Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្រ្តីម្នាក់រកស៊ីលក់អនឡាញ ដើម្បីអប់រំ ករណីថា ផ្សារជម្ពូវ័ន្តបិទហើយអ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ

spot_img

ភ្នំពេញ៖នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ស្រ្តីម្នាក់រកស៊ីលក់អនឡាញជា ម្ចស់គណនីឈ្មោះ Ka Piink បានបង្ហោះសារ ដែលមានខ្លឹមសារថា” ផ្សារជម្ពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ”។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3 ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។

កាលពីថ្ងៃទី2 ខែធ្នូ ឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា” ផ្សារជម្ពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ដោយឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី លោកឆៃ ស៊ូណារិទ្ធ បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់ការចែកចាយព័ត៌មាន ដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។

នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង 2 រសៀល នាយកដ្ឋានប្រឆាំងបទល្មើសបច្ជេកវិទ្យា បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។

លោក យ៉ូង សុវណ្ណ នាយផ្នែកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភ័ក្កិតាម messenger ដោយខ្វះការពិចារណាខ្លួន ក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនី បន្ទាប់មកខ្លួនក៏លុបចេញទៅវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើន ដែលធ្វើឲ្យមានការភាន់ច្រឡំពីមហាជន បន្ទាប់មកនារីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំលឹក ដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលដែលបង្ហោះទៅក្នុងបណ្ដាញសង្គម ជៀសវាងបង្ហោះព័ត៌មានណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ដែលអាចប្រឈមមុខនឹងច្បាប់ និងបង្កភាពចលាចលដល់សង្គមជាតិទាំងមូល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×