Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មានសង្ឃឹម​ហើយ​! ស្ត្រី​ដ៏​កម្សត់​ដែល​ប្តី​មាន​ស្រី ហើយ​ប្តឹង​ចោទថា​ជា​ចោរ ពេលនេះ​ត្រូវបាន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ចាត់តាំង​មេធាវី ដើម្បី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់​

spot_img

​ដូចដែល​ប្រិយមិត្ត​មួយចំនួនធំ​បានទទួល​ជ្រាប និង​អ្នកខ្លះ​ក៏​មិនទាន់​ផុតរលត់​កំហឹង​ស្អប់ខ្ពើម​នៅឡើយ​នោះដែរ ចំពោះ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ប្តី​មាន​ស្រី​ថ្មី វាយ​ធ្វើបាប និង​សូម្បី​ជះ​ទឹក​លុយ​ឲ្យ​តុលាការ​ចោទថា​ជា​ចោរលួច​ទៀត ខណៈ​គាត់​ចូល​ទៅយក​របស់ទ្រព្យ​នៅក្នុង​ផ្ទះ​រួមគ្នា ដោយមាន​ប៉ូលិស​ដឹងឮ ដើម្បី​យកមកប្រើ​ប្រាស់​ចិញ្ចឹម​កូនស្រី​២​នាក់​ក្នុងបន្ទុក ក្រោយ​ប្តី​បណ្តេញ​ចេញពីផ្ទះ ហើយ​យក​ស្រី​ថ្មី​មក​ដេក​សោយសុខ​។​

​គួរ​បញ្ជាក់ថា កាល​វេលា ម៉ោង ១២​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ ស្ដ្រី​ម្នាក់​មានឈ្មោះ ស៊ូ សុវណ្ណ បាន​នាំ​កូនស្រី​ស្កាត់​មក​តាំង​ភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បី​ជួប​លោក ផែង វណ្ណៈ ឲ្យ​ជួយ​ក្រែង​មានសង្ឃឹម​ខ្លះ ព្រោះ​គាត់​បាន​ជួប​រឿង​ដ៏​សែន​ឈឺចាប់​ខ្លាំង ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​រង​ភាព​ដ៏​អយុត្តិធម៌ រ​ហូ​មានពេលខ្លះ គាត់​ចង់​សម្លាប់ខ្លួន​ម្ដងៗ​។

​អ្នកស្រី ស៊ូ សុវណ្ណ បាន​រៀបរាប់​ដំណើរ​តាមរយៈ​លោក ផែង វណ្ណៈ ឲ្យ​ដឹងថា គាត់​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​មានឈ្មោះ លី ប៊ុន ឈឿន នៅក្នុង​ឆ្នាំ​២០០៧ និង​ទទួលបាន​ចំណងដៃ​កូនស្រី​ចំនួន​២ នាក់ ដោយ​កូន​បង​អាយុ ១២ ឆ្នាំ រីឯ​កូន​ប្អូន អាយុ ៥ ឆ្នាំ ។ ប៉ុន្តែ មិនបាន​ប៉ុន្មាន​ប្ដី​របស់គាត់ ក៏​បែកគំនិត​មាន​ស្រី​ក្រៅ ហើយ​តែង​រករឿង​វាយ​ធ្វើបាប​យ៉ាង​សាហាវ ក្នុងនោះ​សូម្បី​ក្របា​ច់ក រហូត​គាត់​ទ្រាំលែងបាន ក៏បាន​ដាក់​ពាក្យសុំ​លែងលះ ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។ នៅ​ឆ្នាំ​២០១៩ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ឲ្យ​គាត់ និង​ស្វាមី​លែងលះគ្នា ហើយ​បានប្រគល់​កូន​ទាំងពីរ​ឲ្យ​មក​គាត់​ជា​ប្រពន្ធ​ជា​អ្នក​មើលថែ និង​បានសម្រេច​បែងចែក​ទ្រព្យសម្បត្តិ ជា ពីរ​ចំណែក​ស្មើគ្នា ប៉ុន្តែ​ខាង​ប្ដី​មិន​ព្រម ក៏​ប្ដឹង​បន្តទៅ​ឧទ្ធរណ៍ ។
​អ្នកស្រី ស៊ូ សុវណ្ណ ក៏​បន្តថា​ថា ៖ ពេល​ប្ដី​មាន​ស្រី​រូបគេ បាន​បណ្ដេញ​គាត់​ដែលជា​ប្រពន្ធដើម​ចេញពីផ្ទះ ហើយ​នាំ​ស្រី​មក​នៅលើផ្ទះ​តែម្ដង ។ ដោយ​គ្មាន​សម្ភារ​ប្រើប្រាស់​នៅ​ថ្ងៃមួយ គាត់​ក៏បាន​ទូរស័ព្ទ​ទៅ​ប្ដី ដើម្បី​សុំ​យក​អីវ៉ាន់​ប្រើប្រាស់​ខ្លះ ស្រាប់តែ​ប្តី​បាន​គំរាម​ប្ដឹង​ចាប់​ដាក់គុក​ទៀត បើ​ហ៊ាន​មក​យក ។ ពេលនោះ ក្នុងនាម​គាត់​ក៏​ជា​ម្ចាស់ផ្ទះ ម្ចាស់ទ្រព្យ អ្នកស្រី ស៊ូ សុវណ្ណ ក៏បាន​មក​យក​អីវ៉ាន់​មួយចំនួន ដោយបាន​ហៅ​មេភូមិ មេ ប៉ុស្តិ៍ មក​ធ្វើ សាក្សី​ផងដែរ ។ ប៉ុន្ដែ បន្ទាប់​ក៏ត្រូវ​ប្ដី​ប្ដឹង​ថា លួច ហើយ​តុលាការខេត្ត​កំពង់ស្ពឺ ក៏បាន​ធ្វើការ​ចោទប្រកាន់​ចំពោះ​រឿងនេះ​ដ៏​អយុត្តិធម៌​បំផុត​។
​តែ​យ៉ាងណា ក្រោយ​រឿងនេះ​ផ្ទុះឡើង​បង្ក​រលឹក​កំហឹង​ក្នុងចំណោម​មហាជន ហើយក៏​ដូច​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្ដម គី តិច ប្រធាន​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ក៏បាន​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដើម្បី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់​ជូន​អ្នកស្រី ស៊ូ សុវណ្ណ ។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ដំណឹង​ល្អ​ពី​ឯកឧត្តម គី តិច នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ បាន​ប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​ថា ឯកឧត្តម​នឹង​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដើម្បី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់​ជូន​ប្អូនស្រី ស៊ូ សុវណ្ណ ដែល​កំពុង​ជាប់​បណ្ដឹង​ព្រហ្មទណ្ឌ​របស់​ប្ដី នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។
​ខ្ញុំបាទ​សូម​គោរព​អរគុណ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​តែងតែ​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ការពារ​ស្ត្រី​ទន់ខ្សោយ ទទួលបាន​យុត្តិធម៌​មកវិញ​ជា​បន្ដបន្ទាប់ ។ សូម​គោរព​ជូនពរ​ឯកឧត្តម និង​សមាជិក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ទាំងអស់ សូម​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​»៕ ដោយ​៖ លឹម ហុង​

spot_img
×