Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បុរសម្នាក់ស្រវឹងជោកបើករថយន្តបុកសមត្ថកិច្ចឲ្យរបួសធ្ងន់ ពេលដាក់ប៉ុស្តិ៍ត្រួតបទល្មើសចរាចរណ៍ នៅខណ្ឌឬស្សីកែវ

spot_img

ភ្នំពេញ៖ កម្លាំងនគរបាល តាមចាប់ បុរសម្នាក់បើករថយន្ត Lexus ដោយមានអការៈស្រវឹងខ្លាំង បុកសមត្ថកិច្ចនគរបាលនៅពេលដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅតាមផ្លួវជាតិលេខ៥ ក្នុងសង្កាត់-ខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅមូលដ្ឋានខណ្ឌឬស្សីកែវ ពេលនោះស្រាប់តែជនបង្កបានបើករថយន្តមក ហើយកម្លាំងក៏ឲ្យចូលទៅក្នុងកន្លែងត្រួតពិនិត្យ រួចនគរបាលម្នាក់ បានលើកដៃគោរពសួរនាំ និងចង់ត្រួតពិនិត្យជាតិស្រវឹង ស្រាប់តែ ជននោះ មិនបានស្តាប់ការណែនាំ ក៏ជាន់ហ្គែបន្ថែមបំបុកកម្លាំងនគរបាលបណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា “បន្ទាប់ពីបង្កសកម្មភាពបទល្មើសនេះ ជនបង្កបានបើករថយន្តរត់គេចខ្លួន នៅពេលនោះ ខ្ញុំបានបញ្ជាឲ្យអធិការតាមខណ្ឌ​ ចេញកម្លាំងតាមស្ទាក់ចាប់ រហូតឃាត់ខ្លួនបានទាំងមនុស្ស និងរថយន្ត​។ ករណីនេះខ្ញុំគិតថា វាជាអំពើប៉ងឃាតកម្មរបស់ជនេះ”។

ដោយឡែកជនរងគ្រោះឈ្មោះ ហ៊ុល ចាន់រាសី អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ​ពីព្រោះជនរងគ្រោះ មានឈាមហូរនៅក្នុងស្រោមខួរក្បាល ។ ចំណែកជនល្មើសពុំទាន៉ស្គាល់អត្តសញ្ញាណនៅឡើយ។ សម្រាប់ជនបង្ក និងរថយន្តរបស់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីជាធរមាន ដោយមិនអាចលើកលែងឲ្យបាននោះទេ។

លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា អ្នកបើករថយន្តរូបនេះមានអការៈស្រវឹងខ្លាំង ហើយនៅពេលនេះត្រូវបាននាំខ្លួនមកកាន់ការិយាល័យដើម្បីសួរនាំ និងចាត់ការបន្តហើយជននេះមានចេតនាពេញទំហឹងតែម្តង ដោយពេលបើកចូលកន្លែងប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសចរាចរណ៍នោះ ក៏បើករុលទៅមុខរហូត ក៏បុកចំនគរបាលរងគ្រោះបណ្តាលឲ្យដួលបោកក្បាលទៅក្រោយរងរបួសធ្ងន់តែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×