ភ្នំពេញ៖ លោកឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា សូមថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនជឿលើការញុះញង់របស់ក្រុមជ្រុលនិយម ឱ្យរៀបចំទិវាជនមានពិការភាព ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។
លោកឯម ច័ន្ទមករា បានថ្លែងថា ក្នុងនាមឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកសូមថ្លែងអំណរគុណ ចំពោះជនមានពិការភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានជឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខមាលភាពរបស់បងប្អូនជនមានពិការភាពពិតប្រាកដ។
បើទោះបីជាឆ្នាំនេះ យើងមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពក្តី ក៏ប៉ុន្តែការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ការលើកកម្ពស់សិទ្ធិជនមានពិការភាព នៅព្រះរាជាណាចក្រកម្ពុជា របស់យើងនៅតែបន្តអនុវត្តជារៀងរាល់ថ្ងៃ ក្នុងទិសដៅធ្វើឲ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើង ពិសេសសុខុមាលភាព និងសុខទុក្ខរបស់បងប្អូនដែលមានពិការភាពគឺជាការយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
យើងមិនបានរៀបចំទិវានេះឱ្យមានរូបភាពធំដូចឆ្នាំរាល់ដងមែន ក៏ប៉ុន្តែព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចបានចេញព្រះរាជសារ ផ្ដាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកស្រឡាញ់ជាទីបំផុត អំពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមព្រះមហាក្សត្រ ព្រះអង្គបានជូនពរដល់បងប្អូននិងក្មួយៗ មានពិការភាពគ្រប់រូប និងគ្រប់ក្រុមគ្រួសារសូមមានសុខភាពល្អសុភមង្គល ជៀសផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩ផងដែរ ពិសេសសូមជនមានពិការភាពទាំងអស់ ផ្អាកការជួបជុំតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលមានភាពប៉ិនប្រសព្វឈ្លាសវៃក្នុងការបង្ការនិងទប់ស្កាត់នៃមេរោគកូវីដ-១៩នេះ។
ទន្ទឹមនឹងនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារជូនជនរួមជាតិ ពិសេសជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានសំដែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខ របស់ជនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានរៀបចំប្រារព្ធទិវាជនពិការកម្ពុជាលើកទី ២២ និងអន្តរជាតិលើកទី ៣៣ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និងក្រោមជាតិក្តីក៏មានការចាត់តាំង មានការចុះសួរសុខទុក្ខនៅតាមមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនជនមានពិការភាព ព្រោះរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់មានឆន្ទៈមុះមុត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជាក៏សូមលើកទឹកចិត្តឲ្យបងប្អូនជុំជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយសុខមាលភាពជនមានពិការភាពឲ្យកាន់តែប្រសើរឡើងដើម្បីជាប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
បើតាមការគ្រោងទុក ការចុះសួរសុខទុក្ខបងប្អូនមានពិការភាព គឺអាចធ្វើឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺរង់ចាំភាពស្ងប់ស្ងាត់នៃការវិវត្តជំងឺកូវីដ១៩សិន ទើបក្រុមការងារមានភាពងាយស្រួលក្នុងការចុះសួរសុខទុក្ខបងប្អូនដែលមានពិការភាពទៅដល់ទីកន្លែងរស់នៅផ្ទាល់បាន”។
ខ្ញុំសូមចាត់ទុកការបំផុសបំផុលរបស់អ្នកដែលមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាល ឱ្យមានការជួបជុំក្នុងទ្រង់ទ្រាយធំ ពោលរៀបចំប្រារព្ធទិវាជនមានពិការភាពនៅឆ្នាំនេះ គឺជារឿងញុះញង់ខុសទំនង និងខុសកាលៈទេសៈ ផ្ទុយទៅវិញ គឺជាការរុញឱ្យជនមានពិការភាពប្រឈមហានិភ័យគ្រោះថ្នាក់ឆ្លងជំងឺកូវីដ-១៩ទៅវិញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ