Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​បុគ្គលិក​ធនាគារ​ចិន​ម្នាក់ មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ហើយ​ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ា

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានសម្រេច​ឲ្យ​បិទ​អគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ជិត​ផ្លូវភ្លោះ​វត្តភ្នំ នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់​ជនជាតិខ្មែរ​ជា​បុគ្គលិក​ធនាគារ​ចិន មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។ ធនាគារ​ចិន​នេះ​មាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា​ជាន់​ផ្ទាល់​ដី​។ នេះ​សម្រេច​បិទ​អគារ​នេះ ដោយយោង​តាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​គឺ បុរស​ជនជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារ​ចិន (​កាណាឌីយ៉ា ផ្លូវ​មុនី​វង្ស​) ដែល​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែល​រកឃើញ​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត រាជធានី​ភ្នំពេញ​។ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​បុរស​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​សូម​កត់សម្គាល់ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពីស​ម្ដេច​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ដោយ​ធនាគារ​កា​ធេ​យូ​ណា​ធី​ត (​នៅ​ផ្លូវ​សម្ដេច​ប៉ាន រាជធានី​ភ្នំពេញ​) មាន​បុគ្គលិក​ជាច្រើន​ដែល​កំពុង​បម្រើការ​នៅ​ទីនោះ ធនាគារ​កា​ធេ​នេះ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​សិន ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ ទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ ដើម្បី​ក្រុមការងារ​ក្រសួងសុខាភិបាល ចុះ​យក​វត្ថុ​សំណាក់​បុគ្គលិក​ទាំងអស់នេះ និង​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់នេះ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ផងដែរ​។​

​ក្រសួង​បន្តថា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០​ចំនួន ១០៨១​នាក់ បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ៥៥៤ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​)​។ ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៩៦​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។ គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨៧៦៦​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួង​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ទៅតាម​សារ​ណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឱ្យសោះ ដើម្បី​ទប់ស្កាត់​ការ ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​កុំឱ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់ ជា​បុគ្គលិក​ធនាគារ​ចិន (Bank of China) ដែល​ការិយាល័យ​ធនាគារ​ចិន​នេះ មាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា​។ ក្រសួងសុខាភិបាល បានស្នើ​សុំ​បិទ​អគារ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​។

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧​និង​០០​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នកមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣៣១​នាក់ (​ស្រី​៧៦​នាក់ និង​បុរស ២៥៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ២៧​នាក់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×