​ខ្ញុំ ដើម្បី​ចុះហត្ថលេខា យើង​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​»​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែល​សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​បិទ​បណ្ដោះអាសន្ន​នេះ មាន​ទីតាំង​ស្ថិតនៅ​អគារ N នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ប៉ុន្ដែ​ការបិទ​នេះ មិន​តម្រូវ​ឲ្យ​បិទ​ទាំង ស្រុង​នោះទេ គឺ​បិទ​តែ​កន្លែងធ្វើការ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប៉ុណ្ណោះ ចំណែក​កន្លែង​ផ្សេង​ដែល​នៅ​កន្លែង​នេះ គឺ​នៅ​ធ្វើការ​ធម្មតា​។​
​សម្ដេច​ក្រឡាហោម ស ខេង បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ទាំងអស់ ដែល​បាន​ទៅពិនិត្យ​សំណាក​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ម្សិលមិញ ហើយ​លទ្ធផល បង្ហាញថា អវិជ្ជមាន​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្ដែ​គឺ​ត្រូវ​បន្ដ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ហើយ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ ក្នុងនោះ សម្ដេច​ផ្ទាល់​ក៏​តម្រូវ​ឲ្យ​ធ្វើបែបនេះ​ផងដែរ​។​

សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​ដូច្នេះ​ថា ” ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាទី​រាប់អាន​!

​ខ្ញុំ​សូម​ជម្រាបជូន​ថា ខ្ញុំ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ ដោយសារតែ​កាលពី​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ ក៏បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ ដូច​រូបខ្ញុំ ព្រមទាំង​អ្នកចូលរួម​អង្គប្រជុំ​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញពី​មាត់​ចំនួន​១​ដង​ដើម្បី​មានមតិ​ខ្លី​មួយ​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះដែរ គាត់​ក៏បាន​ក្រោកឈរ និង​មានការ​ឆ្លើយឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ មុនពេល​ខ្ញុំ​ចាក​ចេញពី​បន្ទប់​ប្រជុំ​។​

​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន ឯកឧត្តម ឆែម សាវុធ បាន​បំពេញការងារ​ជាធម្មតា និង​កន្លងមក​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នកទោស ដែល​បាន​ផ្ទេរចេញ​មួយរយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ ចូលមក​កាន់​ពន្ធនាគា​រ​ខេត្តបន្ទាយមានជ័យ​វិញ​ផងដែរ​។​

​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន​រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញថា​ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។​

​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត​ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក​នៅផ្ទះ​របស់ខ្ញុំ​។​

​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។​

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ​។​

​ខ្ញុំ​ក៏​សូម​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​។ ខ្ញុំ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​គ្រោះ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩”​។​

​ក្រោយ​ផ្ទុះ​នូវ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» នេះ មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា ថ្នាក់ដឹកនាំ​បាន​បញ្ជា​ភ្លាមៗ ឲ្យ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​បន្ដបន្ទាប់​ផងដែរ ហើយ​មុននឹង​ចូល ធ្វើការ​នៅ​អគារ N នេះ​ក៏​តម្រូវ​ឲ្យ​ឆ្លងកាត់​ម៉ា​ស៉ី​ន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​លាង​សម្អាត​ដៃ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ផងដែរ​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×