Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ លោកស្រី ឆែម សូ​នី​តា និង​លោក តាំង សេ​វិ​ន​អាប់ ត្រូវ​មក​ធ្វើតេស្ដ​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​បានប្រកាសថា បុគ្គល​២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ​៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ​៤២​ឆ្នាំ អាច​ឆ្លង​វីរុស​កូ​វីដ​-១៩ មុនគេ និង​ជា​ករណី​ជាសះស្បើយ ក្រោយ​ការបង្ក​រោគ​ហើយ​និង​ដែល​អាចជា​ប្រភព​ទី​១ នៃ​ការចម្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពី​ករណី​នាំ​ចូលមក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​លោកស្រី ឆែម សូ​នី​តា (​កូនស្រី​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​) និង​លោក តាំង សេ​វិ​ន​អាប់ ដែលជា​អ្នក​ចម្លងជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ដំបូង​គេ មក​ធ្វើតេស្ដ​ជាបន្ទាន់ ទោះជា​មិន​ចេញ​រោគសញ្ញា​អ្វី​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ដ​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម​ទៅតាម​មន្ទីរពេទ្យ​ខេត្ត ដែល​លោកអ្នក​ស្នាក់នៅ​។​

​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា កាលដែល​ក្រសួង​តម្រូវ​ឲ្យ​ធ្វើបែបនេះ គឺ​ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ខណៈ​បុគ្គល​ទាំង​ពីររូប​ខាងលើ បាន​ឆ្លង​បន្ដ​ពី​ករណី​នាំចូល​ជំងឺ​កូ​វីដ​-១៩ ពី​ក្រៅប្រទេស​។​
​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា បុគ្គល​២​នាក់ គឺ​ឈ្មោះ ឆែម សូ​នី​តា និង​ឈ្មោះ តាំង សេ​វិ​ន​អាប់ គឺជា​ប្រភព​ដំបូង​នៃ​ការចម្លង​ចូល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​អាចជា​ករណី​នាំចូល​តាំងពី​ខែតុលា ឆ្នាំ​២០២០​មក​ម្លេះ​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​ការបន្ត​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។​

​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ស្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នា​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​រួចមក ក្រុមការងារ​អន្តរក្រសួង ទទួលបន្ទុក​រុករក​ស្រាវជ្រាវ​រួមគ្នា​ជាមួយនឹង​ក្រុមការងារ របស់​ក្រសួងសុខាភិបាល បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នេះ ជា​បន្តទៀត​។​

​ក្រសួង​បន្តថា តាម​ការពិភាក្សា ក្នុង​ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក្រុម​ស្រាវជ្រាវ​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ជាមួយនឹង​អ្នកជំនាញការ​អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ និង​ដោយ​យោងតាម​ព័ត៌មាន ទទួលបាន​ពី​ការធ្វើ​សម្ភាស​ផ្ទាល់​ជាមួយ​ករណី​ពាក់ព័ន្ធ ការសិក្សា​អេ​ពី​ដេ​មី​សាស្ត្រ និង​ការសិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាមបែប​វិទ្យាសាស្ត្រ របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​ប្រភេទ​វីរុស​កូ​វីដ​-១៩ ដែល​អាច​ចម្លង​មកពី​ក្រៅប្រទេស និង​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ក្រុមការងារ​អាច​ទាញ​ការសន្និដ្ឋាន​ជា​បន្តទៀត ដោយ​ផ្អែកលើ​៖

១) លំដាប់លំដោយ​នៃ​ការចេញ​រោគសញ្ញា និង​ហេតុការណ៍​សកម្មភាព​ទំនាក់ទំនង​គ្នា​ក្នុងសង្គម​
២)​ការវិវត្ត​នៃ​ចំនួន​មេរោគ​តាមបែប​ភី​ស៉ី​អែរ (PCR Test)
៣) ទំនាក់ទំនង​ទទួលបាន​ពី​ការវិភាគ​វត្ថុ​សំណាក់​អ្នកជំងឺ​បែប​បំបែក​បន្តៗ​គ្នា (Sequencing Covid-19 virus sample)
៤) តាម​ការពិចារណា​ដោយ​ហ្មត់ចត់​នៃ​អង្គ​បដិបក្ខ (Antibody) ដោយ​ពិនិត្យ​លើ​វត្ថុ​សំណាក​ឈាម​របស់​អ្នកជំងឺ​។​

​លទ្ធផល​នៃ​ការពិភាក្សា ត្រូវបាន​បង្ហាញជូន​ដូចតទៅ​៖

១) បុគ្គល ២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ អាច​ឆ្លង​វីរុស​កូ​វីដ​-១៩ មុនគេ និង​ជា​ករណី​ជាសះស្បើយ ក្រោយ​ការបង្ក​រោគ​ហើយ​និង​ដែល​អាចជា​ប្រភព​ទី​១ នៃ​ការចម្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពី​ករណី​នាំ​ចូលមក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។​

២) បុគ្គល ៧​នាក់ (​ស្ត្រី​ឈ្មោះ ហេង គង់ អាយុ ៥៦​ឆ្នាំ បុរស​ឈ្មោះ ឆែម សាវុធ អាយុ ៥៧​ឆ្នាំ កុមារា​ឈ្មោះ កែវ រតនៈ​បញ្ញា អាយុ ១២​ឆ្នាំ ស្ត្រី​ឈ្មោះ លឹម លម្អ អាយុ ២៤​ឆ្នាំ ស្ត្រី​ឈ្មោះ អ៉ី​វ ប៊ុន​សូលី​ដា អាយុ ៣៦​ឆ្នាំ បុរស​ឈ្មោះ អែម សាន អាយុ ៣៦​ឆ្នាំ និង​បុរស​ឈ្មោះ សេង ឆាយា អាយុ ៣០​ឆ្នាំ​) កំពុងមាន​ជំងឺ​ស្ថិតនៅក្នុង​ដំណាក់កាល​ក​ណ្តា​ល ឆ្ពោះទៅរក​ការ​ជាសះស្បើយ​។​

៣) បុគ្គល ៤​នាក់ (​ស្ត្រី​ឈ្មោះ ឆែម សុភាព អាយុ ៣៦​ឆ្នាំ ស្ត្រី​ឈ្មោះ អ៊ុ សុវណ្ណារ៉ា អាយុ ៦៤​ឆ្នាំ ស្ត្រី​ឈ្មោះ សេង លីន អាយុ ២១​ឆ្នាំ និង​បុរស​ឈ្មោះ ឡាយ សេង​លី អាយុ ២៣​ឆ្នាំ​) កំពុងមាន​ជំងឺ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការឆ្លង​រោគ​។​

៤)​បុគ្គល ៤​នាក់ (​បុរស​ឈ្មោះ លឹម ស្នែ​គំនិត អាយុ ៣១​ឆ្នាំ បុរស​ឈ្មោះ អេង ហាក់​សេង អាយុ ៣២​ឆ្នាំ ស្ត្រី​ឈ្មោះ អេង គឹម​ហៀក អាយុ ៥៦​ឆ្នាំ និង​បុរស​ឈ្មោះ ស៊ឹម សុផាន់​ណា​រ៉ាត់ អាយុ ៣៥​ឆ្នាំ​) អាច​មិន​ឆ្លង ឬក៏​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មេរោគ​សម្ងំ​នៅឡើយ (Incubation period) ដោយ​រក​មិនឃើញ​អង្គ​បដិបក្ខ (Antibody) និង​មិនទាន់​ឃើញ​មាន​វីរុស​កូ​វីដ​-១៩ (​ដែល​ត្រូវ​រងចាំ​ពិនិត្យ​តេស្ត​លើក​ទី​ពីរ​ទៀត​)​។​

៥) ការរៀបរាប់​ខាងលើ គឺជា​សម្មតិកម្ម ដែល​ក្រុមការងារ​ទទួលបាន​ពី​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង្ហាញថា មាន​បុគ្គល ២​នាក់ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ជា​ករណី​ឆ្លង​ដំបូង​គេ​នៃ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​ពួកគាត់​អាច​ឆ្លង​បន្ត​ពី​ករណី​នាំចូល​វីរុស កូដ​-១៩ ពី​ក្រៅប្រទេស​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបង្ហាញ​វិធានការ និង​ទិសដៅ​បន្ទាប់​មួយចំនួន រួមមាន​៖

១) ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅតាម​រាជធានី​-​ខេត្ត ដឹងខ្លួន​ថា​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង ២​នាក់​ខាងលើនេះ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម​នៅតាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោកអ្នក​ស្នាក់នៅ​។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​លោកអ្នក ទៅធ្វើ​តេស្ត​ដោយ​យក​វត្ថុ​សំណាក នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ រាល់​ម៉ោង​ធ្វើការ​។​

២) សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការអំពាវនាវរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួចហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។​

៣) ក្រុមការងារ​ចម្រុះ នឹង​បន្ត​ការស្រាវជ្រាវ​រុ​រក​ជា​ប្រភព​ចម្លង និង​ការពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ជា​បន្តទៀត​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួងសុខាភិបាល បាន​សំណូមពរ​សាធារណ សូម​រក្សា​សភាព​ហ្នឹង​នរ​ចូលរួម​សហការ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) បើ​មិនមាន​ការចាំបាច់ សូម​នៅក្នុង​ផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យ​បានល្អ និង​មិនត្រូវ​មានការ​ជួបជុំគ្នា​ច្រើន​កុះករ (​លើសពី ២០​នាក់​) នោះឡើយ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​
​ករណី​ជំងឺ កូ​វីដ​-១៩ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទូរស័ព្ទ​លេខ​៖ ០១២ ៨២៥
៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨​។​

​គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣៤៥​នាក់ (​ស្ត្រី ៨០​នាក់ និង​បុរស ២៦៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៥​នាក់​។ ក្នុងនោះ​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​៣៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​៕​

រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×