Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​គាំទ្រ​ចំពោះ​តួនាទី​របស់​អ​.​ស​.​ប និង អង្គការ​សុខភាព​ពិភពលោក ចំពោះ​ការឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩

spot_img

​ភ្នំពេញៈ ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ (​អសប​) និង អង្គការ​សុខភាព​ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល ចំពោះ​ការឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ ។ លើសពីនេះ​ទៀត​, កម្ពុជា ក៏​សូម​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​ភាពចាំបាច់​បំផុត​សម្រាប់​ការ​ធានាថា វ៉ាក់សាំង​ដែល​ត្រូវបាន​រកឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់ និង​ចែកចាយ ក្នុង​ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស ចំពោះ​ប្រទេស​ដែល​ងាយ​រង​-​គ្រោះ​បំផុត។​

​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ពិសេស លើក​ទី ៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​​ស្ដីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩” ​ថ្ងៃទី ៣-៤ ខែ ធ្នូ ឆ្នាំ ២០២០​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ​អាច នឹង​បញ្ចប់ទៅ​នាពេល​អនាគត​ខ្លី​ខាងមុខ​, ប្រទេស ទាំងអស់ នឹង​នៅតែ​ត្រូវ​ដោះស្រាយ​បន្តទៀត​នូវ​បញ្ហា​ប្រឈម ក្នុងដំណាក់កាល​នៃ​ការស្ដារ​សម្បទា សេដ្ឋកិច្ច​ឡើងវិញ ។ ជាការ​ពិត​, ជំនួយ​អាចជា​ចំណែក​តូច​មួយ​នៃ​ការស្តារ​នេះ ក៏ប៉ុន្តែ​កត្តា ដែល​សំខាន់​មិនអាច​ខ្វះ​បាន​គឺ ការបន្ត​រក្សា បាន​នូវ​យន្តការ​ពហុភាគី​និយម​, សកលភាវូបនីយកម្ម​និយម​, ពាណិជ្ជ​សរី​ភាវូបនីយកម្ម​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង ពិភពលោក​, ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ការវិនិយោគ​, ទេសចរណ៍​អន្តរជាតិ និង ការធ្វើដំណើរ​ជាទូទៅ ។ ក្នុងន័យនេះ​, កម្ពុជា​គាំទ្រ​ពេញទំហឹង នូវ​គំនិត​ផ្តួចផ្តើម​របស់​អគ្គលេខាធិកា​រ អសប អំពី​ការបង្កើត​មូលនិធិ អសប សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ ដែល​ត្រូវបាន​ដាក់ចេញ​កាលពីដើម​ឆ្នាំនេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មកដល់​បច្ចុប្បន្ន​, ជំងឺ​កូ​វីដ​-១៩ បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បានធ្វើឱ្យ​មនុស្ស រាប់សែន​នាក់​បាត់បង់​ជីវិត ។ ក្នុងន័យនេះ​, កម្ពុជា​យល់ឃើញថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩ មិនគួរ​ត្រូវបាន​ប្រទេស ណាមួយ​ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ ខ្លួន​នោះឡើយ ។ ខណៈដែល​ជីវិត​មនុស្ស​រាប់លាន​នាក់ នៅ​ទូទាំង​ពិភពលោក​កំពុងស្ថិត​នៅក្នុង​ហានិភ័យ​, ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះឡើយ ។ ផ្ទុយទៅវិញ​, សាមគ្គីភាព និង ឯកភាពគ្នា​ក្នុង​តំបន់ និង​ជា សកល គឺជា​ធាតុ​សកម្ម​មិនអាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​បែបនេះ ។​

​បន្ថែម​លើ​នេះ​, ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា​, ប្រកបដោយ​ភាព​ហ្មត់ចត់​, ក្រោម​យន្តការ​ពហុភាគី​និយម​, និង​ការគោរព​ច្បាប់​អន្តរជាតិ​, គោរព​អធិប តេ​យ្យ​ភាព​របស់​រដ្ឋ​នីមួយៗ​, ទោះជា​រដ្ឋ​នោះ ធំ ឬ តូច​, មាន ឬ ក្រ ក៏ដោយ​, ដោយមាន អសប និង អង្គការ​សុខភាព​ពិភពលោក ជា​ស្នូល ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ក្នុង​ការស្នើ​ឱ្យមាន​សម័យ​ប្រជុំ​ពិសេស​ស្តីពី «​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩» នេះ ដើម្បី​ប្រមូលផ្តុំ​ការឆ្លើយតប​ជារួម និង សកល ពី​សហគមន៍​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ៕​ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×