បាត់ដំបង៖ នគរបាលស្រុកឯកភ្នំនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង បង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់ នៅចំណុចបឹងនរាអូរក្របីស្អុយ(អតីតឡូតិ៍លេខ០២បាត់ដំបង) ដោយធ្វើការដុតបំផ្លាញចោលនូវសាច់មងប្រវែង៥,៥០០ម៉ែត្រ-បង្កោលឈើចំនួន១,៥០០ដើម-ឡុក សម្រាប់ចាប់ត្រីចំនួន ២១ឡុក បានចាក់លែងត្រីចម្រុះចំនួន១០០គីឡូក្រាមទៅក្នុងទឹកបឹងទន្លេវិញ។
នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាព រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង ចូលរួមក្នុងសកម្មភាពបង្ក្រាប បទល្មើសនេសាទដោយខុសច្បាប់ នៅចំណុចបឹងនរាអូរក្របីស្អុយ (អតីតឡូតិ៍លេខ០២បាត់ដំបង) ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សកម្មភាពបង្ក្រាបនេះដឹកនាំដោយ លោក ម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ រួមជាមួយមន្ត្រីផ្នែកជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។
ជាលទ្ធផលសម្រេចបានដោយធ្វើការដុតបំផ្លាញចោល នូវសាច់មងប្រវែង៥,៥០០ម៉ែត្រ-បង្កោលឈើចំនួន១,៥០០ដើម-ឡុក សម្រាប់ចាប់ត្រីចំនួន ២១ឡុក បានចាក់លែងត្រីចម្រុះចំនួន១០០គីឡូក្រាម ទៅក្នុងទឹកបឹងទន្លេវិញ ក្រៅពីនោះបានធ្វើការអប់រំឱ្យអ្នកប្រព្រឹត្តតិចតួចឱ្យរុះរើឧបករណ៍ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង និងណែនាំឱ្យបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត រីឯអ្នកប្រព្រឹត្តិល្មើសដោយទ្រង់ទ្រាយធំអាជ្ញាធរ និងសមត្ថកិច្ចជំនាញបានស្រាវជ្រាវកំណត់អត្តសញ្ញាណ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសនៅពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ